អានតួអត្ថបទ
សហរដ្ឋអាមេរិក-អ៊ីរ៉ង់

អាមេរិក​បញ្ជូន​នាវា​ចម្បាំង​ទៅ​ច្រក​សមុទ្រ​អកមូហ្ស​ ដើម្បី​កុំ​ឲ្យ​អ៊ីរ៉ង់​សម្លុត​គេ​ឯង

ច្រក​សមុទ្រ​អកមូហ្ស ​គឺ​ជា​ច្រក​សេដ្ឋកិច្ច​សំខាន់​បំផុត ​សម្រាប់​តំបន់​អារ៉ាប់ ​ពោល​គឺ​ជា​ច្រក​ចេញ​ចូល​ នាវា​ដឹក​ប្រេង​តែ​ម្តង។ ជាមួយ​និង​វិបត្តិ​នៅ​យេម៉ែន ​និង​ការ​កំញើញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ រវាង​អ៊ីរ៉ង់ ​និង​អារ៉ាប៊ីសាអ៊ូឌីត ​អ៊ីរ៉ង់​បាន​ធ្វើ​សកម្មភាព​ឆែកឆេរ​នាវា​ដឹក​ទំនិញ ​ដែល​ធ្វើឲ្យ​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត ​មាន​ការ​ព្រួយ​បារម្ភ។ ឆ្លើយតប​ ទៅ​នឹង​សកម្មភាព​កំញើញ​នេះ ​សហរដ្ឋ​អាមេរិក ​បាន​សម្រេច​បញ្ជូន​នាវា​​ចម្បាំង ​ដើម្បី​បើក​អម​នាវា ​ដឹក​ទំនិញ​ទាំង​អស់​ដែល​ឆ្លង​កាត់​ច្រក​សមុទ្រ ​អកមូហ្ស ​ក្បែរ​ដែនដី​អ៊ីរ៉ង់។

រូបភាព​ឯកសារ ទាហាន អ៊ីរ៉ង់ តំរង់​អាវុធ ទៅ​លើ​នាវាណា​ ដែល​ហ៊ាន បើក​ឆ្លង​កាត់​​ច្រក​សមុទ្រ​Ormuz ក្នុង​ពេលមានជម្លោះ​កាល​ពីឆ្នាំ ១៩៩០
រូបភាព​ឯកសារ ទាហាន អ៊ីរ៉ង់ តំរង់​អាវុធ ទៅ​លើ​នាវាណា​ ដែល​ហ៊ាន បើក​ឆ្លង​កាត់​​ច្រក​សមុទ្រ​Ormuz ក្នុង​ពេលមានជម្លោះ​កាល​ពីឆ្នាំ ១៩៩០ REUTERS/Fars News/Hamed Jafarnejad
ផ្សាយពាណិជ្ជកម្ម

រវាង​សហរដ្ឋ​អាមេរិក​ និង​អ៊ីរ៉ង់ ​ដែល​គេ​សង្កេត​ឃើញ​ថា​ មាន​ការ​ត្រូវរ៉ូវ​គ្នា​ច្រើន ​មួយ​រយៈ​ក្រោយ​នេះ ​បន្ទាប់​ពី​បាន​ចុះ​កិច្ចព្រម​ព្រៀង​គោល ​ស្តី​ពី​ការ​គ្រប់គ្រង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ហាក់​កំពុង​វិល​ត្រលប់ ​ទៅ​រក​ទំព័រ​ចាស់​វិញ​ហើយ​ ពោល​គឺ​ការ​កំញើញ​ដាក់​គ្នា ​តាម​រយៈ​កម្លាំង​យោធា។

 
ដើម​ហេតុ ​គឺ​ក្នុង​រយៈ​ពេល ​ពីរ​បី​សប្តាហ៍​កន្លង​មក​នេះ ​អ៊ីរ៉ង់​បាន​ធ្វើការ​ឆែកឆេរ ​នាវា​ដឹក​ទំនិញ​ធំៗ ដែល​បើក​ឆ្លង​កាត់ ​ច្រក​សមុទ្រ​អកមូហ្ស ​ក្បែរ​ដែនដី​របស់​ខ្លួន។​ ការ​ឆែកឆេរ​នាវា ​ពី​សំណាក់​ក្រុម​យោធា​អ៊ីរ៉ង់ ​ត្រូវ​បាន​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត ​ជា​ពិសេស ​អារ៉ាប៊ីសាអ៊ូឌីត​តែ​ម្តង ​មើល​ឃើញ​ថា ​គឺ​ជា​ការ​គម្រាម​កំហែង​របស់​អ៊ីរ៉ង់​ ទៅ​លើ​ស្ថិរភាព​ក្នុង​តំបន់។

សូម​បញ្ជាក់​ថា​ ច្រក​សមុទ្រ ​អកមូហ្ស​នេះ ​ជា​ច្រក​សេដ្ឋកិច្ច​សំខាន់​ណាស់ ​សម្រាប់​ប្រទេស​អារ៉ាប់ ​ដូច​ជា អារ៉ាប៊ីសាអ៊ូឌីត ​កាតា​ អារ៉ាប់រួម ​បារ៉ែន ​ជា​ដើម។ ពោល​គឺ​ជា​ច្រក​ដែល​​ប្រទេស​ទាំង​នេះ ​ដឹក​ប្រេង​ចេញ​យក​ទៅ​លក់ ​នឹង​ដឹក​ទំនិញ​ចូល​ទៅ​ក្នុង​ស្រុក​វិញ។ ប៉ុន្តែ​ច្រក​នេះ ​ស្ថិត​នៅ​ក្នុង​ដែនទឹក​របស់​អ៊ីរ៉ង់ ​ដែល​ជា​​ហេតុ​ធ្វើ​ឲ្យ​អ៊ីរ៉ង់​បាន​ចិត្ត ​ចង់បិទ​ច្រើន​ដង​រួច​មក​ហើយ។

ឆ្លើយ​តប​ទៅ​នឹង ​ការ​ព្រួយ​បារម្ភ​របស់ ​ប្រទេស​អារ៉ាប់ ​និង​បណ្តា​ក្រុមហ៊ុន​ដឹក​ទំនិញ ​សហរដ្ឋ​អាមេរិក ​បាន​សម្រេច​នៅ​ថ្ងៃ​សៅរ៍ ​ទី​២​ឧសភា ​នេះ​ថា ​នឹង​បញ្ជូន​នាវា​ចម្បាំង​ទៅ​បើក​អម ​នាវា​ដឹក​ទំនិញ ​ដើម្បី​កុំឲ្យ​អ៊ីរ៉ង់ ​មក​ក្អេងក្អាង ​ធ្វើ​អ្វី​បាន​តាម​ចិត្ត។ ទោះ​បី​ជា​យ៉ាង​ណា ​គេ​នៅ​មិន​ទាន់​ដឹង​ថា ​មាន​នាវា​ក្រុមហ៊ុន​ណា ​រឺ​ប្រទេស​ណា​ខ្លះ​ទេ​ ដែល​ស្ម័គ្រចិត្ត ​ឲ្យ​ទាហាន​អាមេរិក​បើក​អម​ការពារ។

ផ្ទុយ​ទៅ​វិញ ​អ៊ីរ៉ង់ ​បាន​ឆ្លើយតប​ថា ​ការ​ដែល​អ៊ីរ៉ង់ ​បាន​ឆែកឆេរ​នាវា​មួយ​ចំនួន ​របស់​ក្រុមហ៊ុន​ Maersk ​គឺ​មិន​មែន​ជា​រឿង​គំរាម​កំហែង​ទេ ​តែ​គេ​ធ្វើ​ទៅ​តាម​សាដីកា​របស់​តុលាការ​អ៊ីរ៉ង់ ​ដោយសារ​ក្រុមហ៊ុន​នេះ ​មាន​ជាប់​ក្តីក្តាំ​ជាមួយ​ក្រុមហ៊ុន​អ៊ីរ៉ង់។
 

ផែនទី​​ភូមិសាស្ត្រ ច្រក​សមុទ្រ អកមូហ្ស ក្នុង​តំបន់​​ដើម​បូព៌ា
ផែនទី​​ភូមិសាស្ត្រ ច្រក​សមុទ្រ អកមូហ្ស ក្នុង​តំបន់​​ដើម​បូព៌ា

ការ​សម្រេច​ចិត្ត​របស់​អាមេរិក ​ក្នុង​ពេល​នេះ ​ត្រូវ​បាន​អ្នក​វិភាគ​មួយ​ចំនួន ​មើល​ឃើញ​ថា ​អាមេរិក​កំពុង​តែ​ព្យាយាម​យក​ចិត្ត​សម្ព័ន្ធមិត្ត​ចាស់​របស់​ខ្លួន ​គឺ ​អារ៉ាប៊ីសាអ៊ូឌីត ​ដែល​បាន​សម្តែង​ការ​ថ្នាំង​ថ្នាក់ ដោយសារ​ឃើញ​អាមេរិក​ និយាយ​ត្រូវ​គ្នា​ ជាមួយ​អ៊ីរ៉ង់​ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ។​ យ៉ាង​ណា​មិញ ​ការ​វាយ​ប្រហារ​លើ​យេម៉ែន ​របស់​អារ៉ាប៊ីសាអ៊ូឌីត ​ក៏​ជា​លេស​មួយ​ដែរ​ ក្នុង​ការ​កំញើញ​អ៊ីរ៉ង់​កុំឲ្យ​បាន​ចិត្ត។

ចង់​មិន​ចង់​ពេល​នេះ ​អារ៉ាប៊ីសាអ៊ូឌីត ​ជិត​សម្រេច​ផែនការ​ខ្លួន​ហើយ ​ព្រោះ​យេម៉ែន ​កំពុង​តែ​ឆាប​ឆេះ សល់​តែ​ផេះ ​នឹង​ផ្សែង​គ្រាប់​រំសេវ។ អ្នក​នាំ​ពាក្យ​អង្គការ​សហ​ប្រជាជាតិ ​បាន​ស្រែក​ដង្ហើយ​ ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត​ ឈប់​ទំលាក់​គ្រាប់បែក ​ដើម្បី​ឲ្យ​គេ​មាន​ឱកាស​ ដឹកប្រេង្ ​និង​ស្បៀង​អាហារ​ចូល​ទៅ​ជួយ​ប្រជាជន​​យេម៉ែន។ ស្រែក​យ៉ាង​ណា ​ក៏​អារ៉ាប៊ីសាអ៊ូឌីត ​ធ្វើ​មិន​ដឹង​មិន​ឮ​ដែរ ​ហើយ​ការ​ចរចា​រក​សន្តិភាព ​ប្រហែល​ជា​គ្មាន​ថ្ងៃ​ បាន​ឃើញ​រូបរាង្គ​ទេ​មើល​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ