អានតួអត្ថបទ
តួកគី-នយោបាយ

តួកគី៖ ប្រធាធិបតី​បន្ត​បោស​សម្អាត​កងទ័ព បិទ​សាលា​និង​អង្គការ​មនុស្សធម៌

៩ថ្ងៃ​ ក្រោយ​រដ្ឋ​ប្រហារ​មិនបាន​សម្រេច ​ដ៏មិន​គួរ​ឲ្យជឿ​ លោក​ប្រធានាធិបតី​តួកគី ​កំពុងតែ​ប្រើ​កណ្តាប់ដៃ​ដែក​​ ដើម្បី​បោស​សម្អាត​ចលនា​ប្រឆាំង ​នៅ​ក្នុង​កងទ័ព​ និង​ក្នុង​កង​អង្គរក្ស​​ផ្ទាល់​របស់​លោក។ បន្ថែម​ពីនេះ​ ក្រិត្យ​ច្បាប់​របស់​រដ្ឋាភិបាល​ ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​២៣ ​កក្កដា ​បាន​បញ្ជារ​ឲ្យ​បិទ ​សាលារៀន​ សកលវិទ្យាល័យ ​និង​ អង្គការ​មនុស្សធម៌​ជាច្រើន ​ដោយចោទ​ថា​ជា​បក្សពួក​របស់​ចលនា​នយោបាយ​ប្រឆាំង​នឹង​ លោក​ប្រធានាធិបតី​ អ៊ែរដូហ្កាន់។

លោក អ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី ផ្តល់បទសម្ភាស​ន៍​​អ្នក​កាសែត​ នៅវិមាន​​ប្រធានាធិបតី ថ្ងៃទី​២៣ កក្កដា ២០១៦
លោក អ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី ផ្តល់បទសម្ភាស​ន៍​​អ្នក​កាសែត​ នៅវិមាន​​ប្រធានាធិបតី ថ្ងៃទី​២៣ កក្កដា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

រដ្ឋប្រហារ​ធ្លាក់ទឹក ​ដ៏គួរ​ឲ្យ​អស់​សំណើច​របស់​យោធា​តួកគី ​ ប្រៀប​បាន​ដូច​ជា​ថ្នាំ​កម្លាំង​សម្រាប់​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន់ ​ដែល​ពេល​នេះ​កំពុង​តែ​សម្រុក​បញ្ចេញ​សាច់ដុំ ​ ​ធ្វើ​ការ​បោស​សម្អាត​រាល់​មេរោគ​ប្រឆាំង​ ដែល​មាន​នៅ​ពាសពេញ​តួកគី។ ចលនា​សម្អាត​មេរោគ ​រឺ​ហៅម្យ៉ាង​ទៀត​ថា​ជា​ការ​ប្រមូល​ក្តោប​ក្តាប់​អំណាច។

 
ដោយ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ​និង​បាន​ព្យួរ​ការ​អនុវត្ត​សន្ធិសញ្ញា​ស្តីពី​ការគោរព​សិទ្ធិ​មនុស្ស ​លោក​ប្រធានាធិបតី​តួកគី​ បាន​សម្រេច​ចេញ​ក្រិត្យ​ច្បាប់​មួយ ​កាល​ពី​ថ្ងៃទី​២៣ ​កក្កដា​ ដោយ​បាន​កំណត់​ថា ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​ ដែល​ពី​មុន​មាន​រយៈពេល​តែ​៤ថ្ងៃ ​គឺ​នឹង​ត្រូវ​បន្ថែម​រហូត​ដល់ ​៣០​ថ្ងៃ​​។ លោក​អ៊ែរដូហ្កាន់ ​ក៏បាន​បញ្ជារ​ឲ្យ​បិទ ​សាលារៀន​ឯកជន​ចំនួន​១០៤៣ ​ សកល​វិទ្យាល័យ​ចំនួន​១៥ ​អង្គការ​និង​សមាគម​ចំនួន​១២២៩ ​សហជីព​ចំនួន​១៩ ​ ព្រមទាំង​មន្ទីរ​សុខភាព​ឯកជន​ចំនួន​៣៥​កន្លែង​ ផងដែរ។ សាលារៀន ​អង្គការ​ និង​ស្ថាប័ន​ទាំងអស់​នេះ​ ត្រូវ​បិទទ្វារ​ដោយ​គេ​ចោទ​ថា​ជា​បក្សពួក​ជាមួយ​លោក​ Fatullah Gülen ​មនុស្ស​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ ​ដែល​ប្រឆាំង​និង​លោក​អ៊ែរដូហ្កាន់។

ដោយឡែក ​លោក​Halis Hanci ​ជាក្មួយ​ប្រុស និង​ជា​ដៃ​ស្តាំ​របស់​លោក ​Fatullah Gülen​ត្រូវ​បាន​កម្លាំង​រដ្ឋាភិបាល​ចាប់​ឃាត់​ខ្លួន។ លោក ​Fatullah Gülen ​ដែល​បច្ចុប្បន្ន​និរទេសខ្លួន​នៅ​សហរដ្ឋអាមេរិក​ បាន​បដិសេធ​ថា​ខ្លួន​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​ទេ ​ ហើយ​បាន​បរិហារ​ថា ​នេះ​គឺ​ជា​ការ​រៀបចំ​ទាំងស្រុង ​របស់​រដ្ឋាភិបាល​លោក ​អ៊ែរដូហ្កាន់ ​ដើម្បី​មាន​ឱកាស​បង្រ្កាប​ចលនា​ប្រឆាំង ​និង​សើររើ​រៀបចំ​កងទ័ព​ជា​ថ្មី​ ដើម្បី​កំចាត់​មេ​ទាហាន​ដែល​មិន​ស្តាប់​បង្គាប់។

ចេតនា​រៀបចំ​កងទ័ព​ជាថ្មី ​និង​ប្រមូល​អំណាច​កងទ័ព​ មកក្នុង​ដៃ​របស់​លោក​អ៊ែរដូហ្កាន់ ​បាន​លេច​រូបរាង្គ​​កាន់តែ​ច្បាស់​ ក្នុង​ពេល​នេះ ​បន្ទាប់​ពី​លោក ​បាន​កោះ​ប្រជុំ​យ៉ាង​តក់​ក្រហល់ ​ក្រុម​ប្រឹក្សា​កងទ័ព​កំពូល​ នៅថ្ងៃ​ព្រហស្បត្តិ​ខាង​មុខ​នេះ ​ហើយ​ដែល​ធម្មតា​កិច្ច​ប្រជុំ​របៀបនេះ ​ត្រូវ​ធ្វើ​នៅ​អគ្គបញ្ជាការដ្ឋាន​កំពូល ​ តែ​លើក​នេះ ​គឺ​ត្រូវ​ធ្វើ​នៅ​វិមាន​ប្រធានាធិតបី​ផ្ទាល់​តែម្តង។ ដូចគ្នា​ដែរ ​កង​សេនាធិការ​ប្រធានាធិបតី​ ត្រូវ​បាន​រំលាយ​ចោល​ទាំងស្រុង ​ដើម្បី​រៀបចំ​សាជាថ្មី។

សូម​បញ្ជាក់​ថា ​ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច ​អាជ្ញាធរ​តួកគី ​បាន​តាម​ប្រមាញ់​ចាប់​ឃុំខ្លួន​មនុស្ស​បាន​១ម៉ឺន​នាក់ ​ដែល​ភាគ​ច្រើន​ជា​មន្ត្រី​រដ្ឋការ ​ អ្នកច្បាប់ ​ចៅក្រម​ និង​ជា​ពិសេស​នាយ​ទាហាន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​មន្ត្រី​បំរើការ​រដ្ឋ​សឹង​គ្រប់​ស្ថាប័ន​ចំនួន​ជិត​៦ម៉ឺន​នាក់ ​ត្រូវ​បាន​គេ​លប់​ឈ្មោះ ​រឺ​បញ្ឈរ​ជើង​ពី​ការងារ។ មតិ​អ្នក​វិភាគ​ទូទៅ ​កំពុង​មាន​ការ​ងឿង​ឆ្ងល់​ ពី​លទ្ធភាព​នៃ​ការ​តាម​ចាប់​ រឺ​ដាក់​ពិន័យ​មនុស្ស​រាប់ម៉ឺន​នាក់​បែប​នេះ ​ក្នុង​ពេល​មិន​ដល់​១០​ថ្ងៃ​ផង ​ បើ​សិន​ជា​គ្មាន​ការ​រៀបចំ​តារាង​ឈ្មោះ​ទុក​ជាមុន ​ពី​សំណាក់​រដ្ឋាភិបាល​តួកគី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ