អានតួអត្ថបទ
បង់ក្លាដែស

ក្រុមហ៊ុន​យីហោ​សំលៀកបំពាក់​អាមេរិក​និង​អឺរ៉ុប​ផ្ទុយ​គំនិតគ្នា​លើ​កិច្ច​ព្រមព្រៀង​កាត់ដេរ​បង់ក្លាដែស​

នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ​ក្រុមហ៊ុន Gap និង​ក្រុមហ៊ុន​យីហោ​សំលៀក​បំពាក់​អាមេរិក​ធំៗ​ផ្សេង​ទៀត​ បាន​បដិសេធ​កិច្ចព្រមព្រៀង​ស្តីពី​ល័ក្ខខ័ណ្ឌ​​សុវត្ថិភាព​សន្តិសុខ​​ក្នុង​រោងចក្រ​កាត់ដេរ​​​​​ នៅ​ប្រទេស​​បង់ក្លាដែស។ ផ្ទុយទៅវិញ ក្រុមហ៊ុន​យីហោ​សំលៀកបំពាក់ដ៏​ធំ​ពីរ​នៅ​​អឺរ៉ុប​គឺ​ HM និង​ Inditex​ ដែល​​ផលិត​សម្លៀកបំពាក់​ម៉ាក​Zara មិន​បាន​ជំទាស់​នឹង​កិច្ច​ព្រមព្រៀង​នេះទេ។

ក្រុមហ៊ុន Gap ទាមទារ​អោយ​មាន​ការ​ផ្លាស់​ប្តូរ​​ខសំខាន់​​ក្នុង​​កិច្ច​ព្រមព្រៀង ក្នុង​​​ករណី​​ដោះស្រាយ​វិវាទ​នៅ​​​​មុខ​តុលាការ។
ក្រុមហ៊ុន Gap ទាមទារ​អោយ​មាន​ការ​ផ្លាស់​ប្តូរ​​ខសំខាន់​​ក្នុង​​កិច្ច​ព្រមព្រៀង ក្នុង​​​ករណី​​ដោះស្រាយ​វិវាទ​នៅ​​​​មុខ​តុលាការ។ REUTERS/Robert Galbraith
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​ស្តីពី​ល័ក្ខខ័ណ្ឌ​​សុវត្ថិភាព​សន្តិសុខ​​ក្នុង​រោងចក្រ​កាត់ដេរ​​​​​ នៅប្រទេស​បង់ក្លាដែស គឺ​ជា​កិច្ច​ព្រមព្រៀង​ដែល​គាំទ្រ​ដោយ​អង្គការ​ការងារ​អន្តរជាតិ និង​សហជីព​​កម្មករ​នានា។ កិច្ច​ព្រមព្រៀង​នេះ​​​ត្រូវ​បាន​លើកមក​ពិភាក្សា​តាំង​តែ​ពី​ថ្ងៃ​ ២៤​មេសា​មក​ម្ល៉េះ គឺ​ចាប់​តាំង​ពី​ថ្ងៃ​គ្រោះថ្នាក់បាក់​​រលំអគារ​ពាណិជ្ជកម្ម​ Rana Plaza មក។ គួររំលឹក​ថា ការបាក់រលំ​អគារ​ពាណិជ្ជ​កម្ម​​នៅ​ថ្ងៃ​នោះ បាន​សម្លាប់​​មនុស្ស​អស់ ១ ១២៧នាក់។

សហជីព​សហគ្រាស​​ដែល​បាន​ដឹកនាំ​ការ​ចរចា​លើ​កិច្ច​ព្រមព្រៀង​នេះ បាន​​ស្វាគមន៍​ដល់​ក្រុមហ៊ុន​យីហោ​សំលៀកបំពាក់​អឺរ៉ុប HM និង​ Inditex ដែល​​ផលិត​សម្លៀកបំពាក់​ម៉ាក​Zara ដែល​បាន​គាំទ្រ​ពេញទំហឹង​នូវ​​កិច្ច​ព្រមព្រៀង​នេះ​។ ទន្ទឹមនេះដែរ​ ក្រុមហ៊ុន​អាមេរិកាំង​ PVH ដែល​ផលិត​យីហោ​​ Calvin Klein និង​ក្រុមហ៊ុន​អាល្លឺម៉ង់​ Tchibo ក៏បាន​បង្ហាញ​ការ​គាំទ្រដល់​​​កិច្ច​ព្រមព្រៀង​នេះដែរ។ កន្លង​មក ក្រុមហ៊ុន​ អាល្លឺម៉ង់​ Tchibo  ធ្លាប់​បាន​ចុះហត្ថលេខា​​លើ​​​កម្មវិធី​ទាក់ទង​នឹង​ផ្នែកកាត់ដែរ​នេះ​ម្តង​មក​ហើយ​។

ផ្ទុយទៅវិញ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ​កិច្ចព្រមព្រៀង​ស្តីពី​ល័ក្ខខ័ណ្ឌ​​សុវត្ថិភាព​សន្តិសុខ​​ក្នុង​រោងចក្រ​កាត់ដេរ​ បានត្រូវ​​​​​​​ក្រុមហ៊ុន Gap និង​ក្រុមហ៊ុន​យីហោ​សំលៀក​បំពាក់​អាមេរិក​ធំៗ​ផ្សេងទៀត ​បដិសេធ​​មិន​ទទួល​យក។ ​ក្រុមហ៊ុន Gap បាន​ទាមទារ​អោយ​មាន​ការ​ផ្លាស់​ប្តូរ​​ខសំខាន់​នៃ​កិច្ច​ព្រមព្រៀង ក្នុង​​​ករណី​ដែល​មាន​ការ​ដោះស្រាយ​វិវាទ​នៅ​ចំពោះ​​មុខ​តុលាការ។ យោងតាម​ក្រុមហ៊ុននេះ​ ប្រសិន​បើ​​​ខ​សំខាន់​នេះ​ត្រូវ​បាន​ប្តូរ​​ដូច​ខ្លួន​បាន​ទាមទារ​នោះ​ កិច្ចព្រមព្រៀង​​អន្តរជាតិ​ប្រវត្តិសាស្ត្រ​​នេះ​​នឹង​បោះ​ជំហាន​ទៅមុខ​សមស្រប​​ជាមួយ​​គ្រប់​បណ្តា​ក្រុមហ៊ុន​ចែកចាយ​សម្លៀកបំពាក់​ទាំង​អស់​ មិន​មែន​ត្រឹម​តែ​​ជាមួយ​ក្រុមហ៊ុន​នៅ​អឺរ៉ុប​ប៉ុណ្ណោះទេ។​ គួររំលឹកថា ក្រុមហ៊ុន​​បណ្តា​ប្រទេស​អឺរ៉ុប​នាំ​ចេញ​សម្លៀកបំពាក់​ពី​បង់ក្លាដែស​​ប្រហែល​ជា​៦០​ភាគរយ។ ​

ទាក់ទង​នឹង​សុវត្ថិភាព​សន្តិសុខ​ការ​ងារ​​នេះ​ដែរ ក្រុមហ៊ុន​អឺរ៉ុប​​ក៏បាន​សុំអោយ​អាជ្ញាធរ​បង់ក្លាដែស​​​បញ្ឈប់​​ដំណើរការ​រោងចក្រ​ Stitch Tone ដែល​មាន​ទីតាំង​នៅ​ក្រុង​ Chittagong និង​អោយអាជ្ញាធរ​ត្រួតពិនិត្យ​​ទីតាំង​រោងចក្រ​មួយ​កន្លែង​ទៀត​នៅ​​ក្រុង ​Dacca។
កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ សភា​បង់ក្លាដែស​​ទើបតែ​បាន​​​សំរេច​​ធ្វើ​​​វិសោធនកម្ម​លើ​ច្បាប់​ការងារ​មួយ។ យោងតាម​វិសោធនកម្ម​នេះ សភា​មាន​សិទ្ធិ​​​អនុញ្ញាតអោយ​​​មានការ​ចាត់តាំង​សហជីព​​​នៅ​ក្នុង​រោងចក្រកាត់ដេរ ដោយ​មិន​ចាំបាច់​មាន​ការយល់ព្រម​ទុកជាមុន​ពី​សំណាក់​ថៅកែ​រោងចក្រ​នោះទេ។

វិសោធនកម្ម​​ច្បាប់​នេះ​ធ្វើឡើងតែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ​​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​សំរេច​បង្កើត​អោយ​មាន​គណៈកម្មការ​មួយ​សំរាប់​​វាយតំលៃ​ការដំឡើង​ប្រាក់ខែ​កម្មករ​រោងចក្រកាត់ដេរ។
នៅ​បង់ក្លាដែស​​ ​កម្មករ​រោងចក្រកាត់ដេរ​ទទួល​បាន​ប្រាក់​​ខែ​ទាប​បំផុត​ ៣៨​ដុល្លារ។
បើ​គិតជា​ភាគរយ​​​ ៣៨​ដុល្លារ​នេះ​​គឺ​ត្រូវ​ជា​៨០​ភាគរយ​នៃ​ការ​ដំឡើង​ប្រាក់ខែ​ដែល​បាន​សំរេច​ឡើង​​​ កាលពី​​​​ឆ្នាំ​២០១០ បន្ទាប់​ពី​មាន​បាតុកម្ម​ហិង្សា​អស់​រាប់​​​ខែ​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ