អានតួអត្ថបទ
បង់ក្លាដែស

ក្រុមអធិការកិច្ច៖មាន​បញ្ហា​សន្តិសុខ​នៅ​គ្រប់​រោងចក្រ​ផលិត​សម្លៀកបំពាក់​ក្នុង​ប្រទេស​បង់ក្លាដែស

នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ក្រុមអធិការកិច្ច​ដែល​បាន​ចុះ​ទៅ​ធ្វើ​ការ​ស៊ើបអង្កេត​នៅ​ក្នុង​រោងចក្រ​តូច ធំ​ផ្នែក​ផលិត​សម្លៀកបំពាក់​ទើប​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន និង​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដោយ​បញ្ជាក់​ថា មាន​ការ​ធ្វេសប្រហែស​លើ​ផ្នែក​សនិ្តសុខ​ជា​ច្រើន​ករណី​នៅ​ក្នុង​រោងចក្រ​ទំាង​អស់។ គួរ​រម្លឹក​ជូន​ថា ក្រុមអធិការកិច្ច​នេះ​ត្រូវ​បាន​បញ្ជូន​ដោយ​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាក​ល្បីៗ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប និង​ដែល​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​គ្រោះថ្នាក់​បាក់រលំអាគារ​រោងចក្រ​មួយ​នៅ​បង់ក្លាដែស​កាល​ពី​ឆ្នំា ២០១៣ ដោយ​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​ជា​ច្រើន​នាក់។

រូបភាព​នៃ​ការ​បាក់រលំ​អគារកាត់ដេរ​នៅ​រ៉ាណា ប្លាហ្សា​ក្នុង​ប្រទេស​បង់ក្លាដែស កាល​ពី​ខែ​មេសា ឆ្នំា ២០១៣
រូបភាព​នៃ​ការ​បាក់រលំ​អគារកាត់ដេរ​នៅ​រ៉ាណា ប្លាហ្សា​ក្នុង​ប្រទេស​បង់ក្លាដែស កាល​ពី​ខែ​មេសា ឆ្នំា ២០១៣ REUTERS/Andrew Biraj/
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​នោះ ក្រុមអធិការកិច្ច​បាន​រក​ឃើញ​បញ្ហា​សន្តិសុខ​ប្រមាណ​ជា ៨០ ០០០ករណី​នៅ​តាម​រោងចក្រ​ផលិត​សម្លៀកបំពាក់​ចំនួន ១ ១០៦រោងចក្រ​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស និយាយ​ជា​រួម គឺ​គ្មាន​រោងចក្រ​ណា​មួយ​ដែល​មាន​កម្រិត​សន្តិសុខ​តាម​បទដ្ឋានអន្តរជាតិ​ទេ។ លោក​ប្រាដ ឡូវែន ប្រធាន​ក្រុមអធិការកិច្ច​បាន​បញ្ជាក់​ថា នៅ​គ្រប់​រោងចក្រ​ទំាង​អស់ តំាង​ពី​ខ្នាត​តូច ដល់​ខ្នាត​ធំ​សុទ្ធ​តែ​មាន​បញ្ហា​សន្តិសុខ​ដូច​គ្នា ដូច​ជា​រចនាសម្ព័ន្ធ​អគារ​ផុយស្រួយ និង​គ្មាន​បំពាក់​ដោយ​ប្រព័ន្ធ​ពន្លត់អគ្គិភ័យ​ទេ។ យោង​តាម​លោក​ប្រាដ ឡូវែន បញ្ហា​សន្តិសុខ​បាន​ចាប់​ផ្តើម​តំាង​ពី​ការ​ដំឡើង​ម៉ាស៊ីន​ផលិត​សម្លៀកបំពាក់​មាន​ទម្ងន់​ធ្ងន់​ដាក់​នៅ​លើ​ជាន់អគារ​ដែល​មាន​គ្រោង​ឆ្អឹងដែក​តូចៗ ប្រព័ន្ធ​អគ្គិសនី​ប្រកប​ដោយ​គ្រោះថ្នាក់ និង​គ្មាន​ច្រកចេញ​នៅ​ពេល​មាន​អាសន្ន​ទេ។ គួរ​រម្លឹក​ជូន​ថា ក្រុមអធិការកិច្ច​នេះ​ត្រូវ​បាន​បញ្ជូន​ដោយ​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាក​ល្បីៗ​នៅ​អឺរ៉ុប និង​ដែល​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​គ្រោះថ្នាក់​បាក់រលំ​អគារ​មួយ​នៅ​រ៉ាណា ប្លាហ្សា​កាល​ពី​ខែ​មេសា ឆ្នំា ២០១៣ ដោយ​បាន​បណ្តាល​ឲ្យ​ស្លាប់​កម្មករ កម្មការនី ១ ១៣៨នាក់ និង​របួស​ជាង ២ ០០០នាក់។

អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ ក្រុមអធិការកិច្ច​បាន​ចេញ​អនុសាសន៍​ឲ្យ​ម្ចាស់រោងចក្រ​ទំាង​អស់​ផ្តើម​រៀបចំ​រឿង​សន្តិសុខ​នៅ​តាម​រោងចក្រ​របស់​ខ្លួន​ដែល​នឹង​ត្រូវ​ការ​ចាយប្រាក់​សរុប​ជាង ១ ០០០លានដុល្លារ។ គឺ​ជា​កាតព្វកិច្ច​មួយ​ដែល​មិន​អាច​ចៀស​រួច បើ​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​ទំាង​នោះ​ចង់​បន្ត​រកស៊ី​ជាមួយ​ក្រុមហ៊ុន​សម្លៀកបំពាក់​បរទេស។ ក្រៅ​ពី​ក្រុមអធិការកិច្ច​ដែល​បញ្ជូន​ដោយ​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាក​ល្បីៗ​នៅ​អឺរ៉ុប ក៏​នៅ​មាន​ក្រុមអ្នកស៊ើបអង្កេត​មួយ​ក្រុម​ទៀត​តំណាង​ឲ្យ​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាក​ល្បីៗ​របស់​អាមេរិក​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​ក្នុង​រោងចក្រ​ផលិត​សម្លៀកបំពាក់​ចំនួន ៥៨៧រោងចក្រ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ និង​ដែល​បាន​ចេញ​អនុសាសន៍​ដូច​គ្នា។

លោក​ស្ហាហ៊ីឌុលឡា អាស្ហ៊ីម អនុប្រធាន​សមាគម​ក្រុមហ៊ុន​ផលិត និង​នំា​ចេញ​សម្លៀកបំពាក់​នៅ​បង់ក្លាដែស​បាន​សម្តែង​ការ​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​ស៊ើបអង្កេត​របស់​ក្រុមអធិការបរទេស និង​ថា លោក​នឹង​ព្យាយាម​ជម្រុញ​ឲ្យ​ម្ចាស់​រោងចក្រ​ទំាង​អស់​ផ្តើម​រៀបចំ​គិតគូរ​បញ្ហា​សន្តិសុខ​តាម​ស្តង់ដារអន្តរជាតិ​ដោយ​សង្ឃឹម​ថា នឹង​គ្មាន​រឿង​កើត​ឡើង​ជា​ថ្មី​ដូច​នៅ​រ៉ាណា ប្លាហ្សា​ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ