អានតួអត្ថបទ
យេម៉ែន-ជប៉ុន

មន្រ្តីទូត​ជប៉ុន​រង​ការ​វាយប្រហារ​នៅក្នុង​ប្រទេស​យេម៉ែន

មន្រ្តី​ទូត​ជាន់ខ្ពស់​របស់​ជប៉ុន​ម្នាក់​ត្រូវ​ជនមិនស្គាល់​មុខ​មួយក្រុម​​វាយប្រហារ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាល​ពីថ្ងៃ​អាទិត្យ។ នេះ​បើ​យោងតា​ម​ការអះអាង​របស់​មន្រ្តី​អ្នកនាំពាក្យ​ស្ថានទូត​ជប៉ុន ប្រចាំ​រដ្ឋធានីសាណា (Sanaa)។ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​មាន​​ការវាយប្រហារ​លើ​ជនបរទេស​បាន​កើតមាន​ឡើង​យ៉ាងច្រើន​ គួរ​ឲ្យ​កត់សម្គាល់ នៅ​ក្នុង​ប្រទេស​យេម៉ែន ដែល​ក្រុម​ភេរវជន​អាលកៃដា​ កំពុងតែ​មាន​សកម្មភាព​ខ្លាំង។

ប៉ូលិស​យេម៉ែន​កំពុង​យាម​នៅ​មុខ​មន្ទីរពេទ្យ ដែល​មន្រ្តី​ទូត​ជប៉ុន​កំពុង​សម្រាក​ព្យាបាល ក្រោយ​ពី​ទទួលរងការ​វាយប្រហារ​ពី​សំណាក់​ជន​មិន​ស្គាល់​មុខ នៅថ្ងៃ​អាទិត្យ ១៥ធ្នូ ២០១៣
ប៉ូលិស​យេម៉ែន​កំពុង​យាម​នៅ​មុខ​មន្ទីរពេទ្យ ដែល​មន្រ្តី​ទូត​ជប៉ុន​កំពុង​សម្រាក​ព្យាបាល ក្រោយ​ពី​ទទួលរងការ​វាយប្រហារ​ពី​សំណាក់​ជន​មិន​ស្គាល់​មុខ នៅថ្ងៃ​អាទិត្យ ១៥ធ្នូ ២០១៣ REUTERS/Khaled Abdullah
ផ្សាយពាណិជ្ជកម្ម

មន្រ្តី​ទូត​ជប៉ុន ដែល​ទទួលរងនូវ​ការ​វាយប្រហារ​ កាល​ពី​ព្រឹកថ្ងៃ​អាទិត្យ គឺ​ជាកុងស៊ុល និង​ជា​លេខា​ទី២ នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​រដ្ឋធានី​សាណា។ ហេតុការណ៍​បាន​កើតឡើង នៅ​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​តាមរថយន្ត​តែម្នាក់ឯង ដោយ​គ្មាន​កងការពារ។ អ្នកនាំពាក្យ​ស្ថានទូត​ជប៉ុន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP ថា កុងស៊ុល​រូបនេះ​ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយក្រុមចាក់​ ៥កាំបិត បណ្តាល​ឲ្យ​របួស​ធ្ងន់ ប៉ុន្តែ មិនបណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិតនោះទេ។

រហូតមកទល់​នឹង​ពេលនេះ គេ​នៅមិនទាន់​អាច​ដឹង​ច្បាស់​នៅឡើយទេ អំពី​ដើមហេតុ និង​គោលដៅ នៃ​ការ​វាយប្រហារ​នេះ។ ក៏ប៉ុន្តែ គេ​សង្កេតឃើញ​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ការ​ចាប់ជំរិត ការប៉ុនប៉ង​ចាប់ជំរិត ឬ​ការ​វាយប្រហារ​ទៅលើ​ជនបរទេស​បាន​កើតមាន​ឡើង​យ៉ាងញឹកញាប់ នៅ​ក្នុង​ប្រទេស​យេម៉ែន ហើយ​ជនបរទេស​ដែលត្រូវ​ទទួលរងការវាយប្រហារ ភាគច្រើន គឺ​ជា​មន្រ្តី​ទូត ឬ​ជំនាញការ​បរទេស ដែល​ធ្វើការ​​ឲ្យ​រដ្ឋាភិបាល​យេម៉ែន។

កាលពី​ចុងខែ​វិច្ឆិកា ជនជាតិ​បេឡារុសពីរនាក់ ដែល​បម្រើការ​ជា​ទីប្រឹក្សា​ឲ្យ​កងទ័ព​យេម៉ែន ត្រូវ​ជនមិនស្គាល់​មុខ​បាញ់​ប្រហារ បណ្តាល​ឲ្យ​​​ម្នាក់ស្លាប់ និង​ម្នាក់​ទៀត​រងរបួស នៅ​ពេល​ដែល​ពួកគេ​ចេញ​ពី​សណ្ឋាគារ។ កាលពីដើមខែ​តុលា ឆ្មាំ​ស្ថានទូត​អាល្លឺម៉ង់​ម្នាក់​ក៏​ត្រូវ​បាន​ជនមិនស្គាល់​មុខ​បាញ់សម្លាប់​ដែរ នៅ​ក្នុង​ការ​ប៉ុនប៉ង​ចាប់ជំរិត​មិន​បាន​សម្រេច។

គួរបញ្ជាក់ថា បច្ចុប្បន្ន​នេះ យេម៉ែន គឺ​ជា​ប្រទេស​ដែល​ក្រុម​ភេរវជន​អាល់កៃដា​កំពុងតែ​ធ្វើ​សកម្មភាព​ខ្លាំង ហើយ​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​អាមេរិក ទៅលើ​ទីតាំង​ភេរវជន​ក្នុង​ប្រទេស​នេះ ក៏​តែងតែ​កើតមាន​ជាញឹកញាប់​ដែរ។

កាលពីថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុននេះ អ.ស.ប បាន​សម្រេច​បិទ​ការិយាល័យ​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​យេម៉ែន ដោយសារ​តែ​មាន​ការ​បារម្ភ អំពី​ការ​វាយប្រហារ​ភេរវកម្ម។ សាលារៀន​អាមេរិកាំង និង​តួកគី​ក៏​ត្រូវ​បាន​បិទទ្វារ​លែង​ដំណើរការដែរ ក៏ប៉ុន្តែ បណ្តា​ស្ថានទូត​ប្រទេស​លោកខាងលិច នៅតែ​បើក​ទ្វារ​ធ្វើការ​ជា​ធម្មតា។

គេ​នៅចាំបានថា កាល​ពី​ខែ​សីហា​កន្លងទៅ គឺ​ការគំរាមកំហែង​ភេរវកម្ម ដែល​មាន​ប្រភព​ចេញ​ពី​ប្រទេស​យេម៉ែន​នេះ​ហើយ ដែល​នាំ​ឲ្យ​សហរដ្ឋ​អាមេរិក​បិទ​ទ្វារ​ស្ថានទូត នៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ