អង់គ្លេសនិងអេស្ប៉ាញបន្តបង្ហាញសាច់ដុំដាក់គ្នានៅដីជ្រោយសមុទ្រ Gibraltar
ភាពតានតឹងផ្លូវទឹករវាងប្រទេសអង់គ្លេសនិងអេស្ប៉ាញ នៅតែបន្តមាន នៅដែនទឹក Gibraltar ជាកម្មសិទ្ធិស្របច្បាប់របស់អង់គ្លេស តែត្រូវអេស្ប៉ាញទាមទារថាជាដែនទឹករបស់ខ្លួនដែរ។ ចាប់តាំងពីអង់គ្លេសបានសង់ជួរថ្មប៉ប្រះទឹកនៅទីនោះមក អេស្ប៉ាញមានការខឹងសម្បារ ហើយបានពង្រឹងការត្រួតពិនិត្យបណ្តាភ្ញៀវទេសចរ និងបណ្តាជននានាដែលចូលមកកាន់ទឹកដីខ្លួន តាមព្រំដែនទឹកនោះ។ នៅថ្ងៃចន្ទម្សិលមិញ អង់គ្លេសបានបន្តបញ្ចេញសាច់ដុំដាក់អេស្ប៉ាញ ដោយបញ្ជូននាវាចំបាំងខ្លួនមួយគ្រឿងទៅធ្វើសមយុទ្ធយោធា នៅទីនោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤១
នៅព្រឹកថ្ងៃចន្ទម្សិលមិញ នាវាចំបាំងអង់គ្លេស Royal Navy បានធ្វើដំណើរមកដល់ដែនទឹក Gibraltar ដើម្បីធ្វើសមយុទ្ធយោធាដែលបានព្រាងទុកជាយូរមកហើយ។ គេសង្កេតឃើញថា អង់គ្លេសបានដាក់នាវាគ្រប់ប្រភេទនៅទីនោះ ដែលមើលទៅហាក់ដូចជាត្រូវត្រៀមធ្វើសង្គ្រាមអ៊ីចឹង។ សមយុទ្ធយោធាអង់គ្លេស ធ្វើឡើងចំពេលដែលអង់គ្លេសនិងអេស្ប៉ាញកំពុងមានភាពតានតឹងនឹងគ្នា។
មូលហេតុដំបូងឡើយ គឺមកពីអង់គ្លេសបានសាងសង់ជួរថ្មប៉ប្រះទឹកកាលពីចុងខែកក្កដា ធ្វើអោយកប៉ាល់អេស្ប៉ាញលែងបានចូលទៅនេសាទតំបន់មួយចំនួនដូចមុនទៀត។ បន្ទាប់មកទៀត ជាការសងសឹក អេស្ប៉ាញបានពង្រឹងការត្រួតពិនិត្យច្រកព្រំដែនទឹករបស់ខ្លួន ធ្វើអោយអ្នកទេសចរនិងអ្នកត្រូវបំពេញការងារជាច្រើន ត្រូវរង់ចាំយូរទំរាំបានចូលទៅក្នុងប្រទេសអេស្ប៉ាញ។ អេស្ប៉ាញចង់អោយអង់គ្លេសរើរុះជួរថ្មប៉ប្រះទឹកចេញ រីឯអង់គ្លេសចង់អោយអេស្ប៉ាញបញ្ឍប់ការត្រួតពិនិត្យព្រំដែនផងដែរ។ ប៉ុន្តែ នៅពេលនេះ គ្មានអ្នកណាស្តាប់អ្នកណានោះទេ។ ប្រទេសទាំងពីរគំរាមគ្នាទៅវិញទៅមកថា នឹងធ្វើការប្តឹងផ្តល់ទង្វើទាំងនេះ។
ម្សិលមិញនេះ គណៈកម្មការអឺរ៉ុបបានប្រកាស បញ្ជូនគណៈកម្មការស៊ើបអង្កេតមួយ ទៅដែនទឹក Gibralta ដើម្បីបន្ធូរបន្ថយភាពតានតឹងនេះ។ គណៈកម្មការនឹងត្រួតពិនិត្យថា តើជួរថ្មប៉ប្រះទឹកដែលអង់គ្លេសសាងសង់នោះ វាសមស្របតាមច្បាប់ការពារបរិដ្ឋានអឺរ៉ុបដែររឺទេ។ ហើយគណៈកម្មការអង្កេតក៏បានរំលឹកអេស្ប៉ាញដែរថា ការដាក់អោយយកពន្ធដារពីបណ្តាជនដែលចូលទៅកាន់អេស្ប៉ាញនោះ អាចនឹងផ្ទុយពីច្បាប់សហគមន៍។
គួររំលឹកថា ដែនទឹកGibraltar ជាដីជ្រោយមួយមានទំហំ ៧គីឡូម៉ែត្រការេ ជាដែនជម្លោះរវាងអង់គ្លេសនិងអេស្ប៉ាញ។ Gibraltar ស្ថិតក្នុងអឺរ៉ុបភាគខាងត្បូង និងនៅខាងត្បូងអេស្ប៉ាញ។ Gibraltar បានក្លាយជាកម្មសិទ្ធិរបស់អង់គ្លេស ចាប់ពីឆ្នាំ១៧១៣មក។ មានប្រជាជនប្រមាណ៣ម៉ឺននាក់ កំពុងរស់នៅទីនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ