អានតួអត្ថបទ
កូរ៉េខាងត្បូង

លោកស្រី​ប៉ាក់ គុនហឺ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង

លោកស្រី​ប៉ាក់ គុនហឺ (Park Geun-hye) គឺ​ជា​អ្នក​ទទួល​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ហើយ​ក្លាយ​ទៅជា​​ស្រ្តី​ទី១ ដែលឡើង​កាន់អំណាច​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង។ នៅ​ក្នុង​សុន្ទរកថា​នៅថ្ងៃ​ព្រហស្បតិ៍​នេះ លោកស្រី​ប៉ាក់ គុនហឺ បាន​ប្រកាស​ថា លោកស្រី​នឹង​ដាក់ចេញ​នូវ​នយោបាយ​ថ្មីមួយ ដែល​ផ្តោត​អាទិភាព​ទៅលើ​សន្តិសុខ​ជាតិ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​ជ្រើសរើស​យក​ផ្លូវទូត​ ដើម្បី​ដោះស្រាយ​ ជម្លោះ​ជាមួយ​កូរ៉េ​ខាងជើង។

លោកស្រី​ប៉ាក់ គុនហឺ (Park Geun-hye) ក្រោយ​ដឹង​ពី​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី ថ្ងៃទី១៩ ធ្នូ ២០១២
លោកស្រី​ប៉ាក់ គុនហឺ (Park Geun-hye) ក្រោយ​ដឹង​ពី​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី ថ្ងៃទី១៩ ធ្នូ ២០១២ REUTERS/Kim Jae-Hwan/Pool
ផ្សាយពាណិជ្ជកម្ម

នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ថា លោកស្រី​ប៉ាក់​ គុនហឺ គឺ​ជា​អ្នក​ដែល​ទទួលជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី កាល​ពី​ថ្ងៃពុធ​ម្សិលមិញ។ លោកស្រី​ប៉ាក់ គុនហឺ បាន​ឈ្នះ​​លោក​មូន ចែ​អ៊ីន ជា​គូប្រជែង ក្នុង​សំឡេង ៥១,៦% ទល់​នឹង ៤៨%។ លោកស្រី​នឹង​ត្រូវ​ចូល​កាន់តំណែង​ជាផ្លូវការ នៅ​ខែ​កុម្ភៈ​។

គួរបញ្ជាក់ឡើងវិញ​ថា លោក​ស្រី ប៉ាក់ គុនហឺ មក​ពី​គណបក្ស​អភិរក្ស​និយម ជាមួយ​នឹង​លោក​លី ម្យ៉ុងបាក់​ ដែល​ជា​ប្រធានាធិបតី​ផុត​អាណត្តិ និង​ដែល​ធ្លាប់​ប្រកាន់​ជំហរ​តឹងរ៉ឹង​ជាមួយ​នឹង​កូរ៉េ​ខាងជើង។

ក៏ប៉ុន្តែ លោកស្រី​ប៉ាក់​ គុន​ហឺ បាន​សន្យា​ថា ចំពោះ​កូរ៉េ​ខាងជើង លោកស្រី​នឹង​ផ្តោត​អាទិភាព​ទៅលើ​ការពង្រឹងសន្តិសុខ​ជាតិផង និង​ទៅលើ​ដំណោះស្រាយ​ផ្នែក​ការទូតផង។

នៅ​ក្នុង​សុន្ទរកថា ក្រោយ​ពី​បាន​ជាប់ឆ្នោត លោកស្រី​ប៉ាក់ គុនហឺ បាន​ថ្លែង​ថា កូរ៉េ​ខាង​ជើង​គឺ​ជា​ការ​គំរាមកំហែង​ដ៏ធំមួយ​ដល់​កូរ៉េ​ខាង​ត្បូង​ ហើយ​ថា លោកស្រី​នឹង​មិន​ធ្វើ​សម្បទាន​ណាមួយ​ទាំងអស់ ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា លោកស្រី​បាន​សន្យាផងដែរ​ថា​នឹង​ចរចា​ជាមួយ​កូរ៉េ​ខាងជើង ហើយ​ចាប់ផ្តើម​ផ្តល់​ជំនួយ​ទៅ​ឲ្យ​កូរ៉េ​ខាងជើង​វិញ ប្រសិនបើ​របបដឹកនាំ​ក្រុង​ព្យុងយ៉ាង​យល់ព្រម​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ។​

ចំពោះ​ជប៉ុនវិញ លោកស្រី​ប៉ាក់ គុនហឺ បាន​បង្ហើប​ឲ្យដឹង​ថា លោកស្រី​ទំនង​ជា​នឹង​បន្ត​នយោបាយរបស់​លោក​លី ម្យ៉ុងបាក់ ដែល​ប្រកាន់​ជំហរតឹងរ៉ឹង ក្នុង​ជម្លោះ​ដណ្តើម​កោះ​ជាមួយ​ជប៉ុន។ លោកស្រី​បាន​ថ្លែង​ថា លោកស្រី​នឹង​ព្យាយាម​ស្វះស្វែង​រក​ការ​ផ្សះផ្សារ កិច្ចសហប្រតិបត្តិការ និង​សន្តិភាព នៅ​ក្នុង​តំបន់​សមុទ្រ​ខាង​កើត (តំបន់​សមុទ្រ​ជាប់​នឹង​ជប៉ុន) ក៏ប៉ុន្តែថា ស្ថិរភាព និង​ការជឿទុកចិត្តគ្នាត្រូវ​តែ​ឈរលើ​មូលដ្ឋាន​ត្រឹមត្រូវ​នៃ​ប្រវត្តិសាស្រ្ត។ លោកស្រី​ប៉ាក់ គុនហឺ ថ្លែងបែបនេះ​ ទំនង​ជា​ចង់​សំដៅ​ទៅលើ​ជប៉ុន ដែល​ធ្លាប់​មាន​ប្រវត្តិ​ជូរចត់​ជាមួយ​គ្នា​សម័យ​សង្រ្គាម ហើយ​ដែល​បច្ចុប្បន្ន នៅតែ​បន្ត​ជាប់ជម្លោះ​ដែនទឹក​ជាមួយ​គ្នា។

នៅពេលនេះ កូរ៉េ​ខាង​ត្បូង​ក៏​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​អភិរក្ស​និយម ចំណែក​ជប៉ុនវិញ ក៏​ទើប​នឹង​បាន​បោះឆ្នោត​ប្រគល់​អំណាច​ទៅ​ឲ្យ​គណបក្ស​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ដែល​ជា​ក្រុម​អ្ន​កអភិរក្ស​និយម និង​អ្នក​ជាតិនិយម​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​មាន​ការ​បារម្ភ​ជាទូទៅ​ថា ជម្លោះ​រវាង​​រវាង​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​អាច​នឹង​កាន់តែ​មាន​ភាពតានតឹង​ខ្លាំងឡើង​ថែមទៀត។

លោក​អូបាម៉ា​បាន​ចេញ​សេចក្តីថ្លែងការណ៍​​មួយ​ កាលពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ ដើម្បី​អបអរ​ជ័យជម្នះ​របស់​លោកស្រី​ប៉ាក់ គុនហឺ ហើយ​គូសបញ្ជាក់ថា លោក​មាន​បំណង​ចង់​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​កូរ៉េ​ខាង​ត្បូង ដើម្បី​ជា​ផលប្រយោជន៍​ដល់​សន្តិសុខ និង​សន្តិភាព​ក្នុង​តំបន់​អាស៊ី។ ​លោក​អូបាម៉ា​ក៏​ធ្លាប់​បាន​លើកឡើង​ស្រដៀង​គ្នា​នេះ​ដែរ​ជាមួយ​លោក​ស្ហ៊ីនហ្សូ អាបេ នៅ​ក្រោយ​ការ​ប្រកាស​លទ្ធផល​​បោះឆ្នោត​ជាតិ​នៅ​ជប៉ុន​។

គួរបញ្ជាក់ថា ជប៉ុន និង​កូរ៉េ​ខាង​ត្បូង សុទ្ធសឹង​ជា​សម្ព័ន្ធមិត្ត​យ៉ាង​ជិតស្និទ្ធ​បំផុត​របស់​អាមេរិក។​ ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​អូបាម៉ា​តែងតែ​ទទូច​​ចង់​ឲ្យ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ទាំងពីរ​​នេះ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ