អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា​នឹង​មាន​ប្រព័ន្ធ​ផ្កាយ​រណប​បង្ហាញ​ផ្លូវ​GPS ផ្ទាល់​ខ្លួន​នៅ​ឆ្នាំ​២០១៥

បន្ទាប់​ពី​ប្រទេស​ចិន ឥលូវ​ដល់​វេន​ឥណ្ឌា​​ម្តង​ដែល​មាន​​ប្រព័ន្ធ​បង្ហាញ​ផ្លូវដោយ​ផ្កាយ​រណបជា​របស់​ខ្លួន​ផ្ទាល់។ ផ្កាយ​រណប​ទី​មួយ​​បាន​បង្ហោះ​ចេញ​ ទៅក្នុង​តារាវិថី នៅ​ថ្ងៃ​នេះ ប្រកប​ដោយ​ជោគជ័យ​ ហើយ​ក្នុង​អំឡុង​ពេល​ពីរ​ឆ្នាំ​ទៀតប៉ុណ្ណោះ ប្រព័ន្ធ​GPS ឥណ្ឌានឹង​​អាច​​ផ្តើម​ធ្វើ​ប្រតិបត្តិការ​បាន​យ៉ាង​ពេញ​លេញ។

ការ​បង្ហោះ​ផ្កាយ​រណប​បារាំង Spot 6 នៅSriharikota ប្រទេស​ឥណ្ឌា ថ្ងៃ​ទី​៩​កញ្ញា ២០១២
ការ​បង្ហោះ​ផ្កាយ​រណប​បារាំង Spot 6 នៅSriharikota ប្រទេស​ឥណ្ឌា ថ្ងៃ​ទី​៩​កញ្ញា ២០១២ REUTERS
ផ្សាយពាណិជ្ជកម្ម

GPS ​ប្រព័ន្ធ​បង្ហាញ​ផ្លូវ​​ដោយ​ផ្កាយ​រណប​របស់​ឥណ្ឌា (IRNSS) ដែល​ មាន​លក្ខណៈ​ស្រដៀងនឹង​ប្រព័ន្ធ​GPS របស់​អាមេរិក នឹង​អាច​ដំណើរ​ការ​នាំ​ផ្លូវ សំរាប់​បំរើ​បំរាស់​ជា​លក្ខណៈ​ស៊ីវិលផង និង​យោធា​ផង។ ដើម្បី​ឱ្យ​ប្រព័ន្ធ​បង្ហាញ​ផ្លូវ​អាច​​ធ្វើ​ប្រតិបត្តិការ​ទៅ​រួច ផ្កាយ​រណប​ទី​មួយ​ត្រូវ​បាន​បង្ហោះ​ចេញ​ទៅកាន់​តារាវិថី នៅ​យប់​មិញ​ ពី​ស្ថានីយ៍អវកាស​ក្នុង​​រដ្ឋ​ Andhra Pradesh។ ផ្កាយ​រណប​៦​ទៀត នឹង​ត្រូវ​​បង្ហោះ​ចេញ​ពី នៅ​រៀង​រាល់​៦​ខែ ក្នុង​អំឡុង​ពេល​ពី​៣០​ទៅ​៣៦​ខែ។ ពោល​គឺ​នៅ​ឆ្នាំ​២០១៥ ប្រព័ន្ធ​ GPSឥណ្ឌា​នឹង​អាច​ដំណើរ​ការ​បាន​យ៉ាង​ពេញ​លេញ។

 
ប្រព័ន្ធ​GPS​ឥណ្ឌា​នេះ​ អាច​ផ្តល់​ព័ត៌មាន​​និង​សេវាបង្ហាញ​​​ផ្លូវ​ក្នុងពេញ​​ផ្ទៃ​ប្រទេស​ ​ទាំងមូល​ផង និង​ក្នុង​រង្វង់​រហូត​ដល់​១៥០០​គម ក្រៅ​ព្រំដែន។ មិន​តែ​ប៉ុណ្ណោះ ប្រព័ន្ធ​ GPS​ឥណ្ឌា​នេះ ​នឹង​មាន​សេវា​ពាណិជ្ជកម្ម​ ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​គ្រោះ​ធម្មជាតិ ព្រមទាំង​អាច​ជួយ​ក្រុមយោធា​ជើង​ទឹក និង​ជើង​អាកាស​ក្នុង​ការ​ធ្វើ​បំលាស់​ទី​ផង។

សូម​បញ្ជាក់​ថា​ឥណ្ឌា​បង្ហោះ​​ផ្កាយ​រណប​ទី​មួយ​របស់​ខ្លួន​នេះ តែ​ប៉ុន្មាន​ខែ​ក្រោយ​ការ​បង្ហោះ​ប្រព័ន្ធ GPSចិន ដែល​មាន​ឈ្មោះ​ថា​ Beidou។ តាម​ការពិត​ ឥណ្ឌា​បង្កើត​កម្មវិធី​​​អវកាស​នេះ​ ដើម្បី​ជា​មោទនភាព​ជាតិ និង​រត់​តាម​ប្រទេស​ជិត​ខាង​ដូច​យ៉ាង​ចិន ប៉ុន្តែ​កំពុង​ធ្វើ​ឱ្យ​មាន​ការ​ប្រទាញ​ប្រទង់​យ៉ាង​ខ្លាំង​ ព្រោះ​តែ​ត្រូវ​ចំណាយ​ខ្ពស់ ឯ​ប្រទេស​កំពុង​ស្ថិត​ក្នុង​បរិបទ​កំណើន​សេដ្ឋកិច្ច​បន្ថយ​ល្បឿន មិន​អាច​ប្រយុទ្ធ​ឈ្នះ​នឹង​ភាពក្រីក្រ​ និង​ភាព​អត់ឃ្លាន​ ប្រកប​ដោយ​ប្រសិទ្ធិភាព។ បើ​តាម​អាជ្ញាធរ​ឥណ្ឌា​ កម្មវិធី​បង្កើត​ប្រព័ន្ធ​ GPS​នេះ តំណាង​ឱ្យ​ប្រមាណ​១៨៣​លាន​អឺរ៉ូ។

ប្រព័ន្ធ​ GPSចិន​ ដែល​ផ្តល់​​សេវា​សំរាប់​​​តំបន់​អាស៊ី​ តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០១២​មក មាន​ផ្កាយ​រណប​សរុប​ចំនួន​១៦ ហើយ​ចិន​គ្រោង​នឹង​បង្ហោះ​ផ្កាយ​រណប​បន្ថែមទៀត​ឱ្យ​បាន​គ្រប់​៣០​​ ដើម្បី​ធានា​សេវា​បាន​ទូទាំង​ពិភពលោក នៅ​ឆ្នាំ​២០២០។ ប្រទេសជិត​ខាង​​ជា​គូ​ប្រជែង​ប៉ា​គីស្ថាន ក្លាយ​ជា​ប្រទេស​ទី​៥​ដែល​ជ្រើសរើស​ប្រើប្រាស់​ប្រព័ន្ធ​ GPSចិន​ ។ នេះ​បើ​តាម​China Daily កាលពី​ខែ​ឧសភា​ កន្លង​ទៅ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ