អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

ម៉ូស្គូ​ផ្អាក​ការ​បញ្ជូន​សព្វាវុធ​ទៅ​ស៊ីរី និង​មិន​ចុះ​កិច្ចសន្យា​លក់​អាវុធ​ថ្មី​ទៀត

សេចក្តីនេះ ថ្លែង​ល្ងាច​ថ្ងៃចន្ទ​ម្សិលមិញ នៅ​រាជធានី​អង់គ្លេស ដោយ​មន្ត្រី​ទទួល​ខុសត្រូវ​រុស្ស៊ី​ម្នាក់ ខាង​លក់​អាវុធ​រុស្ស៊ី​ទៅ​បរទេស ដែល​លម្អិត​ថា ម៉ូស្គូ​សម្រេចចិត្ត​យ៉ាងនេះ​ដរាបណា​ដែល​ស្ថានការណ៍​នៅ​ស៊ីរី​ពុំទាន់​មាន​ស្ថិរភាព​ទេ។ ការ​សម្រេចចិត្ត​នេះ​របស់​រុស្ស៊ី ត្រូវបាន​ស្វាគម ដោយ​ក្រសួង​ការបរទេស​អាមេរិក ដែល​ក៏​ចង់បាន​ពី​ម៉ូស្គូ នូវ​ព័ត៌មាន​កាន់តែ​ក្បោះក្បាយ​ទៅទៀត។

យន្តហោះ​រុស្ស៊ី​ធុន Yak-130​ នៅ​ក្នុង​ពិព័រណ័​អាកាសយាន​អន្តរជាតិ Farborough" នៅជាយក្រុង Londres ដែលប្រព្រឹត្តទៅ តាំងពីម្សិលមិញមក
យន្តហោះ​រុស្ស៊ី​ធុន Yak-130​ នៅ​ក្នុង​ពិព័រណ័​អាកាសយាន​អន្តរជាតិ Farborough" នៅជាយក្រុង Londres ដែលប្រព្រឹត្តទៅ តាំងពីម្សិលមិញមក REUTERS/Luke MacGregor
ផ្សាយពាណិជ្ជកម្ម

ថ្លែងទៅពួកអ្នកកាសែត ក្នុង “ពិព័រណ៍​អាកាសយាន​អន្តរជាតិ Farnborough” នៅ​ជាយក្រុង Londres នាយករង​នៃ “ស្ថាប័ន​រុស្ស៊ី ខាង​ធ្វើ​សហប្រតិបត្តិការ​យោធា-បច្ចេកទេស ជាមួយ​រដ្ឋ​បរទេស” លោក Vyacheslav Dzirkaln គូសបញ្ជាក់​ថា ៖

-ម៉ូស្គូ​បំពេញ​តែ​តាម​កិច្ចសន្យា​ចាស់ៗ ចុះ​តាំងពីយូរ​មកហើយ សម្រាប់​តម្រូវការ នៃ​វិស័យ​ការពារជាតិ​ស៊ិរី បូកទាំង​ការ​ជួសជុល​គ្រឿង​បច្ចេកទេស​យោធា​ចាស់ៗ ដែល​រុស្ស៊ី​បាន​លក់​ទៅឲ្យ​ស៊ីរី កាលពីមុន។ តាំងពីមាន​អធិករណ៍​ផ្ទុះឡើង​នៅ​ស៊ីរី ១៦ខែ​មុន​មក ម៉ូស្គូ​មិនដែល​បញ្ជូន​អាវុធ​អ្វី​ណាថ្មី ទៅឲ្យ​ស៊ីរី​ឡើយ។

-គឺជារឿងមិនត្រឹមត្រូវឡើយ ដំណឹង​ដែលថា​ រុស្ស៊ី​បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ធុន Mi-25 ទៅឲ្យ​ស៊ីរី។

សាច់រឿងដែលមាន គឺ​ឧទ្ធម្ភាគចក្រ​ធុន Mi-25 ចំនួន​៣គ្រឿង ដែល​មាន​ជុសជុល​ដោយ​រុស្ស៊ី ស្រប​នឹង​កុងត្រា​ចុះ​ឆ្នាំ​២០១០ គឺ តាំងពីមុន​ផ្ទុះឡើង ជា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី​ម៉្លេះ។ គ្មានទាំង​យន្តហោះ​ធុន Yak-130 ចំនួន​៣៦គ្រឿង ដែល​ថា ហាក់បី​រុស្ស៊ី​បាន​បញ្ជូន​ទៅហើយ។

-រុស្ស៊ី​គ្មានបំណង​បញ្ជូន​យន្តហោះ​ទាំងនេះ ទៅ​ស៊ីរី​ឡើយ ដរាបណា​ដែល​ការ​ប៉ះទង្គិច​ប្រដាប់អាវុធ នៅតែ​ប្រព្រឹត្តទៅ​នៅ​ទីនោះ។

ជាការកត់សម្គាល់ កាលពី​ខែ​មករា​ឆ្នាំនេះ មាន​ដំណឹង​ថា រុស្ស៊ី​បាន​ចុះកុងត្រា​ជាមួយ​ស៊ីរី ដើម្បី​លក់​យន្តហោះ​ធុន Yak-130 ចំនួន​៣៦គ្រឿង ដែលជា​យន្តហោះ​សម្រាប់​ច្បាំង​ផង សម្រាប់​បង្វឹកបង្ហាត់​ពួក Pilote ផង ក្នុង​តម្លៃ​សរុប ៥៥០លាន​ដុល្លារ។

តាមក្រសួងការបរទេសអាមេរិក បើ​ដំណឹង​ដែល​ថា ដរាបណា​ដែល​ស្ថានការណ៍​នៅ​ស៊ីរី​ពុំទាន់​មាន​ស្ថិរភាព​នោះ​រុស្ស៊ី​ផ្អាក​ការ​បញ្ជូន​សព្វាវុធ ទៅ​សម្ព័ន្ធមិត្ត​ស៊ីរី​របស់ខ្លួន និង​មិន​ចុះ​កិច្ចសន្យា​ថ្មីៗ​លក់​អាវុធ ទៅ​ប្រទេស​នេះ​ទៀត ជា “ដំណឹង​ពិតមែន វា​ជា​សញ្ញា​ល្អ”។ ហើយ​ពាក់ព័ន្ធ​នឹង​រឿងនេះ ទីក្រុង​វ៉ាស៊ីនតោន​ក៏​ចង់បាន​ព័ត៌មាន​កាន់តែ​ក្បោះក្បាយ​ពី​រុស្ស៊ី។ ដ្បិត​តាម​យោបល់​ភាគី​អាមេរិកាំង ការ​លក់​អាវុធ​ទៅឲ្យ​របប​គ្រប់គ្រង​នៅ​ស៊ីរី​សព្វថ្ងៃ គឺ​មានន័យ​តែ​ជា​ការ​ចាក់​ប្រេងសាំង​ទៅក្នុង​ភ្លើង​ដែល​កំពុង​ឆេះ។ អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​អាមេរិក​សង្កត់ធ្ងន់​ថា ត្រូវឲ្យ​រុស្ស៊ី​ឈប់​ផ្តល់​អាវុធ​ណា​ក៏ដោយ​ទៅឲ្យ​របប​នេះ មិនគ្រាន់តែ​តាម​កុងត្រា​ចាស់ៗ​ប៉ុណ្ណោះ​ទេ តែ​ក៏​តាម​កុងត្រា​ថ្មីៗ​ទៅផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ