អានតួអត្ថបទ
អេហ្ស៊ីប-ចិន

ចិន-អេហ្ស៊ីប៖​លោកស៊ី ជីនពីង​គាំទ្រ​លោក​អាល់ ស៊ីស៊ី​ក្នុង​ការ​ប្រឹងប្រែង​​រក្សា​ស្ថិរភាព​ក្នុង​តំបន់

លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​កំពុង​បន្ត​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​ដើមបូព៌ា។ បន្ទាប់​ពី​បាន​បំពេញ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​មក លោក​ស៊ី ជីនពីង​បាន​បន្ត​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២១ មករា​នេះ។ នៅ​ក្នុង​ជំនួប​សមភាគី​អេហ្ស៊ីប​លោក​អាល់ ស៊ីស៊ី លោក​ស៊ី ជីនពីង​បាន​ថ្លែង​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អេហ្ស៊ីប​ក្នុង​បុព្វហេតុ​រក្សា​ស្ថិរភាព​នៅ​ក្នុង​តំបន់។

លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង និង​សមភាគី​អេហ្ស៊ីប​លោក​អាល់ ស៊ីស៊ី
លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង និង​សមភាគី​អេហ្ស៊ីប​លោក​អាល់ ស៊ីស៊ី Reuters
ផ្សាយពាណិជ្ជកម្ម

ខុស​ពី​ជំហរ​របស់​ប្រទេស​មួយ​ចំនួន ពិសេស​ប្រទេស​លោក​ខាងលិច ប្រទេស​ចិន​មិន​បាន​រិះគន់​លោក​ប្រធានាធិបតី​អេហ្ស៊ីប​អាល់ ស៊ីស៊ី​ដែល​បាន​ឡើង​កាន់​អំណាច​តាម​រដ្ឋប្រហារ​យោធា ឬ​មួយ​ក៏​វិធានការ​បង្រ្កាប​ក្រុមប្រឆាំង​របស់​លោក​អាល់ ស៊ីស៊ី​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​មាន​តែ​ការ​សាទរ និង​គាំទ្រ​ការ​ប្រឹងប្រែង​របស់​សមភាគី​អេហ្ស៊ីប​ដើម្បី​ស្ថិរភាព​នៅ​ក្នុង​តំបន់។ ដោយ​មិន​និយាយ​ចំ​មុខ​ប្រទេស​ណា​មួយ លោក​ប្រមុខ​រដ្ឋ​ចិន​បាន​ថ្លែង​ដោយ​ប្រយោល​ថា ប្រទេស​នីមួយៗ​មាន​សិទ្ធិ​ក្នុង​ការ​ស្វែង​រក​ជោគវាសនា​អនាគត​ឲ្យ​ប្រទេស និង​ប្រជាជន​ដោយ​ខ្លួន​ឯង ពោល​មិន​ត្រូវ​ការ​មេរៀន​ពី​អ្នក​ដទៃ​ទេ។

ក្រៅ​ពី​ការ​ថ្លែង​គាំទ្រ និង​សាទរ​ចំពោះ​សមភាគី​អេហ្ស៊ីប​លោក​អាល់​ស៊ីស៊ី លោក​ស៊ី ជីនពីង​ក៏​បាន​ថ្លែង​ប្រាប់​លោក​អាល់ ស៊ីស៊ី​ថា ទីក្រុង​ប៉េកាំង​ចង់​ឃើញ​ទីក្រុង​គែរ​ដើរ​តួនាទី​ឲ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត​នៅ​ក្នុង​ដំណើរ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​អន្តរជាតិ និង​វិបត្តិ​ក្នុង​តំបន់។ សូម​ជម្រាប​ជូន​ថា វត្តមាន​របស់​ប្រមុខ​រដ្ឋ​ចិន​ក្នុង​ទឹកដី​អេហ្ស៊ីប​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ​មុន​ខួប​គម្រប់ ៥ឆ្នាំ​នៃ​បដិវត្តន៍​ប្រជាជន​ផ្តួលរំលំ​របប​ដឹកនាំ​របស់​លោក​ហូស្ន៊ី មូបារ៉ាក់​កាល​ពី​ថ្ងៃទី២៥ មករា ឆ្នាំ ២០១១។

នៅ​ប៉ុន្មាន​ថ្ងៃ មុន​ខួប​គម្រប់ ៥ឆ្នាំ​នៃ​ការ​ធ្លាក់​ពី​អំណាច​របស់​លោក​មូបារ៉ាក់ រដ្ឋអំណាច​បាន​ផ្តើម​ពង្រឹង​សន្តិសុខ និង​មាន​សកម្មជន​ប្រឆាំង​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ចំណែក​គណបក្ស​ប្រឆាំង និង​ក្រុម​ភាតរៈ​អ៊ីស្លាម​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ក្បួនបាតុកម្ម​នៅ​ថ្ងៃទី២៥ មករា​ខាង​មុខ។ គួរ​ជម្រាប​ជូន​ថា មុន​នឹង​ទៅ​ដល់​អេហ្ស៊ីប​ថ្ងៃ​នេះ លោក​ស៊ី ជីនពីង​បាន​ស្ថិត​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​រយៈពេល ២ថ្ងៃ។ នៅ​ថ្ងៃ​ពុធ ទី២០ មករា លោក​ស៊ី ជីនពីង និង​ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​បាន​បើក​សម្ពោធ​ស្ថានីយ៍​បូមប្រេង​សាងសង់​រួម​គ្នា​ដោយ​ក្រុមហ៊ុនចិន និង​អារ៉ាប៊ីសាអូឌីត។

បន្ទាប់​ពី​ប្រទេស​អេហ្ស៊ីប លោក​ប្រមុខ​រដ្ឋ​ចិន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់ មុន​នឹង​ត្រឡប់​ទៅ​ចិន​វិញ​នៅ​ថ្ងៃ​សុក្រ ទី២២ មករា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ