អានតួអត្ថបទ
កម្ពុជា

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​បង្កើន​ការ​តស៊ូ​មតិ​កាន់​តែ​ខ្លាំង

សហគមន៍​ដីធ្លី​ជនជាតិ​ដើម​ភាគ​តិច ពូ​គង់ រួម​ជា​មួយនឹង​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល នានា​បាន​សម្តែង​នូវ​ក្តីកង្វល់ និង​ទាមទារ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​អន្តរាគមន៍​ប្រកប​ដោយ​ប្រសិទ្ធភាព ចំពោះ​ការ​រំលោភ​ដីធ្លី​នៅ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គីរី។ នៅ​ក្នុង​ជំនួប​ថ្ងៃ​ស្អែក​នៅ​ទីក្រុង​ភ្នំពេញ ក្រុម​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច នឹង​ថ្លែង​ពី​ការ​បាត់​បង់​ផល​ប្រយោជន៍​របស់​ពួកគេ និង​គ្រោង​ស្នើ​ទៅ​រដ្ឋា​ភិបាល​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​ជួយ​ដោះស្រាយ​លើ​បញ្ហា របស់​ពួកគេ។

ជនជាតិភាគតិចនៅខេត្តមណ្ឌលគីរី
ជនជាតិភាគតិចនៅខេត្តមណ្ឌលគីរី RFI/ចាន់ លីដា
ផ្សាយពាណិជ្ជកម្ម

សមាជិក​សហគមន៍​ពូ​គង់ ដោយ​មាន​ការ​គាំទ្រ​ផ្នែក​ច្បាប់​ពី​វេទិការ​នៃ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ស្តីពី​កម្ពុជា និង​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ពុធ​ស្អែក នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​សម្តែង​ពី​ការ​ពិត​នៃ​ការ​រំលោភ​ដីធ្លី​នៅ​តំបន់​ជនជាតិ​ដើម​ភាគ​តិច ក្នុង​ភូមិ​ពូគង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ សីមា ខេត្ត​មណ្ឌល​គីរី។

លោក វណ្ណា ខ្វើក សមាជិក​គណៈកម្មការ​សហគមន៍​ភូមិ​ពូគង់ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិRFI នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​នឹង​ពឹង​ពាក់​អ្នក​ច្បាប់ ដូចជា​មេធាវី​ជាដើម ដើម្បី​ដាក់​ពាក្យ​តវ៉ា​ទៅ​គណៈកម្មា​ដីធ្លី ដើម្បី​ទប់​កាត់​ការ​កាប់​ទន្ទ្រាន​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន​ដី​សម្បទាន​ប៊ិញ​ផឿក​២ របស់​វៀត​ណាម។ លោក វណ្ណា ខ្វើក បន្ត​ថា​ដី​អាស្រ័យ​ផល​និង​កន្លែង​អារក្ខ​អ្នក​តា​តំបន់​តំណម​របស់​ជនជាតិ​ដើម​ភាគតិច ត្រូវ​បាន​ក្រុម​ហ៊ុន​ទន្ទ្រាន​ចូល​ដី​ប្រជាជន លើស​ពី​ដីសម្បទាន​ដែល​រដ្ឋ​ប្រគល់​ឲ្យ។

ជាមួយគ្នា​នេះ​លោក ឯម សុភ័ក្ត្រ មន្ត្រី​សម្រប​សម្រួល​ខេត្ត​រតនគីរី នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ថ្លែង​ថា​ក្រុម​ហ៊ុន​ឈូស​ឆាយ​ដី​ដែល​ជា​កម្ម​សិទ្ធិ​របស់​សហគមន៍ និង​កាប់​បំផ្លាញ​ដើម​ជ័រ ដែល​ជា​អនុផល​ព្រៃឈើ​តែ​មួយ​គត់​របស់​ជន​ជាតិ​ដើម​ភាគតិច​ក្នុង​ការ​រក្សា​ចំណូល​សេដ្ឋ​កិច្ច​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​នីមួយ​។

មន្ត្រី​ខេត្ត​មណ្ឌល​គីរី ក៏ដូច​ជា​រដ្ឋបាល​ព្រៃឈើ​មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​បាន​ទេ​ជុំវិញ​បញ្ហា​ដូច​ដែល​បាន​លើក​ឡើង​ពី​ប្រជា​ពលរដ្ឋ​សហគមន៍​នៅ​ពេល​នេះ​។

សូម​បញ្ជាក់​ថា ក្រុម​ហ៊ុន​ប៊ិញ​ផឿក​២​របស់​វៀត​ណាម កាល​ពី​ឆ្នាំ​២០១៣ បាន​ទទួល​ដី​សម្បទាន ចំនួន​ជិត​៩​ពាន់​ហិច​តា សម្រាប់​កិច្ច​សន្យា​៧០​ឆ្នាំ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ដំណាំ​កសិឧស្សាហ​កម្ម។ ចាប់​ពី​ពេល​នោះ​មក​បញ្ហា​រំលោភ​ដីធ្លី ដោយ​ការ​បាត់បង់​ដី​និង​អនុផល​ជនជាតិ​ដើម​ភាគតិច បាន​កើត​មាន​ជា​បន្ត​បន្ទាប់ ក៏​ប៉ុន្តែ​មិន​ឃើញ​មាន​ការ​ដោះ​ស្រាយ​ណា​មួយ​អាច​ទទួល​យក​បាន​ពី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ឡើយ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ