អានតួអត្ថបទ
យេម៉ែន

ក្រោយ​ពេល​​វះកាត់​​អនាគត​​នយោបាយ​​​​ប្រធានាធិបតី​​យេម៉ែន​​កំពុង​​ស្រពេច​ស្រពិល​

នៅថ្ងៃ​អាទិត្យ​ ៦មិថុនា ២០១១​នេះ ​មន្រ្តី​អារ៉ាប៊ី សាអ៊ូឌីត​បាន​ឲ្យ​ដឹង​ថា លោក​អាលី អាប់ដាឡា សាឡេះ (Ali Abdallah Saleh) ប្រធានាធិបតី​យេម៉ែន​​ បាន​ឆ្លងកាត់​ការវះកាត់​ព្យាបាល​របួស​ប្រកប​ដោយជោគជ័យ។ ក៏ប៉ុន្តែ នៅ​ឯ​យេម៉ែន​ឯណោះ សំណួរ​កំពុង​តែ​ចោទឡើង​ជុំវិញ​អនាគត​នយោបាយ​របស់​លោក​សាឡេះ។ តើ​គាត់​​អាច​នឹង​វិល​ត្រឡប់​មក​កាន់​អំណាច​វិញ​ ឬ​ក៏​នឹង​ត្រូវ​នៅជ្រកកោន​ក្នុង​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ជា​រៀងរហូត?

លោក​អាលី អាប់ដាឡា សាឡេះ (Ali Abdallah Saleh) ប្រធានាធិបតី​យេម៉ែន (ឆ្វេង) និង​អនុប្រធានាធិបតី
លោក​អាលី អាប់ដាឡា សាឡេះ (Ali Abdallah Saleh) ប្រធានាធិបតី​យេម៉ែន (ឆ្វេង) និង​អនុប្រធានាធិបតី REUTERS/Khaled Abdullah
ផ្សាយពាណិជ្ជកម្ម

លោក​អាលី អាប់ដឡា សាឡេះ ព្រមទាំង​នាយករដ្ឋមន្រ្តី ប្រធាន​រដ្ឋសភា និង​សមាជិក​ជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើន​រូបទៀត បាន​ទទួលរងរបួស ក្រោយ​ពី​គ្រាប់ផ្លោង​មួយ​គ្រាប់ ត្រូវ​បាន​គេ​បាញ់​ចូល​ទៅក្នុង​វិមាន​ប្រធានាធិបតី​យេម៉ែន កាល​ពីថ្ងៃ​សុក្រ។

កាល​ពី​ថ្ងៃ​សៅរ៍ ក្រោយ​ពី​បាន​ទទួលដំណឹង​ថា លោក​អាលី អាប់ដាឡា ​សាឡេះ ចាកចេញ​ទៅ​ព្យាបាល​របួស​ នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ក្រុមប្រឆាំង​បាន​នាំគ្នា​ចេញ​មក​អបអរសាទរ​ ដោយ​ចាត់ទុកថា នេះ​គឺ​ជា​និមិត្តរូប​នៃ​ការ​ដួលរលំ​នៃ​របបដឹកនាំ​របស់​លោក​សាឡេះ។

ក៏ប៉ុន្តែ នៅថ្ងៃ​អាទិត្យ​នេះ មន្រ្តី​គណបក្ស​កាន់អំណាច​យេម៉ែន​បាន​អះអាង​ថា លោក​​ប្រធានាធិបតី​យេម៉ែន​នឹង​វិលត្រឡប់​មកក្នុង​ប្រទេស​វិញ នៅ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ទៀត។ ទោះជាយ៉ាងណា​ក៏ដោយ ការ​ចាកចេញ​ទៅបរទេស ក្នុង​ពេល​ប្រទេស​កំពុង​ស្ថិត​ក្នុង​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរបែបនេះ ទោះបី​ជា​ចេញ​ទៅ​គ្រាន់តែ​ដើម្បី​ព្យាបាល​ជំងឺ​ក៏ដោយ អាច​នឹង​ធ្វើ​​ឲ្យ​លោក​សាឡេះ​ជួប​នឹង​ភាព​ស្មុគស្មាញ​ក្នុងការ​វិលត្រឡប់​មក​កាន់អំណាច​វិញ។

នៅពេលនេះ​ អនុប្រធានាធិបតី​យេម៉ែន​បាន​ឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​ស្តីទី ស្រប​ទៅតាម​រដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែ អនុប្រធានាធិបតី​យេម៉ែន​ត្រូវបាន​គេមើលឃើញ​ថា​ជាមនុស្ស​ដែលមាន​អំណាច​តិចតួច​បំផុត។ អវត្តមាន​របស់​លោក​សាឡេះ​អាច​នឹង​ធ្វើ​ឲ្យ​យេម៉ែន​ត្រូវ​ធ្លាក់​ក្នុង​វិបត្តិ​ថ្មីមួយទៀត គឺ​ការ​ហែកហួរ​ដណ្តើម​អំណាច​គ្នា ក្នុង​ចំណោម​មន្រ្តី​រដ្ឋាភិបាល។

ទាក់ទង​នឹង​ជីវិត​នយោបាយ​របស់​លោក​សាឡេះ គេ​កំពុង​រង់ចាំមើល​​ការវិវឌ្ឍ​សំខាន់​ពីរ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀតនេះ។ ទីមួយ តើ​គាត់​អាច​ជាសះស្បើយ​ពីរបួស​អាច​ធ្វើការ​បាន​ជា​ធម្មតា​វិញ​ដែរ​ឬទេ? ទីពីរ តើ​អារ៉ាប៊ី សាអ៊ូឌីត នឹង​អនុញ្ញាត​ឲ្យ​លោក​សាឡេះ​វិលត្រឡប់​មក​យេម៉ែនវិញ ឬ​មួយ​ក៏​នឹង​ដាក់សម្ពាធ​ឲ្យ​គាត់​ចុះចេញ​ពី​តំណែង ហើយ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត​​រហូតតែ​ម្តង?

គួរ​បញ្ជាក់ថា កន្លងមក អារ៉ាប៊ី សាអ៊ូឌីត ជាប្រទេស​ដែលចេញមុខ​ចេញមាត់​ជាងគេ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​នយោបាយ នៅ​យេម៉ែន ដោយ​បាន​​សម្រេច​ជា​កិច្ចព្រមព្រៀង​មួយ ដែល​ចុះហត្ថលេខា​ដោយ​ក្រុមប្រឆាំង ប៉ុន្តែ ត្រូវ​បាន​លោក​សាឡេះ​ច្រានចោល​មួយលើក​ជាពីរលើក។ វត្តមាន​របស់​លោក​សាឡេះ នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត គឺ​ជា​ឱកាស​ល្អ​មួយ ដែល​​អារ៉ាប៊ី សាអ៊ូឌីត អាច​ដាក់សម្ពាធ​ឲ្យ​លោក​សាឡេះ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ