អានតួអត្ថបទ
ជប៉ុន

គណបក្ស​លោក​ស្ហ៊ីនហ្សូ​អាបេ​ឈ្នះឆ្នោត​នៅ​ព្រឹទ្ធសភា

គណបក្សរបស់​លោក​ស្ហ៊ីនហ្សូ អាបេ បាន​ទទួល​ជោគជ័យ ដោយ​ទទួល​បាន​សំឡេង​ភាគច្រើន​លើសលុប នៅ​​ក្នុងការ​បោះឆ្នោត​ព្រឹទ្ធសភា​ជប៉ុន នៅថ្ងៃ​អាទិត្យ​នេះ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៃ​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​ជប៉ុន នៅ​យប់ថ្ងៃ​អាទិត្យ នៅ​ក្រោយ​ពេល​ដែល​ការិយាល័យ​បោះឆ្នោត​នៅទូទាំង​ប្រទេស​បាន​បិទទ្វារ។ លោកស្ហ៊ីនហ្សូ អាបេ ដាក់ក្តីរំពឹង​លើ​ការបោះឆ្នោត​ព្រឹទ្ធសភា ដើម្បី​ជា​ឱកាស​ស្វះស្វែង​រក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ លើ​នយោបាយ​សេដ្ឋកិច្ច និង​ការពារជាតិ​របស់​លោក។

Japan's Prime Minister Shinzo Abe, who is also leader of the ruling Liberal Democratic Party (LDP), smiles as he puts a rosette on the name of a candidate who is expected to win the upper house election, at the LDP headquarters in Tokyo, Japan July 10, 201
Japan's Prime Minister Shinzo Abe, who is also leader of the ruling Liberal Democratic Party (LDP), smiles as he puts a rosette on the name of a candidate who is expected to win the upper house election, at the LDP headquarters in Tokyo, Japan July 10, 201 REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

យោងតាមការ​ផ្សាយ​របស់​ទូរទស្សន៍ NHK ព្រមទាំង​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ជប៉ុន​ផ្សេងទៀត គណបក្ស​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ព្រមទាំង​គណបក្ស​មួយទៀត​ដែល​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាល​ចម្រុះ ទទួល​បាន​អាសនៈ​យ៉ាងតិច ៦៣ នៅ​ក្នុង​ចំណោម​អាសនៈ​ព្រឹទ្ធសភា​​ទាំង ១២១ ដែល​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ថ្មី នៅថ្ងៃ​អាទិត្យ។ បូកជាមួយ​នឹង​អាសនៈ​ ដែល​មាន​ក្នុងដៃ​ស្រាប់ គណបក្ស​កាន់អំណាច​​អាច​ទទួល​បាន​នូវ​សំឡេង​ភាគច្រើន​លើសលុប​ រហូត​ដល់​ទៅ ២ភាគ៣ នៅ​ក្នុង​ព្រឹទ្ធសភា។

គួរបញ្ជាក់ថា សភា​ជប៉ុន​ក៏​ប្រហាក់​ប្រហែល​នឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ព្រឹទ្ធសភា គឺ​ជា​សភា​ជាន់ខ្ពស់​តាម​ឋានានុក្រម ក៏ប៉ុន្តែ មាន​អំណាច​តិច​ជាង​រដ្ឋ​សភា។ សមាជិក​ព្រឹទ្ធសភា​ជប៉ុន​មាន​អាណត្តិ ៦ឆ្នាំ ដោយ​សមាជិក​ចំនួន​ពាក់កណ្តាល​ត្រូវ​ផុតអាណត្តិ និង​បោះឆ្នោត​ជ្រើសរើស​ថ្មី នៅ​រៀងរាល់​ ៣ឆ្នាំ​ម្តង។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គណបក្ស​របស់​លោក​ស្ហ៊ីនហ្សូ អាបេ មាន​សំឡេង​ភាគច្រើន ២ភាគ៣​រួចជា​ស្រេច​ទៅហើយ នៅ​ក្នុង​រដ្ឋសភា។ ដូច្នេះ ជោគជ័យ​រហូត​បាន​សំឡេង ២ភាគ៣ នៅ​ក្នុង​ព្រឹទ្ធសភា​មួយ​ទៀត​អាចនឹង​​បើក​ផ្លូវ​ឲ្យ​លោក​ស្ហ៊ីនហ្សូ អាបេ រៀបចំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​ ដើម្បី​​ផ្តល់​សិទ្ធិ​ដល់​កងទ័ព​ជប៉ុន ក្នុងការ​ធ្វើ​អន្តរាគមន៍​នៅ​បរទេស។

លើសពីនេះ​ទៅទៀត ជោគជ័យ​ក្នុងការ​បោះឆ្នោត​ព្រឹទ្ធសភា​នេះ​ក៏​អាច​នឹង​ជួយ​ជា​កម្លាំង​នយោបាយ​ដ៏សំខាន់​មួយដែរ ដល់​នយោបាយ​សេដ្ឋកិច្ច​របស់​លោក​ស្ហ៊ីនហ្សូ អាបេ។ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ នៅ​មុនពេល​បិទបញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​ស្ហ៊ីនហ្សូ អាបេ បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ នៅ​ក្នុង​ទីក្រុង​តូក្យូ​ថា នយោបាយ​សេដ្ឋកិច្ច​របស់​លោក​មិនទទួល​បរាជ័យ​នោះទេ តែ​ថា វា​ក៏​នៅមិនទាន់​ជោគជ័យ​ពេញលេញ​១០០%​នោះដែរ។

សម្រាប់​លោក​ស្ហ៊ីនហ្សូ អាបេ និង​គណបក្ស​អភិរក្ស​និយម​របស់​លោក លទ្ធផល​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នេះ គឺ​ប្រៀបដូចជា​ការ​បោះឆ្នោត​ប្រជាមតិមួយ ដែល​ពលរដ្ឋ​ជប៉ុន​ក្នុង​ចំនួន​ភាគច្រើន​លើសលុប គាំទ្រ​ឲ្យ​​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​បន្ត​នយោបាយ​សេដ្ឋកិច្ច​របស់​លោក​តទៅមុខទៀត។

ក៏ប៉ុន្តែ អ្នក​ជំនាញ​ខាង​វិទ្យាសាស្រ្ត​នយោបាយ​នៅ​ឯ​សកលវិទ្យាល័យ​មួយ​ក្នុង​ក្រុង​តូក្យូ​បាន​បង្ហាញ​នូវការយល់ឃើញ​របស់​លោក​ថា ការណ៍​ដែល​ពលរដ្ឋ​ជប៉ុន​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់អំណាច​នៅ​ព្រឹទ្ធសភា​នៅពេលនេះ មិនប្រាកដ​ថា​ជា​ការ​បង្ហាញ​ពី​ការគាំទ្រ​ដល់​នយោបាយ​របស់​លោក​ស្ហ៊ីនហ្សូ អាបេ​នោះទេ តែ​ប្រហែលជា​មក​ពី​​ពួកគេ​មិនសូវ​ជា​មាន​ជម្រើស​ផ្សេង ដោយសារតែ​នៅពេលនេះ គេ​សង្កេតឃើញ​ថា គណបក្ស​ប្រឆាំង​​កំពុងតែ​ធ្លាក់ចុះទន់ខ្សោយ​ខ្លាំង ដែល​ពិបាក​នឹង​ឲ្យ​ពលរដ្ឋ​ទុកចិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ