អានតួអត្ថបទ
ហ្វីលីពីន

ស្លាប់​១៤នាក់​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ហ្វីលីពីន

មនុស្សយ៉ាងតិច ១៤នាក់ ត្រូវ​បាត់បង់​ជីវិត និង​ជាង​៧០នាក់​ផ្សេងទៀត​ត្រូវ​រងរបួស ​នៅ​ក្នុងការ​វាយប្រហារ​ដោយ​បំផ្ទុះគ្រាប់បែក នៅ​ក្នុង​ប្រទេស​ហ្វីលីពីន កាល​ពីថ្ងៃ​សុក្រ។ ប្រធានាធិបតី​ហ្វីលីពីន​បាន​ចាត់ទុក​ការ​វាយប្រហារ​នេះ​ថា​ជា​អំពើ​ភេរវកម្ម ប្រព្រឹត្ត​ដោយ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម អាប៊ូសាយ៉ាហ្វ។

ប៉ូលិស​កំពុង​ពិនិត្យ​ទីតាំង​កើតហេតុ ក្រោយ​ការ​វាយប្រហារ​ដោយ​បំផ្ទុះគ្រាប់បែក នៅ​ទីក្រុង​ដាវ៉ាវ ប្រទេស​ហ្វីលីពីន ថ្ងៃសុក្រ ទី២កញ្ញា ២០១៦
ប៉ូលិស​កំពុង​ពិនិត្យ​ទីតាំង​កើតហេតុ ក្រោយ​ការ​វាយប្រហារ​ដោយ​បំផ្ទុះគ្រាប់បែក នៅ​ទីក្រុង​ដាវ៉ាវ ប្រទេស​ហ្វីលីពីន ថ្ងៃសុក្រ ទី២កញ្ញា ២០១៦ REUTERS/Lean Daval Jr
ផ្សាយពាណិជ្ជកម្ម

ការវាយប្រហារ​បាន​កើតឡើង នៅ​ម៉ោងជិត​ ១១យប់​ម៉ោង​នៅ​ក្នុង​ស្រុក (ត្រូវ​នឹង​ម៉ោង ១០យប់ នៅ​ក្នុង​ប្រទេស​កម្ពុជា)។ គ្រាប់បែក​ត្រូវ​បាន​គេ​បំផ្ទុះ នៅ​ក្នុង​ទីផ្សារ​ដ៏អ៊ូអរមួយ នៅ​ក្នុង​ទីក្រុង​ដាវ៉ាវ (Davao) ក្រុង​ដែល​លោក​ រ៉ូឌ្រីហ្កូ ឌុយទែរតេ ធ្លាប់​ធ្វើ​ជា​អភិបាល​ក្រុង​អស់រយៈពេល​ជិត​២០ឆ្នាំ មុនពេល​ដែល​លោក​ជាប់ឆ្នោត​មក​ធ្វើ​ជា​​ប្រធានាធិបតី។

មន្រ្តីស្និទ្ធ​នឹង​លោក​ឌុយទែរតេ​បាន​ឲ្យដឹង​ថា នៅ​ពេល​មាន​ការ​វាយប្រហារ​នេះ លោក​ប្រធានាធិបតី​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុង​ដាវ៉ាវ តែ​មិន​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះទេ។ ភ្លាមៗ​ក្រោយ​ការ​វាយប្រហារ​នេះ លោក​ឌុយទែរតេ​​បាន​ប្រកាស​ដាក់​ប្រទេស​ឲ្យ​ស្ថិត​នៅ​ក្នុង​ភាពអាសន្ន ដើម្បី​ប្រគល់​អំណាច​ឲ្យ​​ទ័ព​អាច​បើក​ប្រតិបត្តិការ​​​រក្សា​សន្តិសុខ​និង​សណ្តាប់ធ្នាប់​​នៅ​ទូទាំង​ប្រទេស។ ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន ដែល​គ្រោង​ធ្វើ​នៅ​ក្នុង​ប្រទេស​ព្រុយណេ​ត្រូវ​បាន​លុបចោល ក៏ប៉ុន្តែ ​មន្រ្តី​ការិយាល័យ​ប្រធានាធិបតី​បាន​បញ្ជាក់​ថា លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ក្នុង​ជំនួបកំពូល​អាស៊ាន នៅ​ក្នុង​ប្រទេស​ឡាវ នៅ​ដើមសប្តាហ៍​ក្រោយ ដូចការ​គ្រោងទុក។

គិតរហូត​មកទល់​នឹង​ពេលនេះ គេ​នៅមិនទាន់​ឃើញ​មាន​តម្រ៉ុយ​ជាក់​លាក់​ណាមួយ​ ដែល​អាច​បញ្ជាក់​​ពី​អត្តសញ្ញាណ​អ្នក​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​វាយប្រហារ​កាលពីយប់ថ្ងៃ​សុក្រ​នេះ​ទេ ក៏ប៉ុន្តែ សម្រាប់​រដ្ឋាភិបាល​ហ្វីលីពីន អ្វីដែល​កើតឡើងនេះ គឺ​ជា​ការ​វាយប្រហារ​ភេរវកម្ម ដែល​មាន​ជាប់ពាក់ព័​ន្ធ​នឹង​ក្រុមភេរវនិយម​អ៊ីស្លាម​ជ្រុលនិយម អាប៊ូសាយ៉ាហ្វ។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​សៅរ៍​នេះ លោក ឌុយទែរតេ​ បាន​លើកឡើង​ថា ក្រុម​អាប៊ូសាយ៉ាហ្វ​ប្រហែល​ជា​ចង់​សងសឹក​ទៅលើ​​រដ្ឋាភិបាល ដែល​បាន​បើក​ការវាយប្រហារ​ទៅលើ​មូលដ្ឋាន​របស់​ពួកគេ កាល​ពីថ្ងៃ​ចន្ទ​កន្លងទៅ។

គួរបញ្ជាក់ថា ទីក្រុង​ដាវ៉ាវ ធ្លាប់​បាន​ប្រឈមមុខ​នឹង​ចលនា​បះបោរ​ផ្តាច់ទឹកដី​របស់​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​អស់រយៈពេល​ជាច្រើន​ឆ្នាំមកហើយ។ ក្នុង​ចំណោម​ក្រុម​ឧទ្ទាម​អស់ទាំងនេះ អាប៊ូសាយ៉ាហ្វ ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ជាងគេ ហើយ​ដែល​ត្រូវ​បាន​គេ​រាប់បញ្ចូល​ជា​ក្រុម​ភេរវជន។ កាល​ពីពេល​ថ្មីៗ​នេះ ក្រុម​អាប៊ូសាយ៉ាហ្វ​បាន​ប្រកាស​​ភ្ជាប់ខ្លួន​ទៅនឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ