អានតួអត្ថបទ
កូរ៉េខាងជើង-បារាំង

មីស៊ីល​​កូរ៉េខាងជើង​​បាញ់​​​​ថ្ងៃសុក្រ​​​​២៨កក្កដា​​កន្លងទៅ​​​ ហោះ​​ក្បែរ​​​​យន្តហោះ​​​​បារាំង​​​ ​Air France​​​

ទូរទស្សន៍​CNNបាន​ផ្សាយ​នៅថ្ងៃ​ពុធ​នេះថា​ មីស៊ីល​អន្តរទ្វីប​ដែល​កូរ៉េខាងជើង​បាញ់​កាលពី​ថ្ងៃ​សុក្រ​​២៨កក្កដា​កន្លងទៅនេះ បាន​ហោះ​ក្បែរ​យន្តហោះបារាំង Air France តែ​ប្រមាណ​១០០គីឡូម៉ែត្រ​ប៉ុណ្ណោះ បើ​គិត​ពី​​ពេលវេលា គឺ​ឆ្ងាយ​ពី​យន្តហោះបារាំង​ត្រឹម​៧នាទី​ប៉ុណ្ណោះ។ ​ក្រុមហ៊ុន​ Air France បាន​សម្រេច​ពង្រីក​តំបន់​ហាមឃាត់​ការហោះហើរ​​​របស់ខ្លួន គឺលែង​ហោះ​តំបន់​ព័ទ្ធ​​​ជុំវិញ​កូរ៉េខាងជើង​តែម្តង។​ ​​​

យន្តហោះ​ក្រុមហ៊ុន Air France
យន្តហោះ​ក្រុមហ៊ុន Air France REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ Air France បាន​គូសបញ្ជាក់​ពី​ព័ត៌មាន​របស់​ទូរទស្សន៍​CNN ថា​ថ្ងៃសុក្រ​២៨កក្កដា​កន្លងទៅ យន្តហោះ​បូអ៊ីង៧៧៧​ ពិតជា​បានហោះ​មិនឆ្ងាយ​ពី​មីស៊ីលអន្តរទ្វីប​របស់​​កូរ៉េខាងជើង​មែន។ យន្តហោះ​បូអ៊ីង​អ៊ែរហ្វ្រង់ ថ្ងៃ​សុក្រ​មុននេះ បាន​ដឺកមនុស្ស​៣៣២នាក់ ចេញ​ដំណើរ​ពី​ទីក្រុង​តូក្យូ​ ឆ្ពោះ​ទៅ​ទីក្រុង​ប៉ារីស។ ថ្ងៃសុក្រ​សប្តាហ៍​មុននេះដែរ​ កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​អន្តរទ្វីប ​ដែល​ហោះ​ចំងាយ​១០០០គីឡូម៉ែត្រ​ និង​ក្នុង​កម្ពស់​៣២០០គីឡូម៉ែត្រ មុននឹង​ធ្លាក់​ទៅ​សមុទ្រ​ជប៉ុន។ យោងតាម​ទូរទស្សន៍​CNN មីស៊ីល​កូរ៉េខាងជើង​នៅ​ចំងាយ​តែ​ប្រមាណ​១០០គីឡូម៉ែត្រ រឺតែ​៧នាទី​ប៉ុណ្ណោះ ពី​យន្តហោះ​បូអ៊ីង អ៊ែរហ្វ្រង់ ដែល​កំពុង​ហោះហើរ​ក្នុង​ដែនអាកាស។ ​​

ដោយឡែក ក្រុមហ៊ុន​អ៊ែរហ្វ្រង់​អះអាង​ថា ហេតុការណ៍​នេះ​មិនបាន​គំរាម​សន្តិសុខ​យន្តហោះ​ខ្លួន​ទេ។ ទោះយ៉ាងនេះក្តី អ៊ែរហ្វ្រង់​សម្រេច​​ពង្រីកតំបន់​ដែល​មិនត្រូវ​ហោះកាត់ បន្ថែម​ទៀត គឺមិនគ្រាន់តែ​​មិនហោះ​ឆ្លងកាត់​កូរ៉េខាងជើងទេ គឺ​មិនហោះ​កាត់​​តំបន់​ជុំវិញ​កូរ៉េខាងជើង​ថែមទៀត​ដែរ។ គួរបញ្ជាក់ថា តំបន់​ហោះហើរ​ភ្ជាប់​ក្រុងតូក្យូ ទៅ​ក្រុងប៉ារីស របស់​ជើងយន្តហោះ​បូអ៊ីង​បារាំង​ថ្ងៃសុក្រ​មុននេះ ជា​តំបន់​ដែលយន្តហោះ​របស់​​ក្រុមហ៊ុន​អាកាសចរ​ជាច្រើន​ឆ្លងកាត់។​

ក្រុមហ៊ុន​អ៊ែរហ្វ្រង់​ប្រាប់ដែរ​ថា បានទទួល​ដំណឹង​ពិ​អាជ្ញាធរ​ជប៉ុន​ទាក់ទង​​នឹង​មីស៊ីល​កូរ៉េខាងជើង ​ប៉ុន្តែ​ដំណឹង​នេះ​បានទទួល​ពេល​ហេតុការណ៍​​​កើតឡើង​រួចហើយ ហើយ​ក៏​គ្មាន​ដំបូន្មាន​រឺ​វិធានការ​អ្វី​ប្រាប់​អោយ​យន្តហោះបារាំង​ប្រុងប្រយ័ត្ន​ដែរ។ ទោះ​ជា​រដ្ឋនានាមាន​កាតព្វកិច្ច​ជូនដំណឹង​​ពីហេតុការណ៍​ផ្សេងៗ ដែល​អាច​ប៉ះពាល់​សន្តិសុខ​យន្តហោះ​កំពុង​ហោះហើរ​ក្នុង​ដែន​​អាកាស​ខ្លួន ​ក៏មាន​អ្នកជំនាញ​ខ្លះ​គិតថា ​គេមិនទាន់​អាច​​មានវិធានការ​ការពារ​សុវត្ថិភាព​យន្តហោះ​ ​ករណី​មាន​មីស៊ីល​​​​ត្រូវ​ហោះ​ទៅប៉ះ​យន្តហោះ​ទេ។ ​ជាក់ស្តែង អាមេរិក​ប្រាប់ដែរ​ថា មីស៊ីល​ដែល​កូរ៉េខាងជើង​បាញ់​កាលពី​ថ្ងៃបុណ្យជាតិ​អាមេរិក ​ថ្ងៃ​៤កក្កដានោះ ក៏បាន​ហោះ​ក្នុង​ដែនអាកាស​របស់​ជើងយន្តហោះ​ផ្សេងៗ​ទៀតដែរ​​៕​ ​ ​​

​ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ