ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/06 12h00 GMT
អាស៊ី

ប្រធានាធិបតី​ហ្វីលីពីនទៅ​ជប៉ុន ដោយ​​មិន​ចោល​ទម្លាប់​ជេរ​ប្រឆាំង​អាមេរិក

media ប្រធានាធិបតី​ហ្វីលីពីន ទទួល​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រីការបរទេសជប៉ុន​ នៅ​ទីក្រុង​តូក្យូ ថ្ងៃទី ២៥ តុលា ២០១៦ Reuters

លោក ឌុយទែរតេ ប្រធានាធិបតី​ហ្វីលីពីន បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​តូក្យូ ហើយ​នៅល្ងាច​មិញ ដើម្បី​បំពេញ​ទស្សនកិច្ច​ រយៈ​ពេល​បី​ថ្ងៃ​នៅ​ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ស្មោះស្ម័គ្រ​របស់​អាមេរិក។ ដោយ​មិន​ចោល​ទម្លាប់ ទោះ​ទៅ​ដល់​ទីណា លោក​ ឌុយទែរតេ ក៏​បាន​បង្ហោះ​ពាក្យ​សំដីអសុរស​ទៀត ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក បង្ហាញ​ឆន្ទៈ​ចង់​បណ្តេញ​កងទ័ព​អាមេរិក ​ និង​បាន​​អញ្ជើញ​ក្រុមអ្នក​វិនិយោគ​​បរទេស​​ដែលមាន​អារម្មណ៍មិន​ស្ងប់​ ​ឱ្យចេញពី​ទឹក​ដី​ហ្វីលីពីន។

“ពួក​អាមេរិក​សុទ្ធ​តែ​ឆ្កួត! គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​សំខាន់!” នេះ​ជា​សេចក្តី​ប្រកាសរបស់​លោក ឌុយទែរតេ មុន​ពេល​ឡើង​យន្តហោះ​ទៅ​កាន់​ប្រទេស​ជប៉ុន និង​ បានឆ្លៀត​​វាយ​បក​​ទៅ​នឹង​ការរិះគន់​របស់​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​កាលពី​ថ្ងៃចន្ទ ដោយ​ប្រកាស​បណ្តេញ​ អ្នក​វិនិយោគ​បរទេស​ណា​ដែល​ព្រួយ​បារម្ភ​នឹង​សេចក្តី​ថ្លែងការណ៍​ដ៏​ចម្រូង​ចម្រាស​​​របស់​ឌុយទែរតេ ឱ្យ​​ចាក​ចេញតែ​ម្តង​​ពី​ហ្វីលីពីន​ !

ជាង​នេះ​ទៅ​ទៀត លោក​ប្រធានាធិបតី​ហ្វីលីពីន បាន​សម្ញែក​កំហឹង​ជា​ថ្មី ប្រឆាំង​នឹង​ការ​រិះគន់​របស់​អាមេរិក​និង​អឺរ៉ុប លើ​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន ស្រែក​ជេរ​អាមេរិក​ជា​ថ្មី​ថា​ហ្វីលីពីន​មិន​មែន​ជា​ឆ្កែ​របស់​នរណា​ទេ។ នៅ​ពេល​ដល់​ក្រុង​តូក្យូ ក្នុង​ឱកាស​ជួប​ជាមួយ​សហគមន៍​ហ្វីលីពីន និង​ក្នុង​វេទិកា​សេដ្ឋកិច្ច លោក ឌុយទែរតេ បាន​ជំទាល​ជេរ​អាមេរិកគ្មាន​ទប់​មាត់ និង​​បាន​គំរាមឱ្យ​អាមេរិក​ដក​ទ័ព​​ចេញ​ពី​ទឹក​ដី​ហ្វីលីពីន​ឱ្យ​អស់​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ។​

ពាក្យ​សំដី​ដ៏​អសុរសប្រឆាំង​នឹង​អាមេរិក​ របស់​លោក​ឌុយទែរតេ បាន​​ធ្វើ​ឱ្យ​ម្ចាស់​ផ្ទះ​រំខាន​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​ជប៉ុន​​ជា​សម្ព័ន្ធ​មិត្តដ៏​មាន​ភក្តីភាព​បំផុត​ចំពោះ​អាមេរិក។ តែ​ប្រធានាធិបតី​មាត់​ដាច​មួយ​នេះ ចេះ​លួង​ចិត្ត​ ដោយ​បាន​កោត​សរសើរជប៉ុន​ថា​ជា​ប្រទេស​ចិត្ត​ល្អ​ ជួយ​សាង​សង់​ស្ពាន​ថ្នល់​ វាល​យន្តហោះ​ឱ្យ​ហ្វីលីពីន និង​ធានា​អះអាង​ប្រាប់​តូក្យូ​កុំព្រួយ​បារម្ភ​រឿង​ហ្វីលីពីន​ងាក​ទៅ​រក​ចិន ព្រោះ​ម៉ានីល​គ្មាន​គម្រោង​ចង​សម្ព័ន្ធភាព​យោធា​ជាមួយ​ប៉េកាំង​ទេ។

សូម​បញ្ជាក់​ថា លោក ឌុយទែរតេ អញ្ជើញ​ទៅ​បំពេញទស្សនកិច្ច​នៅ​ជប៉ុន​ដើម្បីអភិវឌ្ឍន៍​​​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ ដែល​មាន​ទំហំ​ជាង​១៨ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ បើ​តាម​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន តូក្យូ​នឹង​បន្ត​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ដល់​ហ្វីលីពីន ប៉ុន្តែ​មិន​បាន​បញ្ជាក់​ទេ​ថា​នឹង​លើក​យក​បញ្ហា​ទំនាក់ទំនង​ជាមួយ​អាមេរិក​មក​ពិភាក្សា​គ្នា ក្នុង​ជំនួប​ប្រជុំ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ស៊ីនហ្សូ អាបេ នៅ​ល្ងាច​នេះ ដែរ​ឬ​អត់​ឡើយ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ