អានតួអត្ថបទ
អាមេរិក-ចិន-ជប៉ុន

ការស្ទង់មតិ៖ប្រជាជន​ជប៉ុន និង​ប្រជាជន​ចិន​បោះឆ្នោត​គំាទ្រ​បេក្ខជន បារ៉ាក់ អូបាម៉ា

នៅ​ថ្ងៃ​អង្គារ ទី៦ វិច្ឆិកា ប្រជាពលរដ្ឋ​អាមេរិកំាង​នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ មាន​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​ពីរ​រូប គឺ​លោក​ប្រធានាធិបតី​ផុតអាណត្តិ បារ៉ាក់ អូបាម៉ា មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក​មីត រ៉ូមនី មក​ពី​គណបក្ស​សាធារណៈរដ្ឋ។ ក្រៅ​ពី​ប្រជាពលរដ្ឋ​អាមេរិកំាង ប្រជាជន​ចិន និង​ជប៉ុន​ក៏​បាន​ចាប់​អារម្មណ៍​នឹង​ការ​បោះឆ្នោត​នៅ​អាមេរិក​នេះ​ដែរ។ យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​មួយ​សម្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ឲ្យ​ដឹង​ថា មាន​ប្រជាជន​ចិន និង​ជប៉ុន​ភាគច្រើន​បាន​គំាទ្រ​បេក្ខជន​បារ៉ាក់ អូបាម៉ា ជាង​បេក្ខជន​មីត រ៉ូមនី។

លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា
លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា © Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ស្ទង់​មតិ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​កញ្ញា និង​តុលា ដោយ​វិទ្យាស្ថាន Ipsos នៅ​ហុងកុង។ លទ្ធផល​បាន​បង្ហាញ​ថា មាន​ប្រជាជន​ជប៉ុន​មិន​តិច​ជាង ៨៦% និង​ប្រជាជន​ចិន​មិន​តិច​ជាង ៦៣% ទេ ដែល​បាន​គំាទ្រ​បេក្ខជន​ប្រធានាធិបតី​ផុតអាណត្តិ បារ៉ាក់ អូបាម៉ា។ សម្រាប់​បេក្ខជន​មីត រ៉ូមនី​វិញ លោក​រ៉ូមនី​បាន​ទទួល​ការ​គំាទ្រ​ច្រើន​ពី​ប្រជាជន​ចិន ជាង​ប្រជាជន​ជប៉ុន។ បើ​តាម​លោក Andrew Lam នាយករង​វិទ្យាស្ថាន Ipsos នៅ​ហុងកុង​ឲ្យ​ដឹង​ថា ជា​ទូទៅ ប្រជាជន​រស់​ក្នុង​ទ្វីបអាស៊ី​ទំាង​មូល​ចង់​ឃើញ​លោក អូបាម៉ា​ជាប់​ឆ្នោត​ប្រធានាធិបតី​អាមេរិក​មួយ​អណត្តិ​ទៀត។

នៅ​ក្នុង​ប្រទេស​ចិន អប្រជាប្រិយភាព​របស់​លោក មីត រ៉ូមនី​ក៏​ដោយសារ​តែ​ពាក្យសម្តី​វាយប្រហារ​ចិន​របស់​លោក​ដែរ ពិសេស​គឺ​ការ​ចោទ​ចិន​ពី​បទ​បាន​លូកដៃ​អន្តរាគមន៍​លើ​តម្លៃ​ប្រាក់យ័ន។ នៅ​ក្នុង​វេទិកា​តស៊ូមតិ​ចុងក្រោយ​រវាង​​លោក មីត រ៉ូមនី និង​បារ៉ាក់ អូបាម៉ា លោក​មីត រ៉ូមនី​បាន​អះអាង​ជាថ្មី​​ថា បើ​លោក​ជាប់​ឆ្នោត លោក​នឹង​ធ្វើ​ការ​ចោទ​ចិន​ជា​ផ្លូវការ​ពី​រឿង​លូកដៃ​អន្តរាគមន៍​លើ​តម្លៃ​ប្រាក់យ័ន​ក្នុង​បំណង​បង្កើន​វិស័យ​នំា​ចេញ។ សម្រាប់​លោក​មីត រ៉ូមនី ចិន ជា​ចោរ​លួច​ការងារ​របស់​អាមេរិក ចិន ជា​ចោទ​លួច​បច្ចេកវិទ្យា និង​កម្មសិទ្ធិ​បញ្ញា​របស់​អាមេរិក ឬ​មួយ​ចិន ជា​អ្នក​ក្លែងក្លាយ​ផលិតផល​អាមេរិកំាង​ជា​ដើម។ ខុស​ពី​លោក​មីត រ៉ូមនី លោក​អូបាម៉ា​ក៏​បាន​ចោទ​ចិន​ទាក់ទង​នឹង​រឿង​តម្លៃប្រាក់យ័ន​នេះ​ដែរ តែ​មិន​ជា​ចំហ​ដូច​លោក​មីត រ៉ូមនី​ទេ។

នៅ​ក្នុង​ប្រទេស​ជប៉ុន​ឯណោះ អប្រជាប្រិយភាព​របស់​លោក មីត រ៉ូមនី ក៏​ដោយសារ​តែ​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​អំពី​ដំណើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​ជប៉ុន។ សម្រាប់​ប្រជាជន​ជប៉ុន​ដែល​មាន​មោទនភាពជាតិ​នោះ នេះ​គឺ​ជា​ការ​ធ្វើ​អត្ថាធិប្បាយ​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។

សរុប​មក​វិញ លទ្ធផល​នៃ​ការ​ស្ទង់មតិ​ធ្វើ​ឡើង​ដោយ Ipsos-AFP ឲ្យ​ដឹង​ថា មាន​ប្រជាជន​ជប៉ុន​ចំនួន ៨១,៨% និង​ប្រជាជន​ចិន​ចំនួន ៥៨,៣% បាន​ផ្តល់​ទំនុកចិត្ត​លើ​រូប​លោក​បារ៉ាក់ អូបាម៉ា​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច។ រីឯ​នៅ​ក្នុង​ផ្នែក​សន្តិភាព និង​សន្តិសុខ​វិញ លោក​ប្រធានាធិបតី​ផុតអាណត្តិ​ក៏​ទទួល​ទំនុកទុកចិត្ត​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ ពោល​គឺ​ ៨៥,៣% ពី​ប្រជាជន​ជប៉ុន និង​៥៦,៣% ពី​ប្រជាជន​ចិន។ គួរ​ជម្រាប​ជូន​ថា លទ្ធផល​នៃ​ការ​ស្ទង់មតិ​នេះ​បាន​មក​ពី​ការ​សួរ​ប្រជាជន​ចំនួន ១ ០០០នាក់​នៅ​ក្នុង​ប្រទេស​នីមួយៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ