អានតួអត្ថបទ
ស៊ីរី

ប្រធានាធិបតី​ស៊ីរី ទទួល​ស្គាល់​ទាហាន​របស់ខ្លួន​ចុះ​ខ្សោយ​កម្លាំង

លង់ខ្លួន​ក្នុង​សង្រ្គាម​ស៊ីវិល​បង្ហូរ​ឈាង​ជាង​៤​ឆ្នាំនេះ ដែល​បាន​សម្លាប់​មនុស្ស​ជាង ២សែន ៣​ម៉ឺននាក់ ប្រធានាធិបតី​ស៊ីរី លោក​បាស្ហារ អាល់ អាសាដ បាន​ប្រកាស​ទទួល​ស្គាល់​ថា ទាហាន​ស៊ីរី​កំពុង​ហត់នឿយ ដោយសារ​សង្រ្គាម។ ហត់នឿយ ប៉ុន្តែ មិន​ចុះចាញ់។ នេះ បើតាមការអះអាង​របស់​ប្រធានាធិបតី ស៊ីរី កាលពី​ថ្ងៃ​អាទិត្យ​ទី ២៦ កក្កដា។ 

ប្រធានាធិបតី​ស៊ីរី លោក​បាស្ហារ អាល់អាសាដ​ថ្លែង​សុន្ទរកថា នៅ​ថ្ងៃ​អាទិត្យ​ទី ២៦​កក្កដា ២០១៥
ប្រធានាធិបតី​ស៊ីរី លោក​បាស្ហារ អាល់អាសាដ​ថ្លែង​សុន្ទរកថា នៅ​ថ្ងៃ​អាទិត្យ​ទី ២៦​កក្កដា ២០១៥ AFP PHOTO / SYRIAN PRESIDENCY
ផ្សាយពាណិជ្ជកម្ម

ជាឥរិយាបថ​​ដ៏ កម្រ ប្រធានាធិបតី​ស៊ីរី លោក​បាស្ហារ អាល់ អាសាដ បាន​ប្រកាស​ទទួល​ស្គាល់​ការថយ​កម្លាំង​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ីរី។ នៅ​ក្នុង​សុន្ទរកថា ថ្លែង​ទៅកាន់​អ្នកតំណាង​ស្ថាប័ន​សេដ្ឋកិច្ច ស៊ីរី ដែល​ត្រូវ​បាន​ថត ចាក់ផ្សាយ​តាមទូរទស្សន៍​ជាតិ​ស៊ីរី លោក​អាសាដ​បាន​និយាយថា ពិតជា​មាន​ការខ្វះខាត​ធនធាន​មនុស្ស​នៅក្នុង​ជួរ​កងទ័ព​ស៊ីរី។

 
តាម​អ្នកជំនាញ ចាប់តាំង​ពី​ផ្ទុះ​សង្រ្គាម​ស៊ីវិលនៅ​ស៊ីរី ចំនួន​កងទ័ព​ស៊ីរី​បាន​ថយចុះ​ ជិត​ពាក់កណ្តាល នៃ​ចំនួន​សរុប​ដែល​មាន​ប្រមាណ​៣​សែននាក់។ បរិមាណ​កងទ័ព​ស៊ីរី​ថយចុះ ដោយសារ តែ​ទាហាន​មួយចំនួន​បាន​រត់ទៅ​ចុះចូល​ជាមួយ​ក្រុមឧទ្ទាម ឬ​មួយចំនួន​ទៀត បាក់ស្បាត​រត់​ចោល​ជួរ​តែម្តង ក្នុង​ពេល ទាហាន​រដ្ឋាភិបាល និងពួក​ឈ្លប​គាំទ្រ​រដ្ឋាភិបាល​ជាង ៨ម៉ឺន​នាក់​ផ្សេងទៀត បាន​ស្លាប់​នៅក្នុង​សមរភូមិ​ប្រយុទ្ធ។

“បញ្ហាដែល​កងទ័ព​ស៊ីរី​កំពុង​ជួប​ប្រឈម​ឥលូវនេះ មិនមែន​ជារឿង​ផែនការ​យុទ្ធសាស្រ្ត​អ្វីទេ ប៉ុន្តែ គឺ​ការហត់នឿយ ដោយសារ​សង្រ្គាម។ ហត់នឿយ មិនមែន​មាន​ន័យ​ថា ចុះចាញ់​នោះទេ។ ចុះចាញ់ បរាជ័យ គ្មាន​ទេ នៅក្នុង​វចនានុក្រម​ស៊ីរី។ យើង​នឹង​តស៊ូ រហូត​ដល់​ឈ្នះ” នេះ​ជាសំដី​អះអាង​របស់​លោក​ប្រធានាធិបតី​បាស្ហារ អាល់អាសាដ។

នៅក្នុង​សង្រ្គាម​បង្ហូរឈាម ជាង ៤​ឆ្នាំ កងទ័ព​ស៊ីរី​ត្រូវ​ប្រយុទ្ធ តទល់​នឹង​គូសត្រូវ ពីគ្រប់​ទិស ដែល​មាន​តាំង​ពី​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម ក្រុមអ៊ីស្លាមជ្រុលនិយម ដែល​ជា​បណ្តាញ​របស់​ក្រុម​អាល់កៃដា និង​ក្រុមឧទ្ទាម ដែល​ជា​ក្រុម​ប្រឆាំង របស់​រដ្ឋាភិបាល​ស៊ីរី តាំងពី​ដំបូងទី។ ប្រឈម​ទៅ​នឹង​​ការខ្វះ​ធនធាន​ទ័ព នៅក្នុង​សមរភូមិ រដ្ឋាភិបាល​ស៊ីរី បាន​ផ្តើម​យុទ្ធនាការផ្សព្វផ្សាយ នៅ​ដើម​ខែ​កក្កដា នេះ ដើម្បី បញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ​ចូល​បម្រើទ័ព។ កាលពី​ថ្ងៃ​សៅរ៍ ទី ២៥​កក្កដា ប្រធានាធិបតី​​ស៊ីរី ថែម​ទាំង​ប្រកាស​លើកលែង​ទោស​រាល់​អ្នករត់​ចោល​សមរភូមិ ទាំងឡាយ​ណា ដែល​សុខចិត្ត​ត្រលប់​ចូល​ប្រយុទ្ធ​ឡើងវិញ។

ការប៉ុនប៉ង​បើកការចរចា​ថ្នាក់ អន្តរជាតិ​ដើម្បី​រកច្រកចេញ​ឲ្យ​វិបត្តស៊ីរី បាន​បរាជ័យ រាល់លើក។ ក្រុមប្រឆាំង​នៅ​តែ​ទាមទារ​ឲ្យ​លោក​បាស្ហារ អាល់អាសាដ ចុះ​ចេញ​ពីតំណែង ក្នុង​ពេល​ដែល​លោក​អាសាដ​ផ្ទាល់ ចង់​បើក​ការចរចា​តែ​ជាមួយ​ក្រុម​ណា​ដែល​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវនិយម។ “ការចរចា​បិទបញ្ចប់​វិបត្តិ​ស៊ីរី ដែល​គ្មាន​រាប់​បញ្ចូល​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម គឺ ជា​ការចរចា ដែល​គ្មានន័យ”។ នេះ​ជាការបញ្ជាក់​របស់​លោក​អាសាដ កាលពី​ថ្ងៃ​អាទិត្យ។ លោក​អាសាដ ប្រើពាក្យ​ភេរវនិយម សម្រាប់​សំដៅ​ក្រុមឧទ្ទាម ក្រុមប្រឆាំង ដែល​ទទួល​បានការគាំទ្រ​ពី​ពួកជីហាត អ៊ីស្លាមជ្រុលនិយម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ