អានតួអត្ថបទ
អ៊ិរ៉ាក់

បន្ទាប់ពី ​អារ៉ាប៊ីសាអូឌីត​ និង​តួកគី ​ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ​បន្ត​ដំណើរ​ទៅ​អ៊ីរ៉ង់

លោក​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ​កំពុង​បន្ត​ដំណើរ​ទស្សនកិច្ច  ​តាម​ប្រទេស​ធំៗ ​ក្នុង​តំបន់​ដើមបូព៌ា។ បន្ទាប់​ពី​អារ៉ាប៊ីសាអូឌីត​ និង​តួកគី ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​ លោក​ អាល់ អាបាឌី ​បាន​ទៅដល់​ទីក្រុង​តេអេរ៉ង់​ រដ្ឋធានី​អ៊ីរ៉ង់។ តាម​ការ​ប៉ាន់ស្មាន​ ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​គឺ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ស្តារ​មិត្តភាព ​រវាង​អ៊ីរ៉ាក់ ​និង​អ៊ីរ៉ង់​ ព្រមទាំង​ស្វែងរក​ការ​គាំទ្រ​ពី​សំណាក់​ អ៊ីរ៉ង់​ ទាក់ទិន​នឹង​បញ្ហា​ទាមទារ​អធិបតេយ្យភាព ​របស់​ជនជាតិ​កួដ​នៅ​អ៊ីរ៉ាក់។

លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider Al-Abadi ​(ឆ្វេង) ​និង​លោក​ប្រធានាធិបតី​​អ៊ីរ៉ង់ ​ហាសាន់​​ រ៉ូហានី នៅតេអេរ៉ង់​ ថ្ងៃទី​ ២៦ ​តុលា ​២០១៧
លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider Al-Abadi ​(ឆ្វេង) ​និង​លោក​ប្រធានាធិបតី​​អ៊ីរ៉ង់ ​ហាសាន់​​ រ៉ូហានី នៅតេអេរ៉ង់​ ថ្ងៃទី​ ២៦ ​តុលា ​២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

នៅរដ្ឋធានី​ តេអេរ៉ង់​ លោក​ Haider al-Abadi ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ ត្រូវ​ជួប​ជា​មួយ​នឹង ​លោក​ប្រធានាធិបតី​ស្តីទី​អ៊ីរ៉ង់​  Eshagh Jahangiri ​បន្ទាប់​មក​ទៀត ​ជាមួយ​លោក​ ហាសាន់​ រ៉ូហានី ​ប្រធានាធិបតី​អ៊ីរ៉ង់​  ជាមួយ​លោក​ប្រធាន​សភា​អ៊ីរ៉ង់​ Ali Larijani ​ និង​ចុងក្រោយ​បង្អស់​ គឺជួប​ជាមួយ​លោក​អាយាតូឡា  ​អាលី ​ខេមណី ​ប្រមុខ​ដឹកនាំ​សាសនា​កំពូល​របស់​អ៊ីរ៉ង់។

យោង​តាម​ការ​ផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​ បាន​ឲ្យ​ដឹង​ថា ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ​ក្នុង​ពេល​នេះ ​គឺ​ដើម្បី ​ស្ថាបនា​ចំនង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​  ដែល​ធ្លាប់​ឆ្លង​កាត់​សង្រ្គាម ​ជាមួយ​គ្នា ​កាល​ពី​ទសវត្ស​ឆ្នាំ​៨០។ ជំនួប​នេះ ​ក៏​នឹង​អនុញ្ញាត ​ឲ្យ​អ៊ីរ៉ាក់​ ស្វែងរក​ការ​គាំទ្រ​ពី​អ៊ីរ៉ង់​ ក្នុង​ការ​ធ្វើ​សមាហរណកម្ម ​ក្នុង​តំបន់ ​បន្ទាប់​ពី​អ៊ីរ៉ាក់​កំពុង​វិល​ត្រលប់​មក​រក​ស្ថិរភាព​វិញ​ ក្រោយ​ការ​យក​ជ័យ​ជំនះ ​លើក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។

យ៉ាង​ណាមិញ ​នៅថ្ងៃ​ព្រហស្បតិ៍​ ទី២៦​ តុលា​នេះ​ កងទ័ព​អ៊ីរ៉ាក់ ​ ទើបតែ​បាន​បើក​សមរភូមិ​មួយ​ទៀត ​ ដើម្បី​ដណ្តើម​យក​ វាល​ទំនាប ​Euphrate ​ពីដៃ​ក្រុម​ជីហាត ​អង្គការ​រដ្ឋ​អ៊ីស្លាម​មក​វិញ។ តំបន់​នេះ​ គឺ​ជា​តំបន់​ចុងក្រោយ​បង្អស់ ​ដែល​ស្ថិត​នៅ​ក្នុង​ការ​កាន់កាប់ ​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ មន្ត្រី​ជំនាញ​ជាច្រើន ​ក៏​បាន​លើក​ឡើង​ថា ​ជោគជ័យ​របស់​កងទ័ព​អ៊ីរ៉ាក់ ​កន្លង​មក​នេះ ​ ដោយសារ​បាន​ទទួល​ជំនួយ​ កម្លាំង ​អាវុធ ​និង​បច្ចេកទេស ​ពី​កងទ័ព​អ៊ីរ៉ង់។

ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​របស់​ប្រមុខ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​ក្នុង​ពេល​នេះ ​ក៏អាច​ផ្តោត​សំខាន់ ​ទៅ​លើ​បញ្ហា​ទាមទារ​ឯករាជ្យ​របស់​ជនជាតិ​កួដ ​នៅ​អ៊ីរ៉ាក់​ដែរ។  អ៊ីរ៉ង់​បាន​គាំទ្រ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​ ដោយ​ប្រឆាំង​ មិន​ឲ្យ​ក្រុម​កួដ ​បំបែក​ទឹកដី ​មាន​ឯករាជ្យ​ទេ។ វិបត្តិ​ទាមទារ​អធិបតេយ្យភាព ​របស់​ក្រុម​កួដ ​នៅ​អ៊ីរ៉ាក់  ​កំពុង​តែ​ប្រមូល ​ប្រទេស​ក្នុង​តំបន់​ ដែល​ធ្លាប់​តែ​មិន​ត្រូវ​គ្នា ​ដូចជា​តួកគី  ​អ៊ីរ៉ាក់ ​និង​អ៊ីរ៉ង់ ​ជាដើម ​ឲ្យ​ចាប់ដៃ​គ្នា​ ដើម្បី​រិះរក​វិធី​ ទប់​ស្កាត់ ​ការ​ទាមទារ​ឯករាជ្យ​របស់​ក្រុមកួដ។

ដោយឡែក ​កាល​ពី​ដើម​សប្តាហ៍​នេះ ​លោក​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ​បាន​អញ្ជើញ​ទៅ​ជួប​ព្រះចៅ​សាល់ម៉ាន់​ របស់​អារ៉ាប៊ីសាអូឌីត។ នៅទី​នោះ ​អារ៉ាប៊ីសាអូឌីត ​ មាន​បំណង​ទាក់ទាញ​អ៊ីរ៉ាក់​ កុំឲ្យ​ខិត​ទៅ​ជិត​អ៊ីរ៉ង់ ​ដែល​ជា​សត្រូវ​ធំ​របស់​ខ្លួន។ ដូច្នេះ​ក្នុង​កាលៈទេសៈ​នេះ ​លោក​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ​ត្រូវតែ​ថ្លឹងថ្លែង​ដោយ​ប្រុង​ប្រយ័ត្ន ​ ធ្វើ​យ៉ាងណា ​កុំ​​ឲ្យ​មហា​យក្ស​ដើម​បូព៌ា​ទាំងពីរ ​មាន​ការ​អាក់អន់​ចិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ