ប្រធានាធិបតីឥណ្ឌូណេស៊ីជិះនាវាចម្បាំងត្រួតពិនិត្យមើលប្រជុំកោះដែលជាប់ជម្លោះនៅសមុទ្រចិនខាងត្បូង
លោកចូកូវីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានធ្វើដំណើរតាមនាវាចម្បាំង នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីទៅពិនិត្យមើលតំបន់កោះ ដែលកំពុងជាប់ជម្លោះជាមួយចិន នៅក្នុងសមុទ្រចិនខាងត្បូង។ ដំណើរទស្សនកិច្ចនេះទំនងជាធ្វើឡើង ដើម្បីចង់បង្ហាញពីជំហរតឹងរ៉ឹងរបស់ឥណ្ឌូណេស៊ីចំពោះចិន នៅក្រោយពីមានការប្រឈមមុខដាក់គ្នា កាលពីសប្តាហ៍មុន រវាងនាវាចម្បាំងឥណ្ឌូណេស៊ី និងទូកនេសាទចិន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៤
លោកចូកូវីដូដូ អមដំណើរដោយអគ្គបញ្ជាការកងទ័ព ព្រមទាំងរដ្ឋមន្រ្តីជាច្រើនរូប បានធ្វើដំណើរទៅកាន់មូលដ្ឋានកងទ័ពជើងទឹក នៅលើកោះមួយរបស់ឥណ្ឌូណេស៊ី ដែលស្ថិតក្នុងតំបន់សមុទ្រចិនខាងត្បូង រួចហើយឡើងជិះនាវាចម្បាំង អមដោយនាវាចម្បាំងតូចធំ ព្រមទាំងយន្តហោះចម្បាំងជាច្រើនគ្រឿង ដើម្បីធ្វើដំណើរត្រួតពិនិត្យមើលតំបន់ជុំវិញនោះ។ លោកប្រធានាធិបតីឥណ្ឌូណេស៊ីក៏បានកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជានិមិតរូបមួយដែរ នៅលើនាវាចម្បាំងនោះ។
គួរបញ្ជាក់ថា នាវាចម្បាំងនេះហើយ ដែលបានស្ទាក់ចាប់ទូកនេសាទចិន កាលពីសប្តាហ៍មុន ដោយចោទថា បានចូលមកក្នុងដែនទឹករបស់ឥណ្ឌូណេស៊ីដោយខុសច្បាប់។ ការចាប់ទូកនេសាទ និងនាវិកចិន ដែលបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំង ពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង។
រដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិ ដែលអមដំណើរលោកចូកូវីដូដូ នៅព្រឹកមិញនេះ បានប្រាប់សារព័ត៌មានឥណ្ឌូណេស៊ី The Jakarta Post ថា ដំណើរទស្សនកិច្ចមកក្នុងតំបន់ប្រជុំកោះនៅសមុទ្រចិនខាងត្បូងនេះ គឺធ្វើឡើង ដើម្បីជាការបង្ហាញឲ្យឃើញពីជំហរដ៏មុតមាំរបស់ឥណ្ឌូណេស៊ី ក្នុងការការពារអធិបតេយ្យភាពដែនដីរបស់ខ្លួន។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៤ របស់អាស៊ាន ដែលកំពុងជាប់ជម្លោះជាមួយចិន ក្នុងសមុទ្រចិនខាងត្បូង។ ក៏ប៉ុន្តែ ខុសពីប្រទេសផ្សេងទៀត ឥណ្ឌូណេស៊ី និងចិន មិនមានជម្លោះទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនទឹកនោះទេ តែជាជម្លោះទាក់ទងនឹងការទាមទារតំបន់សេដ្ឋកិច្ចផ្តាច់មុខដែលត្រួតលើគ្នា។ ម្យ៉ាងទៀត គេសង្កេតឃើញថា កាលពីពេលកន្លងមក នៅសមុទ្រចិនខាងត្បូងនេះ ឥណ្ឌូណេស៊ី និងចិន ក៏មិនសូវជាមានការប្រឈមមុខគ្នាខ្លាំង ដូចជា រវាងចិន និងហ្វីលីពីន និងវៀតណាមនោះដែរ។
ការប្រឈមមុខដាក់គ្នា ដែលចាប់ផ្តើមកើនឡើងខ្លាំង តាំងពីសប្តាហ៍មុនមក គឺជាការបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ អំពីបរិយាកាសតានតឹងខ្លាំង នៅមុនការចេញសេចក្តីសម្រេចរបស់តុលាការក្រុងឡាអេ ទាក់ទងនឹងជម្លោះសមុទ្រចិនខាងត្បូង។ សេចក្តីសម្រេចដែលធ្វើឡើងទៅតាមបណ្តឹងរបស់ហ្វីលីពីន ប៉ុន្តែ រដ្ឋាភិបាលក្រុងប៉េកាំងប្រកាសទុកជាមុនថានឹងមិនទទួលស្គាល់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ