អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី​បាញ់​សាកល្បង​​​មីស៊ីល​អន្តរទ្វីប​ ខណៈ​អ៊ុយក្រែន​​ជួប​វិបត្តិ​

នៅថ្ងៃ​អង្គារ​ម្សិលមិញ ប្រទេស​រុស្ស៊ី​បាន​ធ្វើការ​សាកល្បង​បាញ់​មីស៊ីល​អន្តរទ្វីប​ នៅ​ តំបន់​អាស្ត្រាខាន់ ភាគខាងត្បូង។ ការសាកល្បង​នេះ ធ្វើឡើង​ចំពេល​អ៊ុយក្រែន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង។ ​ដោយឡែក អាមេរិក​បាន​ប្រាប់ថា ​អាមេរិក​បានទទួលដំណឹង​ពី​ការសាកល្បង​មីស៊ីល​របស់​រុស្ស៊ី​នេះ​មុន​រួចមកហើយ ហើយ​ការ​សាកល្បង​​នេះ គ្រាន់តែ​ជា​ទម្លាប់​​​ធម្មតា​ស្របតាម​សន្ធិសញ្ញានៃ​ការ​ដាក់អាវុធ​ រវាង​​​​រុស្ស៊ី​-អាមេរិក​ ​ទាក់ទង​នឹង​មីស៊ីល​អន្តរទ្វីប​ប៉ុណ្ណោះ។

មីស៊ីល​ Topol-M ​រុស្ស៊ី ដាក់បង្ហាញ​ក្នុង​ក្បួន​ដង្ហែ​មួយ នៅ​ក្រុង​ម៉ូស្គូ
មីស៊ីល​ Topol-M ​រុស្ស៊ី ដាក់បង្ហាញ​ក្នុង​ក្បួន​ដង្ហែ​មួយ នៅ​ក្រុង​ម៉ូស្គូ AFP/Dmitry Kostyukov
ផ្សាយពាណិជ្ជកម្ម

ការ​បាញ់សាកល្បង​មីស៊ីល​អន្តរទ្វីប​របស់​​​រុស្ស៊ី​​ នៅថ្ងៃ​អង្គារ​ម្សិលមិញ បានធ្វើឡើង​នៅ​តំបន់ អាស្ត្រាខាន់ ភាគខាងត្បូង​រុស្ស៊ី ចំងាយ​ប្រមាណ​៤៥០គីឡូម៉ែត្រ​ពី​ព្រំដែន​អ៊ុយក្រែន។ មីស៊ីល​​រុស្ស៊ី​ ឈ្មោះថា Topol RS-១២M មាន​ប្រវែង​២០ម៉ែត្រ អាច​បាញ់​បាន​រយៈ​ចំងាយ​​​មួយម៉ឺន​គីឡូម៉ែត្រ ហើយ​អាច​​ផ្ទុក​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ទំងន់​រាប់រយ​គីឡូតោន​បាន។ រុស្ស៊ី​បាន​បាញ់​មីស៊ីល​នេះ​​ដោយ​ជោគជ័យ ដោយ​បាន​សម្រេច​ទិសដៅ​បាញ់​រហូតដល់​​កាហ្សាក់ស្តង់។  

​ការបាញ់សាកល្បង​មីស៊ីលនេះ​ ធ្វើឡើង​៥ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​កងទ័ព​រុស្ស៊ី​បាន​ចូល​កាន់កាប់​តំបន់គ្រីមេ​នៅអ៊ុយក្រែន។ យោងតាម​អាមេរិក ការបាញ់សាកល្បង​នេះ គឺ​ជា​ទម្លាប់​ធម្មតា​របស់​រុស្ស៊ី​ប៉ុណ្ណោះ។ ហើយ​វា​ស្រប​តាម​សន្ធិសញ្ញា​នៃការដាក់អាវុធ ឈ្មោះថា ស្តាត Start ចែងពី​មីស៊ីល​អន្តរទ្វីប។ ​អាមេរិក​និងរុស្ស៊ី​បានសម្រេច​សន្ធិសញ្ញា​នេះ​​រួម​​គ្នា កាលពី​ឆ្នាំ​២០១០។ អាមេរិក​ប្រាប់ថា បានទទួល​ដំណឹងស្តីពីការបាញ់​មីស៊ីល​នេះពីរុស្ស៊ី​ រួច​មកហើយ គឺ​មុន​ពេល​អ៊ុយក្រែន​ធ្លាក់​ក្នុងវិបត្តិ​ម្ល៉េះ។

កាលពី​ខែ​តុលា​ឆ្នាំ​​២០១៣ រុស្ស៊ី​ធ្លាប់​បាន​បាញ់សាកល្បង​មីស៊ីល​បែបនេះ​រួចមកហើយ។ រដ្ឋាភិបាល​​រុស្ស៊ី​នៅតែ​ត្រៀម​ខ្លួន​​ បន្តការងារ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទៀត ហើយ​បាន​សម្រេច​​​ធ្វើអោយ​ផ្នែកនុយក្លេអ៊ែរ​​រុស្ស៊ី​កាន់តែ​មាន​លក្ខណៈ​ទំនើប​ថែមទៀត។ លោកពូទីន​ចង់​រក្សា​នូវ​កម្លាំង​ការពារ​ ប្រឈម​នឹង​ក្រុង​វ៉ាស៊ីនតោន​ ដែល​ចង់​ធ្វើ​​​គំរោង​ខែលការពារ​មីស៊ីល​ នៅ​អឺរ៉ុប។ ​ក្រុងម៉ូស្គូ​យល់ថា គំរោង​នេះ​​ជាការគំរាមកំហែង​កម្លាំង​យុទ្ធសាស្ត្រ។​ ក្រសួងការពារ​ជាតិ​រុស្ស៊ី​លើកឡើង​ថា ការបាញ់​សាកល្បង​មីស៊ីល​ម្សិលមិញ​នេះ អាច​ជួយរុស្ស៊ី​អោយ​ពង្រីក​សមត្ថភាព​ខ្លួន ប្រឈម​នឹង​​​​​ខែលការពារ​មីស៊ីល​របស់​អាមេរិកបាន។

​សូម​រំលឹក​ឡើងវិញ​​​ដែរ ពី​ភាពតានតឹងកម្រិត​កំពូល​ ក្នុង​​សម័យ​សង្គ្រាម​ត្រជាក់រវាង​រុស្ស៊ី​និង​អាមេរិក ​​ក្នុង​ខែ​តុលា ឆ្នាំ​១៩៦២។ កាលណោះ ​​​​រុស្ស៊ីបានដាក់ទីតាំង​មីស៊ីល​នៅ​គុយបា ​ប្រឈម​នឹង​ការព្យាយាម​ឈ្លានពាន​​របស់​អាមេរិកលើគុយបា​។ ទោះ​ជាមាន​ភាព​តានតឹង​បែបនេះ​​ក្តី​ កាលណោះ រុស្ស៊ី​និង​អាមេរិក​នៅតែ​​បន្ត​សាកល្បង​នុយក្លេអ៊ែរ​​ដាក់គ្នា​ ​រៀងៗ​ខ្លួន។ អាមេរិក​​បាញ់​​មីស៊ីល​បាន​៤ដង រីឯ​រុស្ស៊ី​ បាញ់បាន​២ដង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ