អានតួអត្ថបទ
អូស្ត្រាលី

សមាជិក​សភា​អូស្ត្រាលី​សុំ​ឲ្យ​CPI​ស៊ើបអង្កេត​លើ​នយោបាយ​អន្តោប្រវេសន៍​របស់​រដ្ឋាភិបាល

តំណាងរាស្រ្ត​ ម្នាក់​របស់​គណបក្ស​ឯករាជ្យ អូស្ត្រាលី​បាន​ប្រកាស​នៅថ្ងៃ​នេះ ថា លោក​បាន​សរសេរ​សំបុត្រ​មួយ​សុំ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ស៊ើបអង្កេត​ទៅលើ​នយោបាយ​អន្តោប្រវេសន៍​របស់​រដ្ឋាភិបាល​អូស្រ្តាលី ដែល​លោក​ចាត់ទុក​ជា​នយោបាយ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស ជាតិ។ កាល​ពី​ចុងខែ​កញ្ញា រដ្ឋាភិបាល​អូស្ត្រាលី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា​ទទួល​យក​ជនភៀសខ្លួន​បរទេស ដែល​អូស្ត្រាលី​មិន​ប្រាថ្នា​ឲ្យ​ចូល​ទឹកដី​ខ្លួន។ 

បាតុកម្ម​តវ៉ា​សុំ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​ចូល​ក្នុង​ទឹកដី អូស្ត្រាលី
បាតុកម្ម​តវ៉ា​សុំ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​ចូល​ក្នុង​ទឹកដី អូស្ត្រាលី ©REUTERS/David Gray
ផ្សាយពាណិជ្ជកម្ម

លោក​Andrew Wilkie មក​ពី​គណបក្ស​ឯករាជ្យ​អូស្ត្រាលី​បាន​និយាយ​ប្រាប់​អ្នកកាសែត នៅថ្ងៃ​ពុធ​នេះ ថា លោក​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដើម្បី​សុំ​ឲ្យ​តុលាការ​អន្តរជាតិ​មួយ​នេះ បើក​ការស៊ើប​អង្កេត​លើ​ករណី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​សមាជិក​រដ្ឋាភិបាល​អូស្ត្រាលី​អាច ធ្វើ​ទៅលើ​ជនអន្តោប្រវេសន៍។

 
រដ្ឋាភិបាល​អូស្ត្រាលី​មក​គណបក្ស​អភិរក្ស​និយម បាន​រឹតបន្តឹង​នយោបាយ​អន្តោប្រវេសន៍ ដោយ​បាន​ចាត់វិធានការ​គ្រប់បែបយ៉ាង​ដើម្បី​រារាំង​កុំ​ឲ្យ​ជនបរទេស​ដែល​ធ្វើ​ដំណើរ​តាមទូក​អាច​ចូល​ទៅ​ដល់​ទឹកដី អូស្ត្រាលី។ រាល់​ជនបរទេស​ដែល​ស្ទាក់​ចាប់បាន នៅ​ក្នុង​សមុទ្រ​តែង​ត្រូវ​អាជ្ញាធរ​អូស្ត្រាលី​ចាប់បញ្ជូន​ឲ្យ​ទៅនៅ​ជំរំ​ដែល​អូស្ត្រាលី​បាន​ជួលតាំងទី ​នៅ​ប្រទេស​ប៉ាពូអាស៊ី​នូវែលហ្គីណេ។

ម្យ៉ាងទៀត បើទោះបី​ជា​ជនបរទេស​ជាច្រើន បាន​ទទួល​សិទ្ធិ​ជា​ជនភៀសខ្លួន ពី​រដ្ឋាភិបាល​អូស្ត្រាលី ប៉ុន្តែ ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​តាំងទី​នៅ​ក្នុង​ទឹកដី​អូស្ត្រាលីទេ។ កាលពី​ថ្ងៃ​ទី ២៦​កញ្ញា​កន្លងទៅ រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា ទើប​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ទីក្រុង​ភ្នំពេញ ដែល​នៅក្នុង​កិច្ចព្រមព្រៀង រដ្ឋាភិបាល​កម្ពុជា​យល់ព្រម​ទទួល​ជនភៀសខ្លួន ពី​ប្រទេស​អូស្ត្រាលី។

តាម​សមាជិក​សភា​អូស្ត្រាលី សំបុត្រ​សុំ​ជំនួយ​ពី តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជា​ជម្រើស​ចុងក្រោយ បន្ទាប់ពី លោក​បរាជ័យ មិន​អាច​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ក្រុម​កង់បេរ៉ា​ឲ្យ​ប្តូរ​ជំហរ​ក្នុង​នយោបាយ​ជនអន្តោប្រវេសន៍។ តាមអ្នកតំណាងរាស្រ្ត​រូបនេះ រដ្ឋាភិបាល​អូស្ត្រាលី បាន​រំលោភ​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​របស់​ជនភៀសខ្លួន និង​រំលោភ​សិទ្ធិ​កុមារ​យ៉ាងធ្ងន់ធ្ងរ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ