អានតួអត្ថបទ
ចិន

សិទ្ធិមនុស្ស៖មេធាវី​របស់​​​​លោក​លីវ ស៊ាវប៉ូ​ ប្តឹង​​ទៅអ.ស.ប​ ពី​​ការបាត់ខ្លួន​​​​ភរិយា​​លោក​លីវ​

មេធាវីជនជាតិ​អាមេរិកាំង​មួយរូប ត្រូវ​ជា​មេធាវី​​របស់​ជ័យលាភី​ណូបែល​សន្តិភាព លីវ ស៊ាវប៉ូ បាន​ចោទ​​រដ្ឋអំណាច​ចិន​ថា ទទួលខុសត្រូវក្នុង​​ការ​បាត់ខ្លួន​របស់​លោកស្រី លីវ ស្យា ជា​ភរិយា​របស់​លោក​លីវ ស៊ាវប៉ូ។ មេធាវី​អាមេរិកាំង​រូបនេះ​បាន​ប្រាប់​នៅថ្ងៃ​ព្រហស្បតិ៍​នេះថា បាន​ដាក់​បណ្តឹង​ទៅ​អង្គការ​សហប្រជាជាតិ​ ពីការ​បាត់ខ្លួននេះ។

លោកស្រី លីវ ស្យា Liu Xia ជាភរិយា​របស់​ជ័យលាភី​ណូបែល​សន្តិភាព លីវ ស៊ាវប៉ូ
លោកស្រី លីវ ស្យា Liu Xia ជាភរិយា​របស់​ជ័យលាភី​ណូបែល​សន្តិភាព លីវ ស៊ាវប៉ូ REUTERS/David Gray/File Photo
ផ្សាយពាណិជ្ជកម្ម

យោងតាម​លោក​ ចារេដ ហ្កិនសឺ Jared Genser ជា​មេធាវី​ជនជាតិ​អាមេរិកាំង​​របស់​ជ័យលាភី​ណូបែល​សន្តិភាព​​​ លីវ ស៊ាវប៉ូ លោកស្រី​លីវ ស្យា ជាភរិយា​របស់​លោក​លីវ ត្រូវបាន​រដ្ឋអំណាច​ចិន​ឃុំខ្លួន​ នៅ​ទីកន្លែង​​សំងាត់ តាំងពី​ថ្ងៃ​១៥កក្កដា​ម្ល៉េះ គឺតាំងពី​​ថ្ងៃបុណ្យសព​របស់​លោក​លីវ។ មេធាវី​អាមេរិកាំង​រូបនេះបាន​ដាក់ពាក្យប្តឹងទៅ​អង្គការ​សហប្រជាជាតិ ប្តឹង​​​ប្រឆាំង​រដ្ឋអំណាច​ចិន ទាក់ទង​នឹងការបាត់ខ្លួន​របស់​លោកស្រី​លីវ។ គាត់បាន​​ទាមទារ​អោយ​ចិន​បង្ហាញ​ភស្តុតាង​​​​​ថា លោកស្រី​លីវ ពិតជា​នៅ​មានជីវិត​ពិតមែន។​

លោកស្រី លីវ ស្យា អាយុ​៥៦ឆ្នាំ ជាភរិយា​របស់​ជ័យលាភី​ណូបែល​សន្តិភាព​លោក​លីវ ស៊ាវប៉ូ។ លោកលីវ ស៊ាវប៉ូ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​១៣កក្កដា ដោយ​ជំងឺ​មហារីក​ថ្លើម ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ ក្រោយ​អាជ្ញាធរ​ចិន​បាន​ដោះលែង​លោក​អោយ​មាន​សេរីភាព។​ យោងតាម​លោក​ហ្កិនសឺជាមេធាវី​ លោកស្រី​លីវ ស្យា​ ​មិនបាន​ទាក់ទងសមាជិក​​គ្រួសារ​លោកស្រីសូម្បី​តែម្នាក់ទេ​ គិត​តាំងតែ​ពី ​​​មួយថ្ងៃ​មុន​ស្វាមី​លោកស្រី​ទទួលមរណភាព។ ​រដ្ឋចិន​បាន​ចុះផ្សាយ​រូបភាព​លោកស្រី​ក្នុងពេល​បុណ្យសព​លោក​លីវ ប៉ុន្តែតាំងពី​ពេលនោះ​មក ចិន​មិនបាន​ប្រាប់ថា តើ​លោកស្រី​លីវ​នៅ​ទីកន្លែង​ណា​ទេ។ ចិន​មិនដែល​ទទួលស្គាល់ថា លោកស្រី​គ្មាន​សេរីភាព​នោះទេ។

មុន​មេធាវី​ជនជាតិ​អាមេរិកាំង​របស់​លោកលីវ ប្រកាស​ប្តឹងទៅអង្គការ​សហប្រជាជាតិ​ពី​ការបាត់ខ្លួន​របស់​លោកស្រី​លីវ លោកស្រី​លីវ ត្រូវបាន​ចិ​នឃុំខ្លួននៅ​គេហដ្ឋាន​ និង​ស្ថិត​ក្រោម​ការ​ឃ្លាំមើលរបស់​អាជ្ញាធរ​ចិន តាំងពី​ឆ្នាំ​២០១០ មកម្ល៉េះ​ គឺតាំងពី​ពេល​លោកលីវ ស៊ាវប៉ូ ជា​ស្វាមី បាន​ជាប់ឈ្មោះ​ជា​ជ័យលាភី​ណូបែល​សន្តិភាពមក។ លោកលីវ ស៊ាវប៉ូ ត្រូវ​រដ្ឋចិន​ដាក់ទោស​អោយជាប់ពន្ធនាគារ​១១ឆ្នាំ ពីបទ​ប្រឆាំង​នយោបាយ។ ចិន​បដិសេធ​មិនអោយ​លោកលីវ ចេញ​ទៅ​ព្យាបាល​នៅ​បរទេស​ទេ ក្រោយពេល​ដោះលែង​លោក​លីវមក។ ​

ខាងក្រុមការងារ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដែល​មានទីស្នាក់ការ​នៅ​ក្រុងហ្សឺណែវ​ បាន​ប្រាប់​​​​ថា ដំណើរការនៃ​ប្រភេទ​បណ្តឹង​​​​​​ទាក់ទង​ការ​បាត់ខ្លួន​បែបករណី​លោកស្រី​លីវ​នេះ​​​ អាច​ប្រើពេលវេលា​ច្រើនឆ្នាំ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ