អានតួអត្ថបទ
ហុងកុង

ហុងកុង៖ បាតុកម្ម​ប្រឆាំង ២ខែ មនុស្ស​ជាង​២០០នាក់ ត្រូវ​ចាប់ខ្លួន

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ហុង​កុង​ ពីថ្ងៃ​សៅរ៍​ទី​៣សីហា, មនុស្ស​យ៉ាងហោច ជាង​២០នាក់ ត្រូវ​ឃាត់​ខ្លួន។ ​បើ​គេ​បូក​សរុប​តាំងពី​ផ្តើមការ​តវ៉ា​ ថ្ងៃទី​៩មិថុនា រហូត​មកទល់ពេល​នេះ, ប៉ូលីស​ហុងកុង បាន​ចាប់​ខ្លួន បាតុករ ជាង​២០០នាក់​ ក្នុង​រយៈ​ពេល​៨សប្តាហ៍​។ ការ​ប៉ះទង្គិច​គ្នា​រវាងហ្វូង​​បាតុករ​ និង​ក្រុម​នគរបាល កើត​មាន​ជា​បន្តបន្ទាប់ ហើយ​​សកម្មភាព​តវ៉ា ហាក់​លេច​ចេញ​នូវ​សញ្ញាណ​ហិង្សា​។

ការ​ចុះ​ដើរ​ហែក្បួន​បាតុកម្ម​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ហុង​កុង​
ការ​ចុះ​ដើរ​ហែក្បួន​បាតុកម្ម​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ហុង​កុង​ @Reuters
ផ្សាយពាណិជ្ជកម្ម

ពេល​យប់ថ្ងៃសៅរ៍ មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលីស​ហុង​កុង និង​បាតុកររាប់​ពាន់​នាក់​ នៅ​ក្នុង​សង្កាត់​មួយ​ដែល​ម្តុំ​ដោយ​កន្លែង​ទេសចរណ៍និង​មណ្ឌល​ពាណិជ្ជកម្ម។ នគរបាល​ហុងកុង ប្រាប់​ថាបាន​ឃ្លាត់​ខ្លួនមនុស្ស​​យ៉ាង​ហោច​២០នាក់។

នៅថ្ងៃ​អាទិត្យ ទី​៤សីហា​ ​​បាតុករគាំទ្រ​លិទ្ធ​ប្រជាធិបតេយ្យ​រាប់​ពាន់​នាក់​ ​បន្ត​ការ​តវ៉ា​របស់​ខ្លួន​ដូច​តាម​ការ​គ្រោង​ទុក បើ​ទោះ​បី​កម្តៅ​​នៃភាព​តាន​តឹង​គ្នា​ជាមួយ​សមត្ថកិច្ច នៅ​តែក្តៅ​​ខ្លាំង​នៅឡើយ​ក្តី​។ បាតុករប្រឆាំងរដ្ឋបាលហុងកុង ដើរហែក្បួន ចំនួនពីរ។ ទីមួយ ក្បួនដើរកាត់កោះហុងកុង ហើយក្បួនដំណើរមួយទៀត គឺដើរជាន់ភាគខាងជើងហុងកុង។ ថ្ងៃច័ន្ទ ក្រុមបាតុករប្រឆាំង ប្រកាសធ្វើកូដកម្មឈប់ធ្វើការជាទូទៅ គ្រប់ទីកន្លែង ​ហើយនឹង​មាន​ការជួបប្រមូលផ្តុំ​គ្នាផង​។

ការ​តវ៉ាជំទាស់​នឹង​រដ្ឋ​អំណាច​ហុង​កុង​​នេះ កើត​មាន​៨​សប្តាហ៍​មកហើយ តាំងពី​ពេល​ដែល​ ថ្នាក់ដឹកនាំ​តំបន់​ស្វ័យត​ហុង​កុង ចង់​ធ្វើ​ច្បាប់​ផ្តល់​បត្យាប័ន​ បញ្ជូន​អ្ន​កជាប់​ទោស​ហុងកុង ទៅជម្រះ​ក្តី​ក្នុង​តុលាការ​ចិន។ សំណើ​ច្បាប់នេះ​ ត្រូវ​ផ្អាក​ទៅវិញ ដោយសារតែ​ការ​តវ៉ា​ប្រឆាំង​ខ្លាំងពេក។

អាជ្ញាធរ​ហុងកុង បង្ក្រាប​អ្នក​តវ៉ា ដោយមធ្យោបាយ​ផ្សេងៗ ដូច​ជា​ចាប់​ឃុំ​ខ្លួន បាញ់​កំាំភ្លើងគ្រាប់​កៅស៊ូ និង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ជាដើម។ ចំណែក​ រដ្ឋបាល​ចិនទទួល​បន្ទុក​កិច្ចការហុងកុង បាន​គំរាមថា​នឹង​ធ្វើ​​អន្តរាគ​មន៍ ប្រសិន​បើ​ស្ថានការណ៍តម្រូវ​ឱ្យ​​ចាំបាច់។​

ទោះ​យ៉ាងណា​ក្តី​ យុវជនហុងកុង​​ និស្សិត​ បញ្ញវន្ត ​​និង​អ្នក​តវ៉ាក្មេង​ៗ បាន​សម្តែង​សុទិដ្ឋិនិយម​ចំពោះ​ចលនា​របស់​ខ្លួន ប្រាប់​ភ្នាក់​ងារ​កាសែត​បារាំង ​AFP ឈរជើងនៅ​ទីនោះថា អ្នក​តវ៉ាខ្លះ​​​ក៏​មាន​អារម្មណ៍​ភ័យ​ខ្លាច​ទម្ងន់​នៃ​ការ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​ដែរ ប៉ុន្តែ​គោល​បំណង​ពួកគេ គឺ​សាមញ្ញទេ។ ពួក​គេ​ចង់​ឱ្យ​ ហុងកុង ជាកន្លែង​មួយ​ល្អប្រសើរ​​ជាង​នេះ​​​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ