អានតួអត្ថបទ
វៀតណាម-សហរដ្ឋអាមេរិក

ពី​សត្រូវ​ក្លាយ​ជា​មិត្ត អាមេរិក​ប្រាថ្នា​ចង់​មាន​ទំនាក់​ទំនង​កាន់តែ​ល្អ​ប្រសើរ​ជាមួយ​វៀតណាម

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ណៃព្យីដាវ​ ប្រទេស​ភូមា​​បាន​ចាប់ផ្តើម​ហើយ​នៅ​ថ្ងៃ​សៅរ៍​ ទី៩ សីហា​ នេះ។ លោក​ ចន ឃេរី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ក៍​បាន​អញ្ជើញ​ទៅ​ចូលរួម​ផងដែរ។ ថ្លែង​ក្នុង​ការ​ប្រជុំ លោក​ ចន ឃេរី ​បាន​សម្តែង​ចេញ​នូវ​សុទិដ្ឋិនិយម​ក្នុង​ការ​រឹត​ចំណង​មេត្រីភាព​ជាមួយ​វៀតណាម​ ដែល​ជា​អតីត​សត្រូវ​របស់​ខ្លួន ឲ្យ​បាន​កាន់​តែ​ប្រសើរ។

លោកចន ឃេរី និងលោកប្រធានាធិបតី​វៀតណាម ទ្រឿង តាន់សាង កាល​ពី​ថ្ងៃ២៤​ កក្កដា ២០១៣ នៅក្រុង​​វ៉ាស៊ីនតោន
លោកចន ឃេរី និងលោកប្រធានាធិបតី​វៀតណាម ទ្រឿង តាន់សាង កាល​ពី​ថ្ងៃ២៤​ កក្កដា ២០១៣ នៅក្រុង​​វ៉ាស៊ីនតោន
ផ្សាយពាណិជ្ជកម្ម

ក្នុង​ឱកាស​ប្រជុំ​កំពូល​អាស៊ាន​លើក​នេះ លោក ​ចន ឃេរី ​មាន​ជួប​ប្រាស្រ័យ​ជាមួយ​លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​វៀតណាម ផាំ ប៊ីនមីញ។ ថ្លែង​ក្នុង​ពេល​នោះ លោក ​ចន ឃេរី ​បាន​អបអរ​សារទរ​ចំពោះ​ភាព​ល្អ​ប្រសើរ​ពី​មួយ​កំរឹត​ទៅ​មួយ​កំរឹត​ រវាង​វៀតណាម​និង​អាមេរិក ជា​ពិសេស​ទាក់ទិន​ទៅ​នឹង​បញ្ហា​គ្រប់គ្រង​ប្រព័ន្ធ​នុយក្លេអ៊ែរ​ស៊ីវិល និង​ជម្លោះ​នៅ​ក្នុង​ឈូង​សមុទ្រ​ចិន​ខាងត្បូង​ នា​ពេល​កន្លង​មក​នេះ។ ភាព​ចម្រូងចម្រាស​ក្នុង​ការ​កាន់កាប់​ដែន​កោះ​នៅ​ក្នុង​ឈូង​សមុទ្រ​ចិន​ខាងត្បូង​ ក៏​ជា​សំណុំ​រឿង​សំខាន់​មួយ​ដែរ​ ដែល​នឹង​ត្រូវ​លើក​ឡើង​មក​ពិភាក្សា​ ក្នុង​ឱកាស​ប្រជុំ​កំពូល​អាស៊ាន​លើក​នេះ។​ ចិន​ដែល​ជា​ដៃ​គូ​ជម្លោះ​មួយ​ដែរ​ បាន​ព្រមាន​ថា​និង​ចាត់​វិធាន​ការ​យ៉ាង​តឹងតែង បើសិន​ជា​មាន​ការ​រំលោភ​បំពាន​ណាមួយ​ ទៅ​លើ​ដែនដី​របស់​ខ្លួន​ក្នុង​ឈូង​សមុទ្រ​ចិន​ខាងត្បូង។

 
សូម​បញ្ជាក់​ថា​ អាមេរិក និង​វៀតណាម​ ធា្លប់​ជា​សត្រូវ​វាយ​គ្នា​ស្លាប់​រស់​ កាល​ពី​ជំនាន់​សង្គ្រាម​វៀតណាម​ ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​៦០​និង​៧០ ដែល​ទី​បំផុត​ អាមេរិក​ជា​អ្នក​ចាញ់​សង្គ្រាម ហើយ​ដក​ទ័ព​ទៅ​វិញ​យ៉ាង​អាម៉ាស់។ ទោះ​បី​ជា​យ៉ាងណា ក្នុង​នាម​ជា​អ្នក​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ធ្លាប់​ធ្វើ​សង្គ្រាម​ទប់ស្កាត់​ការ​រីក​រាល​ដាល​នូវ​របប​កុម្មុយនីស្ត​ផ្តាច់ការ អាមេរិក​នៅ​តែ​បន្ត​ រិះគន់​របប​កុម្មុយនីស្ត​វៀតណាម​ជានិច្ច ជាពិសេស​ទាក់ទង​ទៅ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស ដូច​ជា​ការ​រឹត​បន្តិង​សិទ្ធិ​សេរីភាព​បុគ្គល សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ក្នុង​ការ​គោរព​សាសនា​ជា​ដើម។ អាមេរិក​​និង​​វៀតណាម​ បាន​រៀប​ចំ​ស្តា​ឡើងវិញ​នូវ​ទំនាក់​ទំនង​ទៅ​វិញ​ទៅ​មក​ កាល​ពី​ឆ្នាំ​១៩៩៥។ ចាប់​តាំង​ពី​ពេល​នោះ​មក ទំនាក់​ទំនង​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ​បាន​កើន​ឡើង​ជា​លំដាប់។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​ធ្វើ​ការ​រិះគន់​ម្តងម្កាល​ស្តី​ពី​ការ​បំបិទ​សិទ្ធិ​សេរីភាព​សារពត៌មាន និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​វៀតណាម។

គួរ​រំលឹក​ផង​ដែរ​ថា លោក​ ចន ឃេរី ធ្លាប់​ជា​អតីត​នាយ​ទាហាន​ ដែល​បាន​មក​បំពេញ​បេសកកម្ម​ប្រយុទ្ធ​នៅ​វៀតណាម​ខាងត្បូង​ នៅ​ចន្លោះ​ឆ្នាំ៦៦​ដល់​ឆ្នាំ៧០។ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅ លោក​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ ហើយ​លោក​មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង​ ដោយ​បាន​ឃើញ​ការ​រីក​ធំធាត់​របស់​សេដ្ឋកិច្ច​វៀតណាម។ ​លោក​ថា​វា​ដល់​ពេល​ហើយ​ដែល​ប្រទេស​ទាំង​ពីរ​ចាប់​ដៃ​គ្នា ផ្សះផ្សា​មុខ​របួស​ឲ្យ​ជា​សះស្បើយ។ លោក​ចន ម៉ាកខេន ដែល​បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក ក៏​ជា​អតីត​មិត្ត​រួម​អាវុធ​របស់​លោក ចន ឃេរី ​ដែរ។ លោក​ ម៉ាកខេន​ដែល​ពេល​នេះ​កំពុង​តែ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ហាណូយ បាន​ថ្លែង​ថា​វា​ដល់​ពេល​ហើយ ដែល​សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​កាត់​បន្ថយ​ទណ្ឌកម្ម​ផ្នែក​គ្រប់គ្រង​អាវុធ​ដែល​ខ្លួន​បាន​ដាក់​ទៅ​លើ​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ