អានតួអត្ថបទ
អាមេរិក-អាហ្វហ្កានីស្ថាន

លោក​អូបាម៉ា​ប្រកាស​ដក​កងទ័ព​ចេញពី​អាហ្វហ្កានីស្ថាន

នៅយប់ថ្ងៃ​ពុធ ២២ មិថុនា ២០១១ លោក​អូបាម៉ា​បានប្រកាស​ថា ចាប់ពីពេលនេះ រហូតដល់​ខែ​កញ្ញា ឆ្នាំ​២០១២ សហរដ្ឋ​អាមេរិក​នឹង​ដក​កងទ័ព​ចំនួន ៣ម៉ឺន ៣ពាន់​នាក់ ចេញ​ពី​អាហ្វហ្កានីស្ថាន។ ការដកកងទ័ព​នឹង​បន្តធ្វើ​ជា​ជំហានៗ ដើម្បី​ឈាន​ទៅរក​កា​ផ្ទេរ​ការទទួលខុសត្រូវ​ទាំងស្រុង​ ទៅ​​ឲ្យ​អាជ្ញាធរ​អាហ្វហ្កានីស្ថាន នៅឆ្នាំ​២០១៤។ នៅថ្ងៃ​ព្រហស្បតិ៍​នេះ បារាំង​ក៏​បាន​ប្រកាស​​ថា​នឹង​ចាប់ផ្តើម​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​អាហ្វហ្កានីស្ថាន​ដែរ។

លោក​អូបាម៉ា​​ ពេល​ប្រកាស​ដក​កងទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន
លោក​អូបាម៉ា​​ ពេល​ប្រកាស​ដក​កងទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន Reuters
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​នេះ កងទ័ព​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន​មាន​ចំនួន​ប្រមាណ ១០​ម៉ឺននាក់។ យោងតាម​ផែនការ​របស់​លោក​អូបាម៉ា កងទ័ព​ចំនួន ៥០០០​នាក់ នឹង​ត្រូវ​ចាប់ផ្តើម​ដកចេញ​ពី​អាហ្វហ្កានីស្ថាន នៅ​ខែកក្កដា ខាងមុខនេះ។ ៥០០០​នាក់​ទៀត នឹង​ដកចេញ​ នៅ​ចុងឆ្នាំ​២០១១។ ២ម៉ឺន ៣ពាន់នាក់ នឹង​ត្រូវ​ដកចេញ​ជា​ជំហានៗ នៅ​ឆ្នាំ​២០១២។ គោលដៅ គឺ​ត្រូវ​ធ្វើ​យ៉ាងណា ត្រូវ​ដក​​ឲ្យ​បាន ៣ម៉ឺន ៣ពាន់​នាក់ នៅ​មុន​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០១២ ពោលគឺ ២ខែ មុន​ពេល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ សម្រាប់​អាណត្តិ​ថ្មី។

​មន្រ្តី​យោធា​អាមេរិក​​បាន​ទទូច​សុំ​ឲ្យ​លោក​អូបាម៉ា​រក្សា​ទុក​ចំនួន​កងទ័ព​អាមេរិក​ឲ្យ​នៅ​ខ្ពស់ រហូតដល់​ឆ្នាំ​២០១៣។ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា មន្រ្តី​ស៊ីវិល​នៅ​សេតវិមាន ក្នុង​នោះ​រួមមាន​អនុប្រធានាធិបតី និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ ព្រមទាំង​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ទាមទារ​ឲ្យ​​លោក​អូបាម៉ា​ដក​កងទ័ព​ចេញ​ពី​​អាហ្វហ្កានីស្ថាន​ឲ្យ​បាន​ឆាប់ ពោល​គឺ ត្រូវដក​ជាង ៣ម៉ឺននាក់ ឲ្យ​បាន​នៅ​ចុង​ឆ្នាំ​២០១១​នេះ។ ទីបំផុត លោក​អូបាម៉ា​បាន​សម្រេច​ដើរ​ផ្លូវ​កណ្តាល។

សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន​ចាប់តាំង​ពី​ឆ្នាំ​២០១១​មក ​បាន​ធ្វើ​ឲ្យ​ទាហាន​អាមេរិក​ស្លាប់​​​ជាង ១ ៦០០នាក់ និង​១២ ០០០​នាក់​ផ្សេងទៀត​រងរបួស។ បច្ចុប្បន្ន​នេះ អាមេរិក​ត្រូវ​ចំណាយ​លុយ​​ក្នុងមួយខែៗ ប្រមាណ ១០ពាន់​លាន​ដុល្លារ ទៅលើ​ប្រតិបត្តិការ​នៅ​អាហ្វហ្កានីស្ថាន ក្នុង​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​របស់​អាមេរិក​កំពុង​ត្រដាបត្រដួស​ចេញ​ពី​វិបត្តិ។ ប្រជាជន​អាមេរិក​ដែល​ឥតការងារ​ធ្វើ​ក៏​មាន​ច្រើន។ ចំណែក​បំណុល​របស់​រដ្ឋ​ក៏​មាន​បរិមាណ​ធំ​មហិមា។

ហេតុដូច្នេះ​ហើយ​​បាន​ជា​ប្រជាជន​ ព្រមទាំង​សមាជិក​សភា​អាមេរិក​ភាគច្រើន​បាន​រិះគន់​កាន់តែ​ខ្លាំងឡើង ចំពោះ​ការ​ដាក់ពង្រាយ​កងទ័ព​អាមេរិក នៅ​អាហ្វហ្កានីស្ថាន។ ការស្លាប់​របស់​ប៊ិន ឡាដិន មេដឹកនាំ​ក្រុមភេរវជន​​អាល់កៃដា បាន​ធ្វើ​ឲ្យ​សាធារណមតិ​អាមេរិក​រឹតតែ​លែងចង់​ឲ្យ​រដ្ឋាភិបាល​ចំណាយ​លុយ​រាប់ពាន់លាន​ដុល្លារ នៅ​អាហ្វហ្កានីស្ថាន​តទៅទៀត ហើយ​គួរ​បង្វែរលុយ​នេះ​មក​កសាង​ប្រទេស​អាមេរិក​ខ្លួនឯងវិញ។

យោងតាម​ការ​ស្ទាបស្ទង់មតិ​នាពេលថ្មីៗនេះ ពលរដ្ឋ​អាមេរិក​ប្រមាណ ៥៦% ចង់​​ឲ្យ​​​ដកកងទ័ព​ទាំងអស់​ចេញ​ពី​អាហ្វហ្កានីស្ថាន។ នៅសល់តែ​​ជាង​មួយឆ្នាំ​ទៀត ដល់​ពេល​បោះឆ្នោត​ប្រធានាធិបតី លោក​អូបាម៉ា​ក៏​បាន​សម្រេច​ស្តាប់តាម​មតិសាធារណៈ ជាជាង​តាម​យោបល់​របស់​មន្រ្តី​យោធា។

ក្រោយ​ពី​ការប្រកាស​របស់​លោក​អូបាម៉ា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋាភិបាល​បារាំង​ក៏​បាន​ប្រកាស​ថា នឹង​ចាប់ផ្តើម​ដកកងទ័ព​របស់​ខ្លួន​ចេញ​ពី​អាហ្វហ្កានីស្ថាន​ដែរ។ ការ​ដក​ទ័ព​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ ជាដំណាក់កាល ទៅតាម​កាលវិភាគ​មួប្រហាក់ប្រហែល​នឹង​ផែនការ​របស់​លោក​អូបាម៉ា​ដែរ។ គួរ​បញ្ជាក់ថា បច្ចុប្បន្ន​នេះ បារាំង​មាន​កងទ័ព​ប្រមាណ ៤ពាន់នាក់ នៅ​អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ