អានតួអត្ថបទ
តួកគី

តួកគី​ប្រកាស​ព្យួរ​ការ​គោរព​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អឺរ៉ុប ដើម្បី​​អនុវត្តច្បាប់​អាជ្ញាសិក​​

លោក​ឧបនាយករដ្ឋមន្ត្រី​តួកគី ​បាន​ប្រកាស​ថា ​តួកគី​សូម​ព្យួរការ​អនុវត្ត​សន្ធិសញ្ញា​អឺរ៉ុប ​ស្តីពី​សិទ្ធិ​មនុស្ស​មួយ​រយៈសិន ​ ដើម្បី​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន។ ធ្វើ​បែប​នេះ ​គឺ​ដើម្បី​ចៀសវៀង​ការ​ចោទ​ប្រកាន់​ទៅ​លើ​តួកគី ​ថា​បាន​រំលោភ​ទៅ​លើ​កាតព្វកិច្ច​នៃ​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អឺរ៉ុប។ ការ​ដាក់​ប្រទេស​ឲ្យស្ថិត​ក្នុង​ភាព​អាសន្ន ​នឹង​អនុញ្ញាតិ​ឲ្យ​រដ្ឋាភិបាល​តួកគី​ អាច​ចាត់​វិធាន​ការ​មួយ​ចំនួន​ ដែល​រឹត​បន្តឹង​រឺ​អាច​រំលោភ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។

លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី
លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី Reuters
ផ្សាយពាណិជ្ជកម្ម

លោក ​Numan Kurtulmus​ ឧបនាយក​រដ្ឋមន្ត្រី​តួកគី​ បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ២១​កក្កដា​ថា ​ដើម្បី​អាច​អនុវត្ត​ស្ថានភាព​អាសន្ន​ឲ្យ​បាន​ពេញលេញ​នៅ​តួកគី ​ និង​ដើម្បី​ចៀសវៀង​ការ​ចោទប្រកាន់​ណាមួយ​ទៅលើ​តួកគី ​រដ្ឋាភិបាល​តួកគី ​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ព្យួរ​ការ​អនុវត្ត​កាតព្វកិច្ច​ ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​អឺរ៉ុប ​ស្តីពី​ការ​គោរព​សិទ្ធិ​មនុស្ស។

 
លោក​ ឧបនាយករដ្ឋមន្ត្រី ​បាន​បន្ថែម​ថា ​ការ​សម្រេច​នេះ ​គឺ​ដោយ​យោង​ទៅ​តាម​មាត្រា ​១៥​នៃ​សន្ធិសញ្ញា​នេះ ​ដែល​អនុញ្ញាតិ​ឲ្យ​ប្រទេស​ហត្ថលេខី​ អាច​ធ្វើ​ការ​ព្យួរ​ការ​អនុវត្ត​សន្ធិសញ្ញា ​ក្នុង​ករណី​ពិសេស​មួយ​ចំនួន។ លោក​បាន​លើក​ឧទាហរណ៍ ​ករណី​ប្រទេស​បារាំង​ ដែល​បាន​ធ្វើ​​ដូចគ្នា​កាលពី​ខែ​វិច្ឆិកា ​២០១៥ ក្រោយ​រង​ការវាយ​ប្រហារ​ភេរវកម្ម ​នៅ​ក្រុង​ប៉ារីស។

គួររំលឹកថា​ ការ​ព្យួរ​មិន​អនុវត្ត​សន្ធិសញ្ញា​អឺរ៉ុប​ ស្តីពី​សិទ្ធិមនុស្ស ​គឺ​មាន​ន័យ​ថា ​តួកគី​នឹង​មាន​សិទ្ធិ​ចាត់​វិធាន​ការ​មួយ​ចំនួន ​ ដោយ​មិន​ចាំបាច់​ខ្វាយខ្វល់​ថា​វា​គោរព​ទៅ​តាម​បទ​បញ្ញត្តិ​អន្តរជាតិ ​ស្តីពី​ការ​គោរព​សិទ្ធិ​មនុស្ស​ដែរ​រឺ​ទេ។ ធ្វើ​ដូច​នេះ​ គឺ​តួកគី​នឹង​មិន​អាច​រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ទៅ​ថ្ងៃ​ក្រោយ​ទេ។

តាម​ការ​គ្រោងទុក​ រដ្ឋាភិបាល​តួកគី ​នឹង​ប្រើ​កាលៈទេសៈ​អាសន្ន​នេះ ​ ដើម្បី​ដាក់​ចុះ​នូវ​ក្រិត្យ ​និង​បទ​បញ្ញតិ​មួយ​ចំនួន ​ដែល​មាន​តម្លៃ​ស្មើ​ច្បាប់ ​ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ការ​ពិភាក្សា​ និង​បោះឆ្នោត​ពី​សភា​ទេ។ តួយ៉ាង ​ដូចជា​ការ​ចុះ​ឆែកឆេរ ​រឹបអូស ​ចាប់​ឃុំខ្លួន ​ ដោយ​មិន​ចាំបាច់​មាន​ដីកា​បង្គាប់​ពី​តុលាការ ​និង​ការ​ត្រួត​ពិនិត្យ​លើ​ការ​ផ្សព្វផ្សាយ​របស់​ប្រព័ន្ធ​ព័ត៌មាន ​ទាំង​រដ្ឋ​ទាំង​ឯកជន។ រហូត​មក​ត្រឹម​ពេល​នេះ ​មនុស្សជិត​១ម៉ឺន​នាក់ ​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន ​ហើយ​បុគ្គលិក​ស្ថាប័ន​រដ្ឋ​ចំនួន​ជាង​៥ម៉ឺន​នាក់ ត្រូ​វ​បាន​គេ​ដក​ហូត​ពី​ការងារ។

បន្ថែម​ពីនេះ ​អាជ្ញាធរ​តួកគី ​អាច​មាន​សិទ្ធិ​ប្រើច្បាប់​អាជ្ញាសិក ​ហាមឃាត់​មិន​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​ ​រឺ​ក៏​រឹត​បន្តិង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ជាដើម។ យ៉ាងណាក៏​ដោយ ​ការ​ដែល​រដ្ឋាភិបាល​តួកគី ​ បាន​ហាម​ឃាត់​សាស្ត្រាចារ្យ​សកលវិទ្យាល័យ ​ មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​បង្រៀន​ រឺ​ចូលរួម​វេទិកា​ជជែក​នៅ​ក្រៅ​ប្រទេស ​ ត្រូវ​បាន​គេ​រិះគន់​ជា​ខ្លាំង។

លោក​ប្រធានាធិបតី​តួកគី​បាន​បញ្ជាក់​តាម​កញ្ចក់​ទូរទស្សន៍​ថា ​ តួកគី​នឹង​នៅ​តែ​ជា​ប្រទេស​គោរព​នីតិរដ្ឋ​ គោរព​លទ្ធិប្រជាធិបតេយ្យ ​បើ​ទោះ​ជា​តួកគី​កំពុង​អនុវត្ត​កាលៈទេសៈ​អាសន្ន​ក៏​ដោយ។ លោក​បន្ត​ថា ​តែ​តួកគី​ មិន​អាច​អត់ឱន​ឲ្យ​ក្រុម​បក្សពួក​ក្បត់ ​ដែល​បាន​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល ​និង​ស្ថាប័ន​រដ្ឋ​បាន​ទេ។ ចំណែក​ លោក​ឧបនាយករដ្ឋមន្ត្រី​តួកគី​បាន​បញ្ជាក់​ថា ​ថ្វី​បើ​ការ​ប្រកាស​ស្ថានភាព​អាសន្ន ​មាន​សុពល​ភាព​រយៈពេល​បី​ខែ ​ តែ​រដ្ឋាភិបាល​នឹង​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ ដើម្បី​បិទ​បញ្ចប់​វា​ឲ្យ​បាន​ឆាប់​ជា​ទី​បំផុត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ