រុស្ស៊ី និងចិន ស្វែងរកការគាំទ្រពីសមាជិក UN ដើម្បីការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់
រុស្ស៊ី និងចិន កំពុងស្វែងរកការគាំទ្រលើសេចក្តីថ្លែងការណ៍រួមមួយរបស់ប្រទេសទាំងពីរ ក្នុងការប្រឆាំងទៅនឹងអាមេរិក កុំអោយដកខ្លួនដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ រុស្ស៊ី កាលពីថ្ងៃអង្គារទី២៤ម្សិលមិញ បានជំរុញអោយស្ថាប័នទទួលបន្ទុកកិច្ចការកាត់បន្ថយអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បង្ហាញនូវការគាំទ្ររបស់ខ្លួនដោយចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៣
ប្រទេសរុស្ស៊ី និងចិន ដែលជាអ្នកគាំទ្រធំជាងគេចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ជាពិសេសរុស្ស៊ី បានខិតខំស្វែងរកការគាំទ្រពីបណ្ដាប្រទេសដទៃ ដើម្បីការពារកិច្ចព្រមព្រៀងនេះ។ នៅថ្ងៃអង្គារទី២៤ រុស្ស៊ីបានជំរុញអោយស្ថាប័នទទួលបន្ទុកកិច្ចការកាត់បន្ថយអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរបស់ចិននិងរុស្ស៊ី ដើម្បីដាក់សម្ពាធទៅលើប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ កុំអោយដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។
កាលពីថ្ងៃច័ន្ទទី២២ ក្នុងសន្និសីទពិភាក្សាអំពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលធ្វើឡើងក្នុងទីក្រុងហ្សឺណែវនៃប្រទេសស្វីស ប្រធានអង្គភាពគ្រប់គ្រងអាវុធនៃក្រសួងការបរទេសរុស្ស៊ី លោក Vladimir Yermakov បានពិពណ៌នាថា កិច្ចព្រមព្រៀងអ៊ីរ៉ង់ជាកិច្ចព្រមព្រៀងមានភាពផុយស្រួយ ហើយរាល់ការប៉ុនប៉ងធ្វើវិសោធនកម្មនឹងប៉ះពាល់ដល់គ្រប់គ្រងការរីកសាយនុយក្លេអ៊ែរសកល។ លោកក៏បានអំពាវនាវអោយសមាជិកអង្គការសហប្រជាជាតិគាំទ្រដល់កិច្ចព្រមព្រៀងអ៊ីរ៉ង់មួយនេះ។
ប្រធានអង្គភាពគ្រប់គ្រងអាវុធរុស្ស៊ីរូបនេះ បានប្រាប់ទៅសារព័ត៌មានរ៉យទ័រថា ក្រោយពីសន្និសីទនៅក្រុងហ្សឺណែវរយៈពេល២សប្តាហ៍នេះត្រូវបានបញ្ចប់ លោកសង្ឃឹមថានឹងទទួលបានការគាំទ្រពីបណ្ដាប្រទេសធំៗ រួមទាំងសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងទ្វីបអឺរ៉ុបដែលបានសម្តែងការគាំទ្រចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះ មុនថ្ងៃកំណត់ទី១២ខែឧសភាខាងមុខដែលប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ នឹងធ្វើសេចក្តីសម្រេចថា អាមេរិកបោះបង់ចោលកិច្ចព្រមព្រៀងនេះឬអត់។
ដោយឡែក នៅថ្ងៃអង្គារទី២៤ លោកប្រធានធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង ក្នុងអំឡុងពេលជួបជជែកពិភាក្សាដោយផ្ទាល់ជាមួយលោកត្រាំ បាននិយាយបញ្ចុះបញ្ចូលអាមេរិក កុំអោយដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ តែលោកត្រាំ បានចាត់ទុកកិច្ចព្រមព្រៀងនេះថា ជាគ្រោះមហន្តរាយ និងមិនសមហេតុផល។
លោកត្រាំបានបន្ថែមថា អាមេរិកមិនគិតថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ អាចបញ្ឃប់នូវកម្មវិធីមីស៊ីលប៉ាឡេស្ទីករបស់តេអេរ៉ង់ ឬប្តូរលំហរបស់អ៊ីរ៉ង់ក្នុងការគាំទ្រក្រុមសកម្មប្រយុទ្ធក្នុងតំបន់មជ្ឈិមបូព៌ាបានឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ