អានតួអត្ថបទ
កម្ពុជា

ព្រឹទ្ធ​សភា អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​NGO ខណៈ​ក្រុម​សង្គម​ស៊ីវិល​នៅ​តែ​តវ៉ា​ឥត​ល្ហែរ​

សមាជិក​ព្រឹទ្ធសភា នៅព្រឹក​ថ្ងៃទី ២៤កក្កដានេះ បានឯកភាព​អនុម័តលើ​សេចក្តីព្រាងច្បាប់​ស្តីពីសមាគម និងអង្គការ​ក្រៅរដ្ឋាភិបាលរួចហើយ​ បើទោះបីជា​ក្រុមអង្គការ​​សង្គម​ស៊ីវិល នៅតែបន្ត​ធ្វើការ​តវ៉ា​ប្រឆាំងមិន​ឈប់ឈរក៏ដោយ​។ តំណាងសមាជិក​ព្រឹទ្ធសភា បញ្ជាក់ថា ការ​អនុម័តនេះ បាន​ឆ្លងកាត់​ការពិចារណា និង​ការ​ពិភាក្សា​យ៉ាងល្អិតល្អន់បំផុត។

ក្រុម​សង្គមស៊ីវិល តវ៉ានៅមុខព្រឹទ្ធសភា ចំពោះសេចក្តីព្រាងច្បាប់ NGO។
ក្រុម​សង្គមស៊ីវិល តវ៉ានៅមុខព្រឹទ្ធសភា ចំពោះសេចក្តីព្រាងច្បាប់ NGO។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅក្នុងព្រឹទ្ធសភា នាព្រឹក​ថ្ងៃទី ២៤កក្កដានេះ សមាជិក​ព្រឹទ្ធសភា ដែល​អវត្តមាន​សមាជិក​មក​ពីគណបក្ស​សម រង្ស៊ី បានបើកការ​ប្រជុំពិភាក្សា និង​​​អនុម័ត​លើសេចក្តីព្រាង​ច្បាប់ ស្តីពីសមាគម​ និងអង្គការ​ក្រៅរដ្ឋាភិបាល​រួចរាល់ហើយ ក្រោម​សម្លេង​គាំទ្រ ៤៤លើ៤៤សម្លេង​។

តំណាងសមាជិក​ព្រឹទ្ធសភា បាន​ប្រាប់អ្នក​សារព័ត៌មាន ក្រោយកិច្ច​ប្រជុំនោះថា ទម្រាំបាន​អនុម័តលើសេចក្តីព្រាងច្បាប់នេះ ព្រឹទ្ធសមាជិក​សភា បាន​លើកយក​សំណើរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ការ​ធ្វើពហិការរបស់​ព្រឹទ្ធសមាជិក​សភាមក​ពីគណបក្ស​សម រង្ស៊ី​ មក​ពិភាក្សា​យ៉ាងក្បោះក្បាយ រយៈពេល​ជាងមួយ​ម៉ោង។

ស្របពេលដែល​ព្រឹទ្ធសមាជិក​សភា កំពុងបើក​ការ​ពិភាក្សា​ពីសេចក្តីព្រាងច្បាប់នេះ ក្រុម​អង្គកា​រសង្គមស៊ីវិល ដោ​យ​រួម​មាន​ទាំងព្រះសង្ឃផង បាន​ប្រមូល​ផ្តុំគ្នាឈរ​​ប្រឆាំងដាច់ខាត ចំពោះដំណើរនៃ​ការ​អនុម័តសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស់នេះ នៅ​ខាង​ក្រៅ​វិមាន​ព្រឹទ្ធសភា​។ ពួកគេ​បាន​នាំគ្នា​លើកបដាដដែល ដែល​មាន​សរសេរថា «និយាយ​ថាទេ ចំពោះច្បាប់ NGO»។ ហើយ​តំណាងអង្គការ​ក្រៅរដ្ឋាភិបាល ក៏បាន​យក​ញ្ញត្តិ​ទៅ​ដាក់នៅស្ថានទូតជប៉ុន ប្រចាំក្រុងភ្នំពេញ ដើម្បីស្វែងរក​អន្តរាគមថែម​ទៀតផង​។

លោក​អំ សំអាត​ ប្រធាន​បច្ចេកទេស​ឃ្លាំ​មើលកា​ររំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ បាន​ប្រាប់វិទ្យុបារាំងថា ទោះបីជាសេចក្តីព្រាងច្បាប់នេះ ត្រូវបាន​អនុម័តដោយ​រដ្ឋសភា និង​ព្រឹទ្ធសភាក៏ដោយ ក៏សង្គម​ស៊ីវិល នៅមិនទាន់អស់សង្ឃឹមនោះ​ដែរ។ តាម​លោក​អំ សំអាត សង្គម​ស៊ីវិល នឹង​បន្ត​តស៊ូមតិ ដោយធ្វើលិខិត ទៅកាន់ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដើម្បីពិនិត្យ​មើល​ធម្មនុញ្ញភាពនៃច្បាប់នេះ រួម​បង្វិល​មក​រដ្ឋសភា ធ្វើការ​ពិភាក្សាឡើង​វិញ។ ហើយ​​បើសេចក្តីព្រាងច្បាប់នេះ ត្រូវបាន​បញ្ជូន​ទៅថ្វាយ​ព្រះមហាក្សត្រ សង្គម​ស៊ីវិល ក៏​នឹង​បន្ត​ស្នើសុំឲ្យ​ព្រះមហាក្សត្រ ទតមើលពីច្បាប់នេះឡើងវិញផងដែរ​​។

សូម​បញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការ​ក្រៅរដ្ឋាភិបាល​ ទើប​ត្រូវបាន​រដ្ឋសភា សម្រេចអនុម័ត ដោយ​សម្លេងគាំទ្រ​​ចំនួន ៦៨ កាលពីថ្ងៃទី ១៣កក្កដាកន្លងទៅ បើទោះបីជាសមាជិក​សភានៃគណបក្ស​សង្គ្រោះជាតិ បាន​ធ្វើពហិការមិន​ចូលរួមក៏ដោយ។ សេចក្តីព្រាង​ច្បាប់ ដែល​មាន​ ៩ជំពូក និង​ ៣៩មាត្រានេះ ត្រូវបាន​សង្គម​ស៊ីវិល បញ្ជាក់ដដែល​ៗថា បាន​រឹតត្បិត​សេរីភាព​របស់​ក្រុមអង្គការ​ក្រៅរដ្ឋាភិបាល ក្នុងការ​បញ្ចេញ​មតិបម្រើ​សង្គមកម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ