អានតួអត្ថបទ
ម៉ាឡេស៊ី

ម៉ាឡេស៊ី​ច្រានចោល​ការ​ចោទ​ប្រកាន់របស់​អាមេរិក​ថា ខ្លួន​ជា​ប្រទេស​​ដែល​សម្បូរ​ការ​ជិះជាន់​និង​​​ជួញ​ដូរ​មនុស្ស​

ប្រទេស​ម៉ាឡេស៊ី​បាន​ច្រាន​ចោល​ទាំង​ស្រុង​ នូវ​ការ​សន្និដ្ឋាន​ក្នុង​របាយការណ៍​មួយ​ របស់​សហរដ្ឋអាមេរិក​ដែល​ថា ម៉ាឡេស៊ី​មិន​បាន​ចាត់​វិធាន​ការ​ឲ្យ​ម៉ត់​ចត់​ ក្នុង​ការ​លប់​បំបាត់​ការ​ជួញ​ដូរ​មនុស្ស​ខុស​ច្បាប់។ ​ក្នុង​របាយការណ៍​នោះ​មាន​ប្រទេស​បី​ដែល​អាមេរិក​បាន​ថ្កោល​ទោស​គឺ ​ម៉ាឡេស៊ី ​ ថៃ និង វ៉េណេស៊ុយអេឡា។

កម្មករធ្វើការនៅរោងចក្រដូងប្រេង ប្រទេសម៉ាឡេស៊ី
កម្មករធ្វើការនៅរោងចក្រដូងប្រេង ប្រទេសម៉ាឡេស៊ី
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​សហរដ្ឋអាមេរិក​ចេញ​របាយការណ៍ ​ចោទ​ប្រកាន់​យ៉ាង​ចំៗ​ទៅ​លើ​ប្រទេស​ខ្លួន ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី​ បាន​ចេញ​មក​បដិសេធ​វិញ​ភ្លាម។ លោក​ថា​របាយការណ៍​​របស់​អាមេរិក មិន​បាន​ធ្វើ​ឡើង​ដោយ​សម​ហេតុ​សម​ផល​ទេ។ ​លោក​បន្ត​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ម៉ាឡេស៊ី​បាន​ចាត់​វិធានការ​ចាំ​បាច់​ ជា​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ការ​ជួញ​ដូរ​មនុស្ស​ និង​ពលករ​ខុស​ច្បាប់។ បន្ទាប់​ពី​ប្រតិកម្ម​នេះ​​ ក្រសួងការ​បរទេសអាមេរិក​ បាន​និយាយ​ថា​​នឹង​ពិនិត្យ​របាយការណ៍​នោះ​សា​ជា​ថ្មី​ឡើងវិញ។​

ម៉ាឡេស៊ី និង ថៃ ធ្លាប់​បាន​អាមេរិក​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ កាល​ពី​ឆ្នាំ​២០១៣​រួច​មក​ហើយ។​ អាមេរិក​ធ្លាប់​ទាំង​គំរាម​ថា​នឹង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ​បើ​សិន​ជា​គ្មាន​ការ​កែរ​លម្អ។ ប្រទេស​ម៉ាឡេស៊ី ក៏​ត្រូវ​អាមេរិក​ចោទ​ប្រកាន់​ផង​ដែរ ថា​មិន​បាន​អនុម័ត​កម្មវិធី​ការពារ​ជា​មូលដ្ឋាន​ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​ចរាចរណ៍​ពលករ​បរទេស។

ជា​ការ​ពិត​ណាស់​ ប្រទេស​ម៉ាឡេស៊ី​និង​ប្រទេសថៃ ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូត​លាស់​ចំបង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​ ប្រទេស​ទាំង​ពីរ​បាន​ទាក់​ទាញ​​កម្លាំង​ពលកម្ម ​ពី​បណ្តា​ប្រទេស​ក្រី​ក្រ​ក្នុង​តំបន់​ជា​ច្រើន។​ មាន​ក្រុមហ៊ុន​ម៉ាឡេស៊ី​ជា​ច្រើន​ដែល​បាន​ប្រមែ​ប្រមូល​យក​កម្មករ​​ក្រី​ក្រ​ ពី​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​ ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី។ ពលករ​ទាំង​នោះ ​ភាគ​ច្រើន​គឺ​ត្រូវ​ជាប់​បំណុល​​ពួក​ជន​ទុច្ចរិត ​ដែល​រក​ស៊ី​ជួញ​ដូរ​នាំ​មនុស្ស​ទៅ​ឲ្យ​ក្រុមហ៊ុន។​ ជា​ទូទៅ​ពលករ​ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​ធ្វើការ​នៅ​តាម​ទូកនេសាទ រឺ​តាម​ចំការ​ដំណាំ ដោយ​គ្មាន​លក្ខខណ្ឌ​ការងារ​ត្រឹមត្រូវ។​ ពលការិនី​ខ្លះ​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើការ​បំរើ​តាម​ផ្ទះ រឺ​ធ្លាក់​ក្នុង​របរ​ពេស្យាចារ។ យោង​តាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ពួក​ឈ្មួញ​ជួញ​ដូរ​មនុស្ស​ខុស​ច្បាប់​រក​ចំណេញ​ប្រមាណ​ជា​ ១៥០​ពាន់​លាន​ដុល្លា​រក្នុង​មួយ​ឆ្នាំ។​ ក្នុង​នោះ​បើ​គិត​តែ​របរ​ជួញ​ដូរ​ផ្លូវ​ភេទ គឺ​ស្មើ​នឹង​៩៩​ពាន់​លាន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ