អានតួអត្ថបទ

អឺរ៉ុប​ ព្រមព្រៀង​ទទួលយក​ជនអន្តោប្រវេសន៍​ចំនួន៤៩ នាក់​

ប្រទេសម៉ាល់ត៍​ បានឈានដល់​កិច្ចព្រមព្រៀងមួយ​ ជាមួយ​បណ្តាប្រទេស​ សហភាព​អឺរ៉ុប​ផ្សេងទៀត​ ដើម្បី​អនុញ្ញាតឱ្យ​ជនអន្តោប្រវេសន៍​ចំនួន​ ៤៩ នាក់​ ដែល​ស្ថិតនៅលើ​នាវា​សង្គ្រោះពីរគ្រឿង​ នៅឯឆ្នេរសមុទ្រម៉ាល់ត៍​ ចូលចត​ក្នុងដែនដី​របស់ប្រទេសម៉ាល់ត៍បាន​។ នេះ​បើតាមប្រសាសន៍​របស់​នាយករដ្ឋមន្ត្រីម៉ាល់ត៍​ ប្រាប់ទៅកាន់​អ្នកសារព័ត៌មាន​នៅថ្ងៃពុធ​ ទី៩​ មករា​ ឆ្នាំ២០១៩។

ជនអន្តោប្រវេសន៍ ដែលត្រូវបានជួយសង្គ្រោះនៅឯឆ្នេរសមុទ្រម៉ាល់ត៍ នាថ្ងៃទី៩ មករា ឆ្នាំ២០១៩។
ជនអន្តោប្រវេសន៍ ដែលត្រូវបានជួយសង្គ្រោះនៅឯឆ្នេរសមុទ្រម៉ាល់ត៍ នាថ្ងៃទី៩ មករា ឆ្នាំ២០១៩។ REUTERS/Darrin Zammit Lupi
ផ្សាយពាណិជ្ជកម្ម

ជន​អន្តោប្រវេសន៍​ធ្វើដំណើរ​តាមទូក​ចំនួន​ ៤៩ នាក់​ ដែលក្នុងនោះ​រួមមាន​ ទារកម្នាក់​ កុមារ ៤-៥ នាក់​ ត្រូវបានជួយសង្គ្រោះ​ ខណៈពេលដែល​ ពួកគេ​ព្យាយាម​ធ្វើដំណើរ​ឆ្លងកាត់តាម​សមុទ្រមេឌីទែរ៉ាណេ​ ពី​អាហ្វ្រិកខាងជើង​ ចូលមកកាន់​ទឹកដីអឺរ៉ុប​។

ជុំវិញបញ្ហានេះដែរ​ នាយករដ្ឋមន្ត្រី​ប្រទេសម៉ាល់ត៍​ បានឲ្យដឹងថា​ រដ្ឋាភិបាល​បានសម្រេច​អនុញ្ញាតឲ្យ​ទូក​របស់​ជនអន្តោប្រវេសណ៍​ចូលចត​ក្នុងដែនដីរបស់ខ្លួន ​ គឺ​ក្រោយពី​ មានកិច្ចព្រមព្រៀងរួមមួយ ​ស្តីអំពី​បញ្ហាជនអន្តោប្រវេសន៍​ ពី​បណ្តាប្រទេសសហភាព​អឺរ៉ុបទាំង២៧ រួចមក​។

បន្ថែមលើនេះ​ នាយករដ្ឋមន្ត្រី​រូបនេះ​ ក៏បាន​បញ្ជាក់ប្រាប់​ផងដែរថា​ បើគិត​រហូតមកដល់មាននេះ​ ប្រទេសម៉ាល់ត៍​ បានទទួលយក​ជនអន្តោប្រវេសន៍​ចំនួន ២៩៨នាក់ហើយ បូករួមទាំង​ជនអន្តោប្រវេសន៍​ថ្មី​ ចំនួនទាំង​៤៩​នាក់ទៀតនោះ​។ តួលេខនេះ​ គឺ​បូករួមនឹង​ជនអន្តោប្រវេសន៍​ចំនួន ២៤៩ នាក់ផ្សេងទៀត​ ដែល​កំពុងមាន​វត្តមាន​ នៅក្នុង​ប្រទេស​ម៉ាល់ត៍​ស្រាប់​។

ក្នុងចំណោម​ពួកគេទាំងអស់នោះ​ មាន​១៧៦នាក់​ អាចនឹងត្រូវ​បញ្ជូន​ទៅកាន់​ប្រទេសអឺរ៉ុប​មួយចំនួន​រួមមានជាអាទិ៍​ អាល្លឺម៉ង់​ បារាំង​ ព័រទុយហ្កាល់​ និង​អៀរឡង់​ជាដើម។ល។​

ជាមួយគ្នានេះដែរ​ ជនអន្តោប្រវេសន៍​ ៧៨ នាក់​ នឹងត្រូវ​អនុញ្ញាត​ឲ្យស្នាក់នៅ​ក្នុងប្រទេស​ម៉ាល់ត៍​ ខណៈពេលដែល​ ជនអន្តោប្រវេសន៍ ​ ជនជាតិបង់ក្លាដែស​ ចំនួន​ ៤៤ ផ្សេងទៀត​ នឹងត្រូវបញ្ជូន​ត្រលប់ទៅកាន់​ប្រទេសកំណើត​របស់ពួកគេវិញ​។

សូមរំឭកជូនផងដែរថា​ បញ្ហា​ជនអន្តោប្រវេសន៍​ បានក្លាយទៅជា​ប្រធានបទ​ដ៏ក្តៅ​ និងជា​បញ្ហាចោទ​យ៉ាងខ្លាំង​ នៅក្នុង​សហភាពអឺរ៉ុប​ ជាពិសេស​គឺ​ចាប់តាំងពី​ឆ្នាំ២០១៦​ មក​ម្ល៉ោះ។ នៅគ្រាកន្លងមក​ ជនអន្តោប្រវេសន៍​មួយចំនួន​ដែលប្រថុយជិវិត​ ធ្វើដំណើរតាមទូក​ទៅកាន់អឺរ៉ុប​ ថែមទាំងត្រូវ​បណ្តាប្រទេសអឺរ៉ុបខ្លះ​ មិនអនុញ្ញាត​ឱ្យពួកគេ​ចូលចត​ក្នុងប្រទេស​ទៀតផង​។

មួយវិញទៀត​ បើតាម​តួលេខ​ចេញដោយ​ ភ្នាក់ងារ​ជួយសង្គ្រោះ​របស់​អង្គការ​សហប្រជាជាតិ​ មាន​ជនអន្តោប្រវេសន៍​ រហូតដល់ចំនួនជាង​ ១១​ ម៉ឺននាក់​ឯណោះ​ បាន​ប្រថុយប្រថាន​ជីវិត​ជិះទូក​ឆ្លងកាត់​តាមសមុទ្រ​មេឌីទែរ៉ាណេ​ ដើម្បីអាច​មកដល់​អឺរ៉ុបបាន​ កាលពីឆ្នាំ​២០១៨​ កន្លងទៅថ្មីៗនេះ​។ មិនតែប៉ុណ្ណោះ​ ក្នុងចំណោមនោះ​ មានមនុស្សប្រមាណជាង​ ២ ពាន់អ្នក​ បានបាត់បង់ជីវិត​ ឬ​បាត់ខ្លួន​ ដោយសារ​ការធ្វើដំណើរ​ឆ្លងកាត់សមុទ្រ​ដ៏សែនគ្រោះថ្នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ