អានតួអត្ថបទ
ឥណ្ឌា-រុស្ស៊ី

ឥណ្ឌា​ចុះកិច្ចសន្យា​ទិញ​គ្រឿងសព្វាវុធ​ពី​រុស្ស៊ី

នៅថ្ងៃ​សៅរ៍នេះ លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ណារិនដ្រា ម៉ូឌី និង​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​​​ជាច្រើន ទាក់ទង​នឹង​វិស័យ​យោធា និង​ថាមពល។ ការ​ចុះហត្ថលេខា​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​លោក​ពូទីន កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដើម្បី​ចូលរួម​ក្នុង​ជំនួបកំពូល​ក្រុ​មប្រទេស​ដែល​ទើប​នឹង​រីកលូតលាស់​ថ្មី (ហៅកាត់​ថា BRICS) ដែល​រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាង​ត្បូង។

លោក​វ៉្លាឌីមៀរ ពូទីន​ ប្រធានាធិបតី​រុស្ស៊ី និង​លោក​ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី​ឥណ្ឌា ថ្ងៃ​សៅរ៍ ទី១៥តុលា ២០១៦
លោក​វ៉្លាឌីមៀរ ពូទីន​ ប្រធានាធិបតី​រុស្ស៊ី និង​លោក​ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី​ឥណ្ឌា ថ្ងៃ​សៅរ៍ ទី១៥តុលា ២០១៦ Sputnik/Kremlin/Konstantin Zavrazhin via REUTERS
ផ្សាយពាណិជ្ជកម្ម

កិច្ចសន្យា​ដែល​លោក​ម៉ូឌី និង​លោក​ពូទីន បាន​ចុះ កាលពីថ្ងៃ​សៅរ៍ មាន​រហូតដល់​ទៅ​ ២០​កិច្ចសន្យា ក្នុងនោះ រួមមាន ការ​ព្រមព្រៀង​បោះទុន​វិនិយោគ រហូតដល់​ទៅ ១៣ពាន់លាន​ដុល្លារ ដោយ​ក្រុមហ៊ុន​ប្រេង​រុស្ស៊ី និង​ការ​ពង្រីក​រោងចក្រ​អគ្គិសនី​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ឥណ្ឌា។

ចំណែក​ឯ​ក្នុង​វិស័យ​កា​រពារជាតិ​វិញ គឺ​ទាក់ទង​នឹង​ការ​ទិញ​ឧទ្ធាម្ភាគចក្រ​យោធា​​រុស្ស៊ី ចំនួន ២០០គ្រឿង និង​នាវាចម្បាំង ៤គ្រឿង ដែល​នឹង​ត្រូវ​ផលិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ លោក​ម៉ូឌី និង​លោក​ពូទីន ក៏បាន​ព្រមព្រៀង​គ្នា​ផងដែរ ទៅលើ​កិច្ចសន្យា​​លក់​ប្រព័ន្ធ​មីស៊ីល​ការពារដែន​អាកាស​​ធុន S-400 ដែល​ជា​ប្រព័ន្ធ​ការពារ​ដែន​អាកាស​​ដ៏ទំនើប​ចុងក្រោយ​របស់​រុស្ស៊ី អាច​បាញ់​ទម្លាក់​ទាំងយន្តហោះ និង​មីស៊ីល។ ប្រព័ន្ធ​មីស៊ីល​ការពារដែន​អាកាស ដែល​រុស្ស៊ី​ទើប​នឹង​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

គួរបញ្ជាក់ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ឥណ្ឌា​កំពុង​ធ្វើ​ទំនើបកម្ម​កងទ័ព​របស់​ខ្លួន ដោយ​គ្រោង​ចំណាយលុយ​រហូតដល់​ទៅ ១០០ពាន់លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្លាស់ប្តូរ​គ្រឿងសព្វាវុធ​ចាស់ៗ ដែល​បន្សល់ទុក​តាំង​ពី​សម័យ​សង្រ្គាម​ត្រជាក់ ហើយ​ដែល​ភាគច្រើន ទិញ​ពី​សហភាព​សូវៀត ដែល​កាលណោះ ប្រទេស​ទាំងពីរ គឺ​ជា​សម្ព័ន្ធមិត្ត​យ៉ាងជិត​ស្និទ្ធ​នឹងគ្នា។

ក៏ប៉ុន្តែ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​ថា ឥណ្ឌា​បាន​ងាក​ទៅ​ទិញ​គ្រឿងសព្វាវុធ​ពី​អាមេរិក និង​បារាំង ក្នុងពេល​ដែល​​រុស្ស៊ី​​​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប៉ាគីស្ថាន និង​ចិន ដែល​ជា​គូសត្រូវ​របស់​ឥណ្ឌា។

កាលពីថ្ងៃ​សៅរ៍ ក្រោយ​ពី​បាន​ជួប​ជជែក​ជាមួយ​នឹង​លោក​ពូទីន លោក​ម៉ូឌី​បាន​ហៅ​ថា លោក​ប្រធានាធិបតី​រុស្ស៊ី​ថាជា “មិត្តចាស់” ហើយ​ថា ការ​ចុះ​កិច្ចសន្យា​លើ​វិស័យ​ការពារជាតិ និង​ថាមពល​នេះ គឺ​ជា​ការ​ចាក់គ្រឹះ ដើម្បី​ឈាន​ទៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ខាង​ផ្នែក​យោធា និ​ងសេដ្ឋកិច្ច រវាង​ឥណ្ឌា និង​រុស្ស៊ី នៅ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​តទៅខាងមុខ។

ប្រមុខដឹកនាំ​ទាំងពីរ​ក៏​បាន​ជជែក​គ្នា​ផងដែរ អំពី​​ការ​គំរាមកំហែង​ភេរវកម្ម ទាំង​ភេរវកម្ម​​នៅ​ក្នុង​តំបន់ និង​ភេរវកម្ម​អន្តរជាតិ​នៅ​ទូទាំង​ពិភពលោក។ ក៏ប៉ុន្តែ គេ​មិនបាន​ដឹង​ច្បាស់ទេ​ថា តើ​នៅ​ក្នុង​​ការ​ជជែក​ពី​បញ្ហា​ភេរវកម្ម​នេះ លោក​ម៉ូឌី និង​លោក​ពូទីន បាន​​និយាយ​​​ដែរ​ឬទេ អំពី​ភាព​តានតឹង ដែល​កំពុងតែ​កើតឡើងយ៉ាងខ្លាំង នៅ​ក្នុង​តំបន់​កាស្មៀរ រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន។ ជម្លោះ ដែល​រុស្ស៊ី​ព្យាយាម​មិន​លូកដៃ​ចូល ដោយ​មិន​ចង់​ឲ្យ​មាន​ការ​ថ្នាំងថ្នាក់​ជាមួយ​នឹង​ប៉ាគីស្ថាន ដែល​​បច្ចុប្បន្ន​នេះ រុស្ស៊ី​កំពុងតែ​ព្យាយាម​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​យោធា​យ៉ាងខ្លាំង​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ