អានតួអត្ថបទ
ស៊ីរី

ក្រុមជីហាត និងក្រុមអាល់កៃដា សម្រុកដណ្តើម​យក​ទឹកដីស៊ីរីទៅ​ធ្វើ​រដ្ឋធានី​រដ្ឋបាល​របស់ខ្លួន

ទាហាន​រដ្ឋាភិបាល​ស៊ីរី កាលពីថ្ងៃ​អាទិត្យ បាន​ពង្រឹង ឈរ​ជើង នៅជុំ​វិញ ទីក្រុង​អ៊ីដលិប ដែល​ក្រុមអាល់នូស្រា របស់​បណ្តាញ​អាល់កៃដា ទើប​វាយ​យក​បាន​កាលពីថ្ងៃ​សៅរ៍។ តាម​អ្នកជំនាញ ក្រុមអាល់នូស្រា សាខា​មួយ​របស់​អាល់កៃដា មាន​គោលដៅ​វាយ​យក​ទីក្រុង​អ៊ីដលិប​​ទៅធ្វើ​ជា​រដ្ឋធានី​សម្រាប់អនាគត​​ដែនដី​របស់ខ្លួន។ 

ពួកឧទ្ទាម​អីស្លាម​និយម​ជា​ក្រុម​ប្រឆាំង​មួយ​ដែល​ទើប​ប្រយុទ្ធ​ដណ្តើម​បាន​ទីក្រុង​អ៊ីដលិប​ពី​ទ័ព​រដ្ឋាភិបាលស៊ីរី កាលពីថ្ងៃ​សៅរ៍ ទី ២៨ ប៉ុន្តែ ក្រុមនេះ​បាន​ភ្ជាប់ខ្លួន​ទៅនឹង​ក្រុម​អាល់នូស្រា​ដែល​ជា​បណ្តាញ​របស់​អាល់កៃដា
ពួកឧទ្ទាម​អីស្លាម​និយម​ជា​ក្រុម​ប្រឆាំង​មួយ​ដែល​ទើប​ប្រយុទ្ធ​ដណ្តើម​បាន​ទីក្រុង​អ៊ីដលិប​ពី​ទ័ព​រដ្ឋាភិបាលស៊ីរី កាលពីថ្ងៃ​សៅរ៍ ទី ២៨ ប៉ុន្តែ ក្រុមនេះ​បាន​ភ្ជាប់ខ្លួន​ទៅនឹង​ក្រុម​អាល់នូស្រា​ដែល​ជា​បណ្តាញ​របស់​អាល់កៃដា ©REUTERS/Khalil Ashawi
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​ធំទីពីរ​របស់​រដ្ឋាភិបាល​ស៊ីរី​អ៊ីដលិប​បាន​ធ្លាក់​ទៅក្នុង​ដៃ​របស់​ពួកជីហាត នៃ​ក្រុម​អាល់នូស្រា នៅថ្ងៃ​សៅរ៍។ ការបាត់បង់​ទីក្រុង​សំខាន់​មួយ​ទៀត ទៅក្នុង​ដៃ​របស់​ពួកប្រឆាំង អាច​ធ្វើ​ឲ្យ​អំណាច របស់​រដ្ឋាភិបាល ស៊ីរី កាន់តែ​ចុះខ្សោយ នៅ​ក្នុង​ពេល​ដែល​សង្រ្គាម​ស៊ីវិល ហែកហួរ រយៈពេល ៤​ឆ្នាំ។ របប​ស៊ីរី​បាន​បាត់បង់​ទីក្រុង​រ៉ាកា ដែល​ពេលនេះ កំពុង​ត្រូវ​​ពួកជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម យក​ទៅធ្វើ​ជា​ទីតាំង រដ្ឋធានី​សំខាន់ ក្នុង​ទឹកដី​ដែល​ខ្លួន​វាយ​ដណ្តើម​យក​បាន​នៅក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។

 
ពួកអាល់នូស្រា ដែល​ជា​បណ្តាញ​អាល់កៃដា ទំនង​ចង់​ធ្វើ​តម្រាប់​តាម​​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ដោយ​វាយ​ដណ្តើម​យក​ទីក្រុង​អ៊ីដលិប នៅ​ភាគខាងជើង ស៊ីរី ទៅធ្វើ​ជា​រដ្ឋធានី រដ្ឋបាល​របស់ខ្លួន នៅថ្ងៃ​អនាគត។

នៅថ្ងៃ​អាទិត្យ បន្ទាប់​ពី​ចាញ់ដៃ​ក្រុមអាល់នូស្រា ទាហាន​រដ្ឋាភិបាល​ស៊ីរី បាន​ប្រមូល​ផ្តុំ កម្លាំង​ជុំវិញ ទីក្រុង​អ៊ីដលិប ដោយ​សង្ឃឹម​នឹង​វាយរុញច្រាន​ពួកអាល់នូស្រា​ចេញពី​ទីក្រុង​អ៊ីដលិប​វិញ។ ពួកអាល់នូស្រា​អាច​វាយ​យក​បាន​ទីក្រុង​អ៊ីដលិប តែ​ក្នុង​រយៈពេល​៥ថ្ងៃ ដោយ​បាន​ការចូលរួម គាំទ្រ​ពី​ពួកឧទ្ទាម​អ៊ីស្លាម​និយម ដែល​ជា​ក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាដ។ ការប្រយុទ្ធ​៥​ថ្ងៃ ដែល​បាន​សម្លាប់មនុស្ស ១៧០នាក់។ នេះ​បើតាម​អង្គការ​តាមដាន​សិទ្ធិ​មនុស្ស​ស៊ីរី។

តាម​អង្គការ​តាមដាន​សិទ្ធិមនុស្ស​ស៊ីរី ដែល​បាន​ដកស្រង់​សំដី​របស់​ពួក​ក្រុមប្រឆាំង គេ​រក​ឃើញ សាកសព​របស់​អ្នកទោស ១៥​នាក់ ដែល​ត្រូវ​បាន​ទាហាន​រដ្ឋាភិបាល​ស៊ីរី​ប្រហារជីវិត មុន​ពេល​ដាក់​មេផាយ គេច​ចេញ​​ពី​ទីក្រុង​អ៊ីដលិប កាលពីថ្ងៃ​សៅរ៍។

នៅថ្ងៃ​អាទិត្យ កម្លាំង​​ប្រឆាំង​ស៊ីរី នៅ​បរទេស​បាន​ស្វាគម និង​ចាត់ទុក ការវាយដណ្តើម​យក​បាន​ទីក្រុង​អ៊ីដលិប ថា ជា​ដំណាក់កាល​ឈាន​ទៅ​រំដោះ​ទាំងស្រុង ទឹកដី​ស៊ីរី ចេញ​ពី​ដៃ​ប្រធានាធិបតី​បាស្ហា អាល់ អាសាដ។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន របស់ខ្លួន ក្រុមប្រឆាំង​ស៊ីរី​នៅបរទេស មិន​និយាយ​យោង​ទៅដល់​ថា ក្រុមណា​ជា​អ្នកឈ្នះ វាយដណ្តើម​យកបាន ទីក្រុង​អ៊ីដលិប ទេ ប៉ុន្តែ បាន​ត្រឹម​អះអាងថា ក្រុម​ថ្មី ដែល​ចូលទៅ​កាន់កាប់​ទីក្រុង​អ៊ីដលិប​នឹង​គោរព​ច្បាប់អន្តរជាតិ និង​ការពារ​សន្តិសុខ​ឲ្យ​ប្រជាជនស៊ីរី។

ការណ៍​ដែល​រដ្ឋាភិបាល​ស៊ីរី​បាត់បង់​ទីក្រុង​មួយទៀត ទៅក្នុងដៃ​របស់​ពួក​ក្រុមប្រឆាំង អាច​ជា​ជោគជ័យ​មួយ​សម្រាប់​ចលនា​ប្រឆាំង​ស៊ីរី។ ប៉ុន្តែ នៅក្នុង​ស្ថានភាព​ជាក់ស្តែង ទឹកដី​ស៊ីរី​កំពុង​ធ្លាក់​បន្តិចម្តងៗ ទៅក្នុង​ការគ្រប់គ្រង​​របស់​ពួកជីហាត ពួកភេរវនិយម ដែល​ជាបណ្តាញ​អាល់កៃដា ប៉ុន្តែ មិនមែន​ធ្លាក់​ទៅក្នុង ដៃ​របស់​ក្រុមប្រឆាំង​ស៊ីរី ដែល​ចង់​ស្រោចស្រង់​ប្រទេស​ឲ្យ​រួច ចេញផុត​ពី​អំពើហិង្សា នោះទេ។ ទីក្រុង​មួយ​ទៀត ធ្លាក់​ទៅក្នុង​ដៃ​របស់ពួកជីហាត​អាល់នូស្រា ដែល​ជា​បណ្តាញ​អាល់កៃដា នឹង​ធ្វើ​ឲ្យ​ទឹកដី​ស៊ីរី កាន់តែ​ច្រើន​ធ្លាក់​ទៅក្រោម​ការកាន់កាប់​របស់​ពួកភេរវនិយម។ ដូច្នេះ វា​ជា​ដំណឹង​មិនល្អ និង​បង្ក​ភាពស្មុគស្មាញ មួយ​កម្រិតទៀត សម្រាប់​សម្ព័ន្ធ​អន្តរជាតិ​ដែល​ចង់​វាយ​បំផ្លាញ​ឲ្យ​អស់ ក្រុមជីហាត​ពីក្រុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ