អានតួអត្ថបទ
អង់គ្លេស-អ៊ីរ៉ង់

អង់គ្លេស​បើក​ស្ថានទូត​សាជា​ថ្មី​ នៅ​អ៊ីរ៉ង់

ថ្ងៃ​អាទិត្យ ​ទី​២៣ ​សីហា ​នេះ ​លោក​ហ្លីលីព ​ហាម៉្មុន ​រដ្ឋមន្តី្រ​ការបរទេស​អង់គ្លេស​ បាន​អញ្ជើញ​ទៅ​ដល់​ទី​ក្រុង​តេអេរ៉ង់ ​រដ្ឋធានី​ប្រទេស​អីរ៉ង់ ​ដើម្បី​ជា​អធិបតី ​​ក្នុង​ពិធី​បើក​ស្ថានទូត​ចក្រភព​អង់គ្លេស​ សា​ជា​ថ្មី​ឡើង​វិញ​ បន្ទាប់​ពី​បាន​បិទ​ទ្វារ​ អស់​រយៈពេល​ជិត​ បួន​ឆ្នាំ​ កន្លង​មក​នេះ។​​ នេះ​គឺ​ការ​ខិត​មក​ជិត​គ្នា​ឡើង​វិញ​ បន្ទាប់​ពី​អ៊ីរ៉ង់ ​និង​ប្រទេស​មហា​អំណាច​ទាំង​៦ ​បាន​ចុះ​ហត្ថលេខា​លើ​ កិច្ច​ព្រម​ព្រៀង ​ស្តីពី​កម្មវិធី ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ កាល​ពី​ខែ​កក្កដា​ កន្លង​ទៅ។

ផ្លាកថ្មី ដាក់នៅ​មាត់ទ្វារ​ចូល​ស្ថាន​ទូត​ចក្រភព​អង់គ្លេស ប្រចាំ​នៅរដ្ឋធានី​តេអេរ៉ង់ ប្រទេសអ៊ីរ៉ង់
ផ្លាកថ្មី ដាក់នៅ​មាត់ទ្វារ​ចូល​ស្ថាន​ទូត​ចក្រភព​អង់គ្លេស ប្រចាំ​នៅរដ្ឋធានី​តេអេរ៉ង់ ប្រទេសអ៊ីរ៉ង់
ផ្សាយពាណិជ្ជកម្ម

លោក ​ហ្វីលីព ហាម៉្មុន ​រដ្ឋមន្រ្តី​ការបរទេស​ចក្រភព​អង់គ្លេស​ បាន​ថ្លែង​ថា​ នេះ​គឺ​ជា​ឱកាស​ជា​ប្រវត្តិសាស្ត្រ​ នៃ​ទំនាក់​ទំនង​ការទូត​ រវាង​ប្រទេស​ទាំង​ពីរ ​អ៊ីរ៉ង់ និង​ចក្រភព​អង់គ្លេស។  ស្រប​ពេល​ជាមួយ​គ្នា​នេះ ​ស្ថានទូត​អ៊ីរ៉ង់ ​ប្រចាំ​នៅ​ទីក្រុង​ឡុងដ៍ ​ក៏​បាន​បើកទ្វារ​ឡើង​វិញ​ដែរ។ បន្ត​ពី​កម្មវិធី ​សម្ភោធ​ដាក់​ឲ្យ​ដំណើរ​ការ​សាជា​ថ្មី​ស្ថានទូត ​លោក ​រដ្ឋមន្ត្រី​អង់គ្លេស​ ក៏​មាន​គម្រោង​ជួប​ជាមួយ ​ប្រធានាធិបតី​អ៊ីរ៉ង់ ​លោក​ ហាសាន់ រ៉ូហានី ​និង​លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ ​ម៉ូហាម៉េដ ចាវ៉ាដ​ ហ្សារីហ្វ ​ផងដែរ។

 
ទោះបី​ជា​យ៉ាងណា ​នៅ​ក្នុង​សន្ទរកថា ​របស់​លោក ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ​លោក​បាន​បញ្ជាក់​ថា ​ការ​បើក​ស្ថានទូត​ជា​ថ្មី​នេះ ​មិនមែន​មាន​ន័យ​ថា ​ពី​ពេល​នេះ​ទៅ ​អ៊ីរ៉ង់​ និង​អង់គ្លេស ​​ត្រូវរូវ​គ្នា​គ្រប់​រឿង​នោះ​ទេ។ ប៉ុន្តែ ​ការ​មាន​តំណាង​ទូត​រវាង​គ្នា ​គឺ​ជា​ចំណុច​ចាប់​ផ្តើម​ដ៏​សំខាន់ ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង ​និយាយ​ជាមួយ​គ្នា។
 

លោក ហ្វីលីព ហាម៉្មុុន រដ្ឋមន្ត្រី​ការបរទេសអង់គ្លេស ក្នុង​ពេល​ថ្លៃង​សន្ទរកថា បើក​ស្ថានទូត​សាជាថ្មី នៅក្រុង​​តេអេរ៉ង់
លោក ហ្វីលីព ហាម៉្មុុន រដ្ឋមន្ត្រី​ការបរទេសអង់គ្លេស ក្នុង​ពេល​ថ្លៃង​សន្ទរកថា បើក​ស្ថានទូត​សាជាថ្មី នៅក្រុង​​តេអេរ៉ង់ REUTERS/Darren Staples

អ្វីដែល​អង់គ្លេស​ចង់​បាន ​គឺ​ធានា​ឲ្យ​កិច្ច​ព្រមព្រៀង ​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ ​បាន​ជោគជ័យ។ លោក បន្តថា ​ភាព​ជោគជ័យ​នេះ ​នឹង​នាំ​ទៅ​ដល់​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច ​ហើយ​ការ​នេះ ​នឹង​ជំរុញ​ឲ្យ​មាន​ការ​ដោះដូរ​ពាណិជ្ជកម្ម ​និង​វិនិយោគទុន។ លោក ​ហ្វីលីព ហាម៉្មុន ​បន្ថែម​ថា ​មាន​ចំណុច​ជា​ច្រើន ​ដែល​អង់គ្លេស ​ត្រូវ​​ការ​ពិភាក្សា ​ជាមួយ​អ៊ីរ៉ង់  ​ដូច​ជា​ បញ្ហា​ភេរវកម្ម​ ស្ថិរភាព​ក្នុង​តំបន់​ដើម​បូព៌ា ​ការ​គម្រាម​កំហែង​របស់​ក្រុម​ជីហាដ​រដ្ឋ​អ៊ីស្លាម ​នៅ​ស៊ីរី ​និង​អ៊ីរ៉ាក់ ​ព្រម​ទាំង​វិបត្តិ​ជន​ភៀសខ្លួន​ជាដើម។
 

សូម​បញ្ជាក់​ថា​ ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​រដ្ឋធានី ​តេអេរ៉ង់ ​បាន​បិទទ្វារ ​កាល​ពី​ឆ្នាំ​២០១១ ​បន្ទាប់​ពី​មាន​បាតុកម្ម​ហឹង្សា​របស់​ក្រុម​ជាតិ​និយម​អ៊ីរ៉ង់ ​​ហើយ​​បាន​ដុត​បំផ្លាញ​ស្ថានទូត។ ការ​ខិត​មក​ជិត​គ្នា​ឡើង​វិញ ​រវាង​ប្រទេស​ទាំង​ពីរ ​គឺ​ជា​លទ្ធផល ​នៃ​កិច្ច​ព្រមព្រៀង ​ស្តីពី​ការ​គ្រប់គ្រង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ដែលបាន​ចុះ​ហត្ថលេខា​ កាល​ពី​ថ្ងៃ​១៤ ​កក្កដា ​កន្លង​ទៅ។ ចាប់​ពី​ពេល​នេះ​តទៅ ​ប្រទេស​ធំៗ​នៅ​អឺរ៉ុប ​ចាប់​ផ្តើម​មាន​ស្ថានទូត​ឡើង​វិញ ​នៅ​អ៊ីរ៉ង់​ហើយ។ លើក​លែង​តែ ​សហរដ្ឋ​អាមេរិក ​និង​កាណាដា ​ដែល​មិន​ទាន់​ បើក​ស្ថាន​ទូត​ឡើង​វិញឭ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ