អានតួអត្ថបទ
យេម៉ែន

យេម៉ែន៖អ.ស.ប.បន្ត​គំាទ្រ​លោក​ប្រធានាធិបតី​ហាឌី តែ​ក្រុមឧទ្ទាម​អ៊ូទីស្ស​កំពុង​បន្ត​វាតទី​ក្រសោប​អំណាច

ស្ថានការណ៍​កាន់​តែ​ធ្លាក់​ដុនដាប​ខ្លំាង​នៅ​ក្នុង​ប្រទេស​យេម៉ែន។ ក្រុមឧទ្ទាម​ហ៊ូទី្ស​កំពុង​បន្ត​ដំណើរ​ទៅ​មុខ​ឆ្ពោះ​ទៅ​ក្រសោប​យក​ទីក្រុង​អាដេន​ដែល​លោក​ប្រធានាធីបតី​ហាឌី​កំពុង​ពួនសម្ងំ​លាក់ខ្លួន​នៅ​ទីនោះ។ ដំណើរ​ទៅ​កាន់​ទីក្រុង​អាដេន​ពេល​នេះ​បាន​កើត​មាន​ចំ​ឡើង បន្ទាប់​ពី​ពួក​នេះ​បាន​ចូល​កាន់​កាន់កាប់​ដែនដី​មួយ​ភាគ​របស់​ទីក្រុង​តាអេ​ដែល​ជា​ទីក្រុង​សំខាន់​ទី៣ របស់​ប្រទេស​យេម៉ែន។ គឺ​ប្រឈម​នឹង​ស្ថានការណ៍​កាន់​តែ​ដុនដាប​នៅ​យេម៉ែន​ពេល​នេះ​ហើយ​ដែល​ក្រុមប្រឹក្សាសន្តិសសុខ​អង្គការសហប្រជាជាតិ​បាន​អនុម័ត​ចេញ​នូវ​សេចក្តីសម្រេចចិត្ត​មួយ​ដោយ​បន្ត​គំាទ្រ​លោក​ប្រធានាធិបតី​ស្របច្បាប់​យេម៉ែន​ហាឌី។

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ
ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ REUTERS/Mike Segar
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្តីពី​ប្រទេស​យេម៉ែន​ដែល​បាន​កោះប្រជុំ​បន្ទាន់​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី២២ មីនា គឺ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លំាង​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​ព្រឹត្តិការណ៍​វិវឌ្ឍន៍​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​យេម៉ែន ពិសេស​អំពើភេរវកម្ម​ផ្ទួន​គ្នា​រៀបចំ​ដោយ​អង្គការ​រដ្ឋអ៊ីស្លាម​កាល​ពី​ថ្ងៃ​សុក្រ ទី២០ មីនា​កន្លង​ទៅ​ដោយ​បាន​ផ្តាច់ជីវិត​មនុស្ស ១៤២នាក់ និង​ការ​រំកិល​ទៅ​មុខ​របស់​ក្រុម​ឧទ្ទាម​ហ៊ូទី្ស​ក្នុង​គោលដៅ​ក្រសោបអំណាច​ទំាង​ស្រុង​នៅ​យេម៉ែន។

នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​នោះ ក្រុមប្រឹក្សាសន្តិសុខ​មិន​និយាយ​ពី​រដ្ឋប្រហារ​ទេ តែ​បាន​ថ្កោលទោស​ជា​ថ្មី​ម្តង​ទៀត​លើ​វិធានការ​ព្យាយាម​ដណ្តើមអំណាច​ជា​លក្ខណៈ​ឯកតោភាគី​របស់​ពួក​ឧទ្ទាម​ហ៊ូទី្ស។ ទន្ទឹម​គ្នា​នេះ ក្រុមប្រឹក្សាសន្តិសុខ​ក៏​បាន​បន្ត​គំាទ្រ​លោក​ប្រធានាធិបតី​យេម៉ែន​ស្របច្បាប់​ហាឌី​ដែល​កំពុង​ភៀសខ្លួន​ពួនសម្ងំ​នៅ​ក្នុង​ទីក្រុង​អាដេន​ដែល​ជា​ទីក្រុង​សំខាន់​ទី២ របស់​យេម៉ែន។ បន្ទាប់​ពី​វាយ​យក​បាន​ទីក្រុង​តាអេ​នា​ពេល​ថ្មីៗ​មក កម្លំាង​ប្រដាប់​អាវុធ​ហ៊ូទី្ស​កំពុង​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​យក​ទីក្រុង​អាដេន​ទៀត។

យ៉ាង​ណា​ក៏​ដោយ ក្រុមប្រឹក្សាសន្តិសុខ​នៅ​តែ​មាន​ជំនឿ​លើ​ដំណោះស្រាយ​តាម​ផ្លូវចរចា។ ជា​ថ្មី​ម្តង​ទៀត សមាជិក​ទំាង ១៥ប្រទេស​នៃ​ក្រុមប្រឹក្សាសន្តិសុខ​បាន​យល់​ឃើញ​ថា មាន​តែ​កិច្ចសន្ទនា​តែ​មួយ​គត់​ដែល​អាច​ដោះស្រាយ​ជម្លោះ​នៅ​យេម៉ែន​សព្វថ្ងៃ។ ក៏​ប៉ុន្តែ ប្រេសិតពិសេស​របស់​អង្គការសហប្រជាជាតិ​លោក​យ៉ាម៉ាល់ បឺណូបារ​បាន​ព្រមាន​ទុក​មុន​ថា ភាគី​លោក​ប្រធានាធិបតី​ហាឌី និង​ភាគី​ឧទ្ទាម​ហ៊ូទី្ស គ្មាន​នរណា​មួយ​មាន​លទ្ធភាព និង​សមត្ថភាព​ក្នុង​ការ​ដណ្តើម​យក​អំណាច​បាន​ទំាងស្រុង​​ទេ។ លោក បឺណូបារ យេម៉ែន​បាន​យល់​ឃើញ​ថា បើ​ភាគី​ជម្លោះ​ទំាង​ពីរ​នៅ​បន្ត​ហែកហួរ​គ្នា​របៀប​នេះ នោះ​យេម៉ែន​នឹង​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល ដូច​ករណី​ប្រទេស​អ៊ីរ៉ាក់ ស៊ីរី ឬ​មួយ​ក៏​លីប៊ី​ដោយ​ចៀស​មិន​រួច។

អ្វី​ដែល​ជា​ការ​បារម្ភ​ខ្លំាង​របស់​ក្រុមប្រឹក្សាសន្តិសុខ គឺ​ការ​ដែល​សាខា​អាល់កៃដា​ក្នុង​តំបន់ AQPA ឆ្លៀត​ឆក់​យក​ឱកាស​ពី​ស្ថានការណ៍​ដុនដាប​នៅ​យេម៉ែន​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ