អានតួអត្ថបទ

លោក ស៊ីជីនពីង ៖ ការ​ត្រួត​ពិនិត្យ​អ៊ីនធ័រនែត ដើម្បី​ធានា​សេរីភាព​និង​សណ្តាប់​ធ្នាប់

ដើម្បី​​ធានាបាន​នូវ​​សេរីភាព​របស់​អ្នក​ប្រើប្រាស់ ចិន​ចាំ​បាច់​ត្រូវ​តែ​មាន​ការ​ត្រួត​ពិនិត្យ​អ៊ីនធ័រនែត ព្រោះ​នេះ​មធ្យោបាយ​ការ​ពារ​ប្រឈម​ទប់​នឹង​ប្រព័ន្ធអ៊ីនធ័រនែត​​ពិភពលោក ដែល​សេរី និង​បើក​ចំហ។ នេះ​ជា​​ប្រសាសន៍​របស់លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​​ស្តី​ពី​អ៊ីនធ័រនែត លើក​ទីពីរ​ នៅ​ក្រុង​វូសេន Wuzhen ភាគ​ខាង​កើត​ប្រទេស ដែល​ទាមទារ​ឱ្យ​មាន​ការ​គោរព​អធិបតេយ្យភាពប្រទេស​នីមួយៗ ក្នុង​ជម្រើស​​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធ័រនែត។

ប្រធានាធិបតី​ចិន ថ្លែង​សុន្ទរកថា​បើកសន្និសីទ​អន្តរជាតិ​ស្តីពី​អ៊ីនធ័រនែត លើក​ទីពីរ​នៅ Wuzhen
ប្រធានាធិបតី​ចិន ថ្លែង​សុន្ទរកថា​បើកសន្និសីទ​អន្តរជាតិ​ស្តីពី​អ៊ីនធ័រនែត លើក​ទីពីរ​នៅ Wuzhen © Reuters
ផ្សាយពាណិជ្ជកម្ម

ហេតុ​អ្វី​បាន​ជា​ចិន​ត្រូវ​តែ​ត្រួត​ពិនិត្យ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធ័រនែត ? នេះ​គឺ​ជា​ជម្រើស​របស់​ប្រទេស​ចិន ! ព្រោះ​បើ​តាម​លោក ស៊ី ជីនពីង “​​សេរីភាព​និង​សណ្តាប់​ធ្នាប់ ជា​ពាក្យ​សំខាន់​ពីរ​ដែលមិន​អាច​ផ្តាច់​ពី​គ្នា​ឡើយ​ ក្នុង​ប្រព័ន្ធ​អ៊ីនធ័រនែត ៖ សេរីភាព​​ជា​​​ផលបង្ហើយ​​នៃ​សណ្តាប់​ធ្នាប់ ហើយ​សណ្តាប់ធ្នាប់​គឺ​ជា​ការ​​ធានាសេរីភាព”។ ​អ្នកប្រើប្រាស់​អ៊ីនធ័រនែត អាច​បញ្ចេញ​មតិ​យោបល់​បាន តែ​ត្រូវ​មាន​វិន័យ ​មាន​សណ្តាប់​ធ្នាប់ ស្រប​តាម​ផ្លូវ​ច្បាប់ ដែល​អាច​ជួយ​ការពារ​​​ផលប្រយោជន៍​​របស់​អ្នក​ប្រើប្រាស់​អ៊ីនធ័រនែត​គ្រប់ៗរូប។

 

មិន​តែ​ប៉ុណ្ណោះ លោកស៊ី ជីនពីង បាន​ឆ្លៀត​ប្រើ​​វេទិកា​សន្និសីទ​អន្តរជាតិ​ស្តី​ពី​អ៊ីនធ័រនែត សម្រាប់​ទាមទារ​ឱ្យ​មាន​ការ​​គោរព​អធិបតេយភាព​របស់​ប្រទេស​នីមួយៗ ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធ័រនែត និង​បាន​ព្រមាន​​ប្រទេស​ផ្សេង​ទៀត សូម​កុំ​សាកល្បង​ប្រើ​អំណាច​អនុត្តរភាព​លើ​ប្រព័ន្ធ​នេះ​ ឬ​ក៏​ចង់​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​គេ។

សន្និសីទ​អន្តរជាតិ ស្តីពី​អ៊ីនធ័រនែតនេះ ដែល​រៀប​ចំ​ឡើង​ដោយ​ចិន នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​ឃោសនាការពារ​​អំពី​ប្រព័ន្ធ​គ្រប់គ្រង​អ៊ីនធ័រនែតរបស់​ខ្លួន ​មាន​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ជា​ច្រើន​ចូល​រួម ដូច​ជា​ក្រុមហ៊ុន​Apple Kaspersky Samsun Nokia ។ល។ និង​។ល។ ព្រមទាំង​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​​មក​ពី​ច្រើន​ប្រទេស​ផ្សេង​ទៀត តែ​សុទ្ធ​សឹង​ជា​ប្រទេស​ជាប់​ឈ្មោះ និង​រង​ការ​រិះគន់​ក្នុង​ផ្នែក​បិទ​ខ្ទប់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ មាន​ជា​អាទិ៍ នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន និងរុស្ស៊ី។

ប្រព័ន្ធ​គ្រប់គ្រង​អ៊ីនធ័រនែតចិន មាន​លក្ខណៈ​តឹង​តែង​ខ្លាំងជាង​គេបំផុត នាំ​មុខ​ប្រទេស​អ៊ីរ៉ង់ និង​ស៊ីរី​ទៀត។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​Freedom House អាមេរិក។ ចិន​មាន​អ្នក​ប្រើប្រាស់​អ៊ីនធ័រនែត ៧០០​លាន​នាក់ តែ​មិន​អាច​ប្រើ​ Facebook Twitter Google បាន​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ