អានតួអត្ថបទ
IMF-បារាំង

IMF ដំឡើង​អត្រា​កំណើនសេដ្ឋកិច្ច​បារាំង​ឆ្នាំ ២០១៦ និង​អំពាវនាវ​ឲ្យ​ធ្វើ​កំណែទម្រង់​បន្ថែម

នៅ​ថ្ងៃ​អង្គារ ទី២៤ ឧសភា អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ហៅកាត់​ថា IMF បាន​ដំឡើង​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​បារាំង​សម្រាប់​ឆ្នាំ ២០១៦ ពី ១,១% ទៅ​ជិត ១,៥%។ តែ​ទន្ទឹម​គ្នា​នេះ IMF ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បារាំង​ចាត់​វិធានការ​ធ្វើ​កំណែទម្រង់​នៅ​លើ​ផ្នែក​ផ្សេង​ទៀត ពិសេស​កំណែទម្រង់​ទីផ្សារ​ការងារ។ យ៉ាង​ណា​ក៏​ដោយ ដំណឹង​ល្អ​មួយ​នេះ​បាន​ធ្លាក់​មក ចំ​ពេល​បាតកម្ម​ប្រឆាំង​នឹង​ច្បាប់​ការងារ​កំពុង​បន្ត​មាន​យ៉ាង​សកម្ម រហូត​ដល់​មាន​ការ​បិទខ្ទប់​ឃ្លាំ​ស្តុក​សាំង​បណ្តាល​ឲ្យ​មាន​ស្ថានីយ៍​ជា​ច្រើន​ក្នុង​ទីក្រុង​ប៉ារីស និង​ជាយ​ក្រុង​ប៉ារីស​បិទទ្វារ​បណ្តោះអាសន្ន។

លោកស្រី Christine Lagarde អគ្គនាយិកា IMF
លោកស្រី Christine Lagarde អគ្គនាយិកា IMF © Reuters/Stephen Jaffe
ផ្សាយពាណិជ្ជកម្ម

« សេដ្ឋកិច្ច​បារាំង​បាន និង​កំពុង​ងើប​ឡើង​វិញ​ហើយ តែ​នៅ​មាន​កិច្ចការ​សំខាន់ៗ និង​ចាំបាច់​ជា​ច្រើន​ទៀត​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ដើម្បី​បង្កើត​ការងារ និង​កាត់​បន្ថយ​ប្រាក់​បំណុល » នេះ​ជា​សេចក្តីសន្និដ្ឋាន​របស់​អង្គការ​មូនិធិរូបិយវត្ថុ​នៅ​ក្នុង​ការ​វាយតម្លៃ​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស​បារាំង។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​មក​ពី IMF បាន​មើល​ឃើញ​ថា កំណើន​សេដ្ឋកិច្ច​បារាំង​ក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០១៦ មាន​កម្រិត ០,៥% ដែល​ជា​កម្រិត​មួយ​ខ្ពស់​លើស​ពី​ការ​ប្រមើល​ទុក​របស់ IMF ដែល​មាន​ត្រឹម ០,២%។

គឺ​ជា​មួយ​នឹង​អត្រា​កំណើន​សេដ្ឋកិច្ច ០,៥% នៅ​ត្រីមាស​ទី១ កន្លង​ទៅ​នេះ​ហើយ​ដែល IMF ហ៊ាន​វាយតម្លៃ​ថា កំណើន​សេដ្ឋកិច្ច​បារាំង​សម្រាប់​ឆ្នាំ ២០១៦ នេះ​នឹង​មាន​ជិត ១,៥% ហើយ​សម្រាប់ ៥ឆ្នាំ​ខាង​មុខ​នឹង​អាច​មាន​ដល់​ទៅ ១,៧៥%។ តែ​នៅ​ក្នុង​ការ​វាយតម្លៃ​របស់​ខ្លួន​ដដែល IMF បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បារាំង​បន្ត​ធ្វើ​កំណែទម្រង់​លើស​ពី​អ្វី​ដែល​រដ្ឋាភិបាល​ទើប​បាន​ធ្វើ​កន្លង​មក តាម​រយៈ​ច្បាប់​សេដ្ឋកិច្ច​របស់​លោក​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អេម៉ានុយអែល ម៉ាក្រុង ឬ​មួយ​ក៏​ច្បាប់ការងារ​​របស់​លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​ការងារ​អែល កុមរី។

វិធានការ​កំណែទម្រង់​ដែល IMF ចង់​ឲ្យ​បារាំង​ធ្វើ​ជា​បន្ត​នា​ពេល​ខាង​មុខ គឺ​កំណែទម្រង់​ទីផ្សារ​ការងារ​ក្នុង​គោលដៅ​កាត់​បន្ថយ​ចំនួន​អ្នក​អត់​ការងារ​ធ្វើ និង​កាត់​បន្ថយ​ប្រាក់បំណុល។ នៅ​ត្រង់​ចំណុច​នេះ ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ​បាន​ដាក់​ចេញ​ជា​អនុសាសន៍​ឲ្យ​ធ្វើ​កំណែទម្រង់​លើ​ក្រិតក្រម​នៃ​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភធន​ដល់​អ្នក​អត់ការងារ​ធ្វើ និង​ដាក់​ចេញ​នូវ​នយោបាយ​ជួយ​គាំទ្រ និង​ជួយ​សម្រួល​ដល់​អ្នក​អត់​ការងារ​ធ្វើ​នៅ​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ ពិសេស​ជួយ​ពួក​គេ​ឲ្យ​បង្កើត​មុខ​របរ​រក​ស៊ី​ខ្លួន​ឯង។

នៅ​ចុង​បញ្ចប់​នៃ​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន IMF បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​ក្នុង​ការ​កាត់​បន្ថយ​ឱនភាព​ថវិកាជាតិ​ក្នុង​គោលដៅ​ឆ្ពោះ​ទៅ​កាត់​បន្ថយ​កម្រិត​ប្រាក់បំណុល​ដែល​នៅ​តែ​មាន​កម្រិត​ខ្ពស់​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ