អានតួអត្ថបទ
ជប៉ុន-កូរ៉េ​ខាង​ត្បូង

កូរ៉េខាងត្បូង​លុបចោល​ទស្សនកិច្ច​ទៅ​ជប៉ុន ក្រោយ​រដ្ឋមន្រ្តី​ជប៉ុន​ទៅ​វិហារ​យ៉ាស៊ូគូនី

នៅថ្ងៃ​ចន្ទ​នេះ កូរ៉េ​ខាងត្បូង​បាន​សម្រេច​​លុបចោល​ដំណើរទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការបរទេស​ខ្លួន ទៅកាន់​ទីក្រុង​តូក្យូ ដើម្បី​ជា​ការ​តបត​ទៅនឹង​ដំណើរទស្សនកិច្ច​របស់​មន្រ្តី​ជាន់ខ្ពស់​ជប៉ុន ៣រូប ទៅកាន​វិហារ​យ៉ាស៊ូគូនី កាល​ពីចុងសប្តាហ៍​កន្លងទៅនេះ។ វិហារ​យ៉ាស៊ូគូនី ដែល​មាន​បញ្ចុះ​សព​អតីត​មេដឹកនាំ​យោធា​ជប៉ុន ដែល​ត្រូវ​កាត់ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម ជារឿយៗ តែងតែ​បង្ក​ជា​​រឿង​ចម្រូងចម្រាស​ រវាង​ជប៉ុន និង​ប្រទេស​ជិតខាង គឺ​ចិន និង​កូរ៉េ។

លោក​តារ៉ូ អាសូ ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ជប៉ុន ពេល​ទៅ​គោរពវិញ្ញាណក្ខន្ធ នៅ​វិហារ​យ៉ាស៊ូគូនី
លោក​តារ៉ូ អាសូ ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ជប៉ុន ពេល​ទៅ​គោរពវិញ្ញាណក្ខន្ធ នៅ​វិហារ​យ៉ាស៊ូគូនី REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

មន្រ្តី​ជប៉ុន ទាំង ៣រូប ដែល​បាន​ធ្វើ​ដំណើរទៅ​គោរពវិញ្ញានក្ខន្ធ នៅ​វិហារ​យ៉ាស៊ូគូនី កាល​ពី​ចុងសប្តាហ៍​កន្លងទៅនេះ រួមមាន លោក​តារ៉ូ អាសូ (Taro Aso) ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ, លោក​យ៉ូស្ហ៊ីតាកា ស្ហ៊ីនដូ (Yoshitaka Shindo) រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​លោក​កីជី ហ្វ៊ូរូយ៉ា (Keiji Furuya) ប្រធាន​គណៈកម្មការ​ជាតិ​ទទួលបន្ទុក​សន្តិសុខ​សាធារណៈ។

គួរបញ្ជាក់ឡើងវិញ​ថា វិហារ​យ៉ាស៊ូគូនី គឺ​ជា​វិមាន​សព ដែល​មាន​បញ្ចុះ​សាកសព​ប្រមាណ​ជា ២,៥លាន​នាក់ ដែល​ជប៉ុន​ចាត់ទុក​ថា ជា​អ្នក​ដែល​បាន​បូជាជីវិត​ ដើម្បី​បុព្វហេតុជាតិ។ ក៏ប៉ុន្តែ អ្វី​ដែល​ជា​រឿង​ចម្រូងចម្រាស គឺ​នៅត្រង់ថា នៅ​ក្នុង​ចំណោម​សាកសព ដែល​បញ្ចុះ នៅ​យ៉ាស៊ូគូនី​នេះ មាន​អតីត​មេដឹកនាំ​ជប៉ុន ១៤រូប ដែល​ត្រូវ​បាន​តុលាការ​អន្តរជាតិ កាត់ទោស​ពី​បទឧក្រិដ្ឋកម្ម​សង្រ្គាម នៅ​ក្រោយ​សង្រ្គាម​លោក​លើកទី២។

កូរ៉េ​ខាង​ត្បូង ដែល​ធ្លាប់​ជា​ប្រទេស​រងគ្រោះ​ដោយ​នយោបាយ​យោធានិយម​របស់​ជប៉ុន កាល​ពី​សម័យ​សង្រ្គាម​លោក បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ នៅថ្ងៃ​ចន្ទ​នេះ ​ថ្កោលទោស​ចំពោះ​ដំណើរ​ទៅកាន់​វិហារ​យ៉ាស៊ូគូនី របស់​មន្រ្តី​ជាន់ខ្ពស់​ជប៉ុន។ លើសពីនេះ​ទៅទៀត ដំណើរទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង ទៅកាន់​ទីក្រុង​តូក្យូ ក៏​ត្រូវបាន​កូរ៉េ​ខាង​ត្បូង​លុបចោល​ដែរ។

នៅ​ឯតូក្យូ​ឯណោះវិញ រដ្ឋាភិបាល​ជប៉ុន​បាន​សម្តែង​នូវ​ការ​សោកស្តាយ​ ដែល​កូរ៉េ​ខាង​ត្បូង​សម្រេច​លុបចោល​ដំណើរទស្សនកិច្ច​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​របស់​ខ្លួន​នេះ ដោយ​បាន​លើកឡើង​ថា ដំណើរទៅកាន់​វិហារ​យ៉ាស៊ូគូនី​របស់​មន្រ្តី​ជប៉ុន​ទាំង ៣នាក់ កាល​ពី​ចុងសប្តាហ៍​កន្លងទៅនេះ គឺ​ធ្វើ​ឡើង​ជា​លក្ខណៈឯកជន ក្នុង​នាម​ពលរដ្ឋ​ជប៉ុន​ធម្មតា​ប៉ុណ្ណោះ មិន​មែន​ក្នុង​នាម​រដ្ឋាភិបាល​នោះទេ។

លោក​នាយករដ្ឋមន្រ្តី​ស្ហ៊ីនហ្សូ អាបេ ដែល​ជា​អ្នក​នយោបាយ​ជាតិនិយម​ម្នាក់ ហើយ​ដែល​​កាល​ពី​ឆ្នាំ​ទៅមិញ ក្នុង​ពេល​លោក​នៅ​ជា​មេដឹកនាំ​បក្ស​ប្រឆាំង ក៏​ធ្លាប់​បាន​​​ទៅគោរពវិញ្ញាណក្ខន្ធ នៅ​វិហារ​យ៉ាស៊ូគូនី​ដែរ​នោះ លោក​មិនបាន​ធ្វើ​ដំណើរ​ទៅយ៉ាស៊ូគូនី ដោយផ្ទាល់​ខ្លួន​លោក​នោះទេ កាល​ពី​ចុងសប្តាហ៍​កន្លងទៅនេះ ក៏ប៉ុន្តែ លោក​បាន​ផ្ញើ​ជារបស់របរ​ខ្លះ ដើម្បី​ឲ្យ​គេ​យក​ទៅ​ដាក់​ថ្វាយ​ជា​គ្រឿង​បូជា នៅ​ទីនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ