អានតួអត្ថបទ
ជប៉ុន

ប្រេសិត អ.ស.ប.៖​សេរីភាព​សារព័ត៌មាន​នៅ​ជប៉ុន​ទទួល​ការ​គំរាមកំហែង

ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ពិនិត្យ​សេរីភាព​សារព័ត៌មាន​លោក​ដាវីដ ខេ​បាន​ជំរុញ​ប្រទេស​ជប៉ុន​ឲ្យ​គោរព​សេរីភាព​សារព័ត៌មាន។ សេរីភាព​សារព័ត៌មាន​នៅ​ជប៉ុន​ដែល​លោក​ដាវីដ ខេ​បាន​មើល​ឃើញ​ថា កំពុង​ទទួល​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង។ លោក​ដាវីដ ខេ​បាន​ថ្លែង​ដូច​នេះ​នៅ​ថ្ងៃ​អង្គារ ទី១៩ មេសា​ក្នុង​ទីក្រុង​តូក្យូ បន្ទាប់​ពី​បាន​បំពេញ​ទស្សនកិច្ច​មួយ​សប្តាហ៍។

លោកដាវីដ ខេ អ្នក​រាយការណ៍ពិសេស​របស់​អ.ស.ប.​ទទួល​បន្ទុក​​កិច្ចការ​សេរីភាពសារព័ត៌មាន
លោកដាវីដ ខេ អ្នក​រាយការណ៍ពិសេស​របស់​អ.ស.ប.​ទទួល​បន្ទុក​​កិច្ចការ​សេរីភាពសារព័ត៌មាន
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​របាយការណ៍​បឋម​មួយ​ដែល​លោក​ដាវីដ ខេ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សេរីភាព​សារព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ការ​គំរាមកំហែង​លើ​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ជប៉ុន។ « មាន​ក្តីបារម្ភ​ដែល​មិន​អាច​មើល​រំលង​បាន​ស្តីពី​អនាគត​មធ្យោបាយ​ឃោសនា​មហាជន​ឯករាជ្យ​ក្នុង​ប្រទេស​ជប៉ុន » នេះ​ជា​ការ​ថ្លែង​របស់​លោក​ដាវីដ ខេ។ យោង​តាម​លោក​ដាវីដ អ្នកកាសែត​ជប៉ុន​ជា​ច្រើនបាន​សម្តែង​ក្តីព្រួយ​បារម្ភ​របស់​ខ្លួន​ទាក់ទង​នឹង​សេរីភាព​ក្នុង​ការ​សរសេរ​រឿង​មួយ​ចំនួន​ប្រកប​ដោយ​ឯករាជ្យ និង​គ្មាន​ការ​ភ័យ​ខ្លាច។

សូម​ជម្រាប​ជូន​ថា តាំង​ពី​ជប៉ុន​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​រដ្ឋាភិបាល​អភិរក្សនិយម​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី​ស្ហ៊ីនហ្សូ អាបេ​នា​ដំណាច់​ឆ្នាំ ២០១២ មក សិទ្ធិ​សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​រឹតបន្តឹង​តាម​រយៈ​ការ​អនុម័ត​ច្បាប់​ថ្មី​មួយ​ស្តីពី​កិច្ចការសម្ងាត់​របស់​រដ្ឋ​ក្នុង​ឆ្នាំ ២០១៣។ គឺ​ជា​ច្បាប់​ដែល​បាន​ទទួល​រង​ការ​រិះគន់​ទិតៀន​យ៉ាង​ខ្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន ពិសេស​មជ្ឈដ្ឋាន​អ្នកកាសែត អ្នកនិពន្ធ សិល្បករ ព្រម​ទាំង​ពី​ក្រុមអង្គការ​អ្នកការពារ​សិទ្ធិមនុស្ស​ជា​ច្រើន។

ថ្មីៗ​នេះ លោក​តាកៃឈី រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ផ្ទៃក្នុង​បាន​ចេញ​មុខ​គំរាម​ដក​សិទ្ធិ​ក្នុង​ការ​ផ្សាយ​របស់​ប៉ុស្តិ៍​ទូរទស្សន៍​ដែល​ចាក់​ផ្សាយ​បទយកការណ៍​ណា​ដែល​មាន​លក្ខណៈ​លំអៀង​ផ្នែក​នយោបាយ។ ទង្វើ​របស់​លោក​តាកៃឈី​របៀប​នេះ​ក៏​បាន​ទទួល​ការ​គាំទ្រ និង​ការពារ​ពី​លោក​នាយករដ្ឋមន្រ្តី​ស្ហ៊ីនហ្សូ អាបេ​ទៀត​ផង។ នៅ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល ១សប្តាហ៍​ក្នុង​ប្រទេស​ជប៉ុន លោក​ដាវីដ ខេ​បាន​ព្យាយាម​សុំ​ជួប​លោក​តាកៃឈី តែ​មិន​បាន​សម្រេច។

លោក​ដាវីដ ខេ​បាន​យល់​ឃើញ​ថា រដ្ឋាភិបាល​មិនមែន​ជា​អ្នក​កំណត់​ប្រធានរឿង​ឲ្យ​អ្នកកាសែត​សរសេរ និង​ក៏​មិនមែន​ជា​អ្នក​កំណត់​ថា រឿង​នេះ​មាន​លក្ខណៈ​លំអៀង ឬ​មិន​លំអៀង​នោះ​ទេ។ លោក​ដាវីដ​បាន​បន្ថែម​ថា តាម​ទ្រឹស្តី មធ្យោបាយ​ឃោសនា​មហាជន​មិន​គួរ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​រដ្ឋាភិបាល​ទេ ពោល​គួរ​តែ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ស្ថាប័ន​ឯករាជ្យ​មួយ។ ទន្ទឹម​គ្នា​នេះ លោក​ដាវីដ​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​កែប្រែ​ច្បាប់​ស្តីពី​កិច្ចការសម្ងាត់​របស់​រដ្ឋ​ក្នុង​គោលដៅ​បំបាត់​ការ​ដាក់​សម្ពាធ​លើ​អ្នក​កាសែត។

សូម​ជម្រាប​ជូន​ថា​ក្នុង​ឆ្នាំ ២០១៣ ជប៉ុន​ស្ថិត​ចំណាត់ថ្នាក់​លេខ​រៀង​ទី៥៣ ស្តីពី​សេរីភាព​សារព័ត៌មាន ឆ្នាំ ២០១៤ ធ្លាក់​ដល់​លេខរៀង​ទី៥៩ និង​ឆ្នាំ ២០១៥ ត្រូវ​បាន​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន​ទម្លាក់​ដល់​លេខ​រៀង ៦១ ក្នុង​ចំណោម ១៨០ប្រទេស​ស្តីពី​សេរីភាព​សារព័ត៌មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ