អានតួអត្ថបទ
យេម៉ែន

ក្រុម​ប្រឹក្សា​សន្តិសុខ​នឹង​បោះឆ្នោត​ទាមទារ​ឲ្យ​ក្រុម​ប្រដាប់​អាវុធ​ហ៊ូទី្ស​ប្រគល់​អំណាច​ឲ្យ​ប្រធានាធិបតី​យេម៉ែន​វិញ

ក្រុមប្រដាប់​អាវុធ​ហ៊ូទី្ស ដែល​បាន​ចូល​ប្លន់អំណាច​នៅ​យេម៉ែន កាលពីចុង​ខែ​មករា​កន្លងទៅ បាន​ប្រកាស​ថា ខ្លួន​មិន​ចុះញ៉ម​នឹង​ការគំរាម​ពីបរទេស​ជាដាច់ខាត។ កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ រាជាណាចក្រ​អារ៉ាប់​ទំាង​៦ ក្នុង​ឈូងសមុទ្រ​ពែរ្ស៍ ដែល​បាន​កោះប្រជុំ​បន្ទាន់​នៅទីក្រុង​រីយ៉ាត​របស់​ប្រទេស​អារ៉ាប៊ី សាអូឌីត បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ចេញ​សេចក្តី​សម្រេចចិត្ត​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុមប្រដាប់​អាវុធ​ហ៊ូទី្ស នៅ​យេម៉ែន។  

ក្រុមប្រដាប់​អាវុធ​ហ៊ូទី្ស​ចូល​ក្តាប់​អំណាច​នៅ​ទីក្រុង​សាណា ប្រទេស​យេម៉ែន
ក្រុមប្រដាប់​អាវុធ​ហ៊ូទី្ស​ចូល​ក្តាប់​អំណាច​នៅ​ទីក្រុង​សាណា ប្រទេស​យេម៉ែន
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ត្រូវ​គេ​រំពឹង​ថា នឹង​បោះឆ្នោត​លើ​សេចក្តី​សម្រេច​មួយ នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​នឹង​ទាមទារ​ឲ្យ​ក្រុម​ហ៊ូទី្ស​ដក​ខ្លួន​ចេញ​ពី​អំណាច នៅ​យេម៉ែន និង​ដោះលែង​លោក​ប្រធានាធិបតី​ហាឌី រួម​ទាំង​មន្រ្តីរដ្ឋាភិបាល​យេម៉ែន​ដទៃ​ទៀត។ នៅក្នុង​អត្ថបទ​ព្រាង ប្រទេស​ទាំង​១៥​របស់​ក្រុមប្រឹក្សា​សន្តិសុខ​តម្រូវ​ឲ្យ​​ពួក​ហ៊ូទី្ស​បោះបង់​ចោល​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ការកាន់កាប់​ស្ថាប័ន​រដ្ឋ និង​ត្រលប់​មក​ចរចា​សន្តិភាព នៅក្រោម​ការរៀបចំ​របស់​អង្គការ​សហប្រជាជាតិ។

 
សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ​​មាន​លើក​និយាយ​ផងដែរ​ពី​ទណ្ឌកម្ម ក្នុង​ករណី​ដែល​ក្រុមហ៊ូទី្ស​មិន​គោរព​ធ្វើតាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ។ ក្រុមប្រឹក្សា​សន្តិសុខ​ធ្លាប់​គំរាម​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ូទី្ស កន្លងមកដែរ ប៉ុន្តែ គ្មាន​បាន​ជោគជ័យ នោះទេ។ នៅក្នុង​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី នៅ​ទីក្រុង​រីយ៉ាត រាជាណាចក្រ​អារ៉ាប់​ទាំង​៦ ដែល​ជា​ប្រទេស​ជិតខាង​របស់​យេម៉ែន បាន​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ចាត់វិធានការ បែប​ចាប់បង្ខំ ដោយ​អនុវត្ត​ជំពូក​ច្បាប់​ទី​៧ របស់​អង្គការ​សហប្រជាជាតិ។ ជំពូក​ច្បាប់​ទី​៧ មាន​ចែង​ពីការ​ដាក់គំនាប​​សេដ្ឋកិច្ច ឬ​ប្រើ​កម្លាំងយោធា ដើម្បី​ចាប់​បង្ខំ​ឲ្យ​ក្រុម​ប្រដាប់​អាវុធ​គោរព​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ។

នៅប៉ុន្មាន​ម៉ោង​ក្រុមប្រឹក្សា​សន្តិសុខ​បោះឆ្នោត​ចេញ​សេចក្តីសម្រេច ដាក់​គំនាប​លើ​ខ្លួន ក្រុមហ៊ូទី្ស ​តាមរយៈ អ្នកនាំពាក្យ លោក​មូហាម៉េដ អាប់ដេសាឡាម បាន​ប្រកាសថា ពួកគេ​នឹង​មិន​លត់ជង្គង់ ចុះញ៉ម​នឹង​ការគំរាមកំហែង​ណាទាំងអស់។ ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន សាបា ដែល​ខ្លួន​បាន​យក​មកគ្រប់គ្រង ចាប់តាំង​ពី​ចូល​កាន់អំណាច​នៅ​យេម៉ែន ក្រុមហ៊ូទី្ស​បាន​បញ្ជាក់ថា ប្រជាជាន​យេម៉ែន​កំពុង​ចង់​ដឹកនាំ​ប្រទេស​ដោយ​ខ្លួនឯង គឺ​មិនឲ្យ​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​របស់​បរទេស​ទៀតទេ។ ក្រុមហ៊ូទី្ស​បាន​ចូលកាន់កាប់​ទីក្រុង​សាណា តាំងពី​ខែ​កញ្ញា និង​បាន​ចាប់​បង្ខំ​ឲ្យ​លោកប្រធានាធិបតី​ហាឌី ដែល​មាន​និន្នាការ​ទៅរក​ប្រទេស​លោកខាងលិច ជាពិសេស អាមេរិក ឲ្យ​ចុះ​ពី​អំណាច។ ក្រុមហ៊ូទី្ស​បាន​លាយ​សភា ចាប់​ប្រធានាធិបតី ដាក់ឃុំ​នៅ​គេហដ្ឋាន និង​បាន​ប្រកាស នៅថ្ងៃ​ទី ៦​កុម្ភៈ បង្កើត​ក្រុមប្រឹក្សា​ប្រធានាធិបតី​មួយ ដើម្បី​ដឹកនាំ​ប្រទេស។ ​អាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ា អារ៉ាប់រួម បាន​ដក​មន្រ្តី និងបិទស្ថានទូត​របស់ខ្លួន នៅសាណា ក្នុង​មូលហេតុ​អសន្តិសុខ។

ពួក​ហ៊ូទី្ស ប្រឆាំង​នឹង​ក្រុមអាល់កៃដា នៅ​យេម៉ែន ប៉ុន្តែ ក្រុមហ៊ូទី្ស​នេះ ដែល​គំាទ្រ​ទាំង​កម្លាំងយោធា និង​ហិរញ្ញវត្ថុ​ពី​អ៊ីរ៉ង់ ធ្លាប់​បាន​រិះគន់​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី ហាឌី ថា បាន​ដឹកនាំ​យេម៉ែន តាម​បង្គាប់ និង​ឥទ្ធិពល របស់​ប្រទេស​លោកខាងលិច។ សូមបញ្ជាក់​ដែរ​ថា ក្នុង​រយៈពេល ២ឆ្នំា​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ទីក្រុង​សាណា ប្រធានាធិបតី​ហាឌី បាន​គំាទ្រ​ជា​ចំហ​​ប្រតិបត្តិការ​វាយប្រហារ ​របស់​យន្តហោះ Drones អាមេរិក​ប្រឆំាង​នឹង​ចលនា Aqpa ដែល​ជា​សាខា​របស់​ពួក​អាល់កៃដា នៅ​យេម៉ែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ