អានតួអត្ថបទ
លីប៊ី

​អាល្លឺម៉ង់៖ កិច្ចប្រជុំ​កំពូល​ស្តីពីសន្តិសុខ​​ ផ្តោត​សំខាន់ពី​ការ​បញ្ជូន​​សព្វាវុធទៅ​លីប៊ី

នៅ​​អាល្លឺម៉ង់ ប្រមុខ​រដ្ឋ​​និង​ប្រមុខ​រដ្ឋាភិបាល​ ព្រ​មទាំង​រដ្ឋមន្ត្រី​ការពារជាតិ​និងការ​បរទេស ជាច្រើន​ប្រទេស​ បា​នជួប​​ប្រជុំ​គ្នា​ តាំងតែពីថ្ងៃ​ទី​១៤កុម្ភៈ​មកម្ល៉េះ​ នៅក្នុង​​ក្រុង​ម៉ុយនិច ដើម្បី​ជជែក​ពី បញ្ហា​សន្តិសុខ​។ នៅថ្ងៃអាទិត្យ​ ទី១៦កុម្ភៈ សន្និ​សីទ​កំពូល​នេះ​ ផ្តោត​ជា​សំខាន់ស្តី​ពី​ការ​បញ្ជូន​​សព្វាវុធទៅ​លីប៊ី។ ការ​ផ្តល់​សារៈសំខាន់ជាពិសេស ស្តីពីប្រទេសលីប៊ី និងបញ្ហាចរាចរណ៍អាវុធទៅលីប៊ី គឺ​ធ្វើឡើងតាមរយៈគណៈកម្មការតាមដានមួយ កើតចេញពីសន្និសីទអន្តរជាតិក្រុងប៊ែរឡាំងកាលពីខែមុន។

ផ្សារកណ្តាល​ក្រុង​ចាស់​របស់​ក្រុង Tripoli
ផ្សារកណ្តាល​ក្រុង​ចាស់​របស់​ក្រុង Tripoli REUTERS/Ismail Zitouny
ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​លីប៊ី ស្មុគស្មាញខ្លាំង​ ដោយសារ​​លី​ប៊ីជួបវិបត្តិផ្ទៃក្នុង​​សង្គ្រាមស៊ីវិល ហើយ​និងមានការប្រទាញប្រទង់គ្នារវាងមហាអំណាច​ធំៗជាច្រើន​ប្រទេស​។ រឿងនេះបង្កជាក្តីបារម្ភខ្លាំងចំពោះ​សន្តិសុខ​ក្នុង​តំបន់និងពិភពលោក។

កាលពីខែ​មុន​ ​អង្គការ​សហប្រជាជាតិ ក៏​បានចេញ​សេចក្តី​សម្រេច​​​កំណត់​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ជាបណ្តោះ​អាសន្ន​ ហើយ​កាលពី​សប្តាហ៍​មុ​ននេះ​ ក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ ក៏​បាន​ដាស់តឿន​​រម្លឹក​ឱ្យ​ផ្អាកការ​បញ្ចូន​អាវុធ​ទៅ​ធ្វើ​សង្គ្រាម​​នៅ​លីប៊ី។ ពេលនេះ​ គេក៏​ត្រូវ​ជជែក​ពិភាក្សា​គ្នា​បន្ថែមទៀត ដើម្បី​ធានាថា​ បទ​ឈប់​បាញ់ ​និង បម្រាម​នៃ​ការធ្វើ​​ចរាចរណ៍​​អាវុធ​ ​​ត្រូវ​បានភាគី​ជម្លោះ​ទាំង​អស់​​គោរពតាម។

នៅក្នុង​ប្រទេស​លីប៊ីផ្ទាល់តែ​ម្តង​ រដ្ឋាភិបាល​ស្រប​ច្បាប់​ របស់​ Fayez al-Sarraj បាន​ប្រកាស​ថា ​យោធា​របស់​រដ្ឋាភិបាល​នឹង​ទំនង​ជា​មិន​អាច​អត់​ទ្រាំបាន មិន​ត​ដៃ​នឹង​អំពើហិង្សា​​ បានទៀត​​នោះទេ។  លោក​ Fayez al-Sarraj អំពាវនាវ​ឱ្យ​សហគម​អន្តរជាតិ  ថ្កោល​ទោស​ធ្ងន់ធ្ងរ​ចំពោះ​គូ​បដិបក្ខម្ខាងទៀត​​។

ប្រតិកម្ម​នេះ បាន​កើត​ឡើង​ក្រោយ​ពេល​ដែល សេនាប្រមុខ​ Khalifa Haftar  ដែល​កាន់​កាប់​ភាគ​ខាង​កើត​ប្រទេស​លីប៊ី​​ បានឱ្យដឹង​​ថា លីប៊ី​នឹងត្រូវ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ នៅ​ឆ្នាំ​២០២០នេះ ពីព្រោះតែ​​​រោងចក្រ​ប្រេង​ធំៗ ​ ត្រូវក្រុម​បក្ស​ពួកស្មោះស្មគ្រ​នឹង​​​លោក​សេនាប្រមុខ​ Khalifa Haftar បិទ​ខ្ទប់​។ ជាក់ស្តែង​ ការ​ផលិត​ប្រេង​នៅ​លីប៊ី​ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​តាំងពី​ពាក់​កណ្តាល​ខែ​មករហូត​មក។​

ប្រឈម​នឹង​បញ្ហានេះ​​ ​​រដ្ឋាភិបាល​ស្របច្បាប់​ របស់​ Fayez al-Sarraj បាន​សម្តែង​ក្តី​បារម្ភ​ជាខ្លាំង ចំពោះការ​ដែល​យក​ការ​បិទ​ខ្ទប់​ដង្ហើម​សេដ្ឋកិច្ច ពិសេស​រឿង​ប្រេង​នេះ មក​ធ្វើ​ជាចំណាប់​ខ្មាំង​យ៉ាង​ដូច្នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ