អានតួអត្ថបទ

ឃាតកម្មគីមជុងណាម ៖ ជនរងគ្រោះ​មាន​ថ្នាំ​បន្សាប​ជាប់​នឹង​ខ្លួន

សំណុំ​រឿង​ធ្វើ​ឃាត​គីម ជុងណាម បងប្រុស​ម្តាយ​ទីទៃ​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង កំពុង​ផុស​ផុស និង​ចោទ​ជា​សំណួរ​ជា​ថ្មី។ បើ​តាម​អ្នក​ជំនាញ​ដែល​ចូល​ខ្លួន​មក​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សវនការ​ បាន​គូស​បញ្ជាក់​ថា ជនរងគ្រោះ​គីមជុងណាម មាន​ថ្នាំ​អាច​បន្សាប​ជាតិ​ពុល​​ ជាប់​នឹង​ខ្លួន នៅ​ក្នុង​ពេល​រង​ការ​វាយប្រហារ​ដោយ​ថ្នាំ​គីមី នៅ​អាកាសយានដ្ឋាន​ប្រទេស​ម៉ាឡេស៊ី។

គីម ជុងណាម ពីរ​ថ្ងៃ​មុន​ឃាតកម្ម
គីម ជុងណាម ពីរ​ថ្ងៃ​មុន​ឃាតកម្ម Kyodo/via REUTERS
ផ្សាយពាណិជ្ជកម្ម

តើ​លោក គីម ជុងណាម ដឹង​ខ្លួន​មុន ឬ​ក៏​កិច្ច​ការពារ​​ទុក​ជា​មុន ជា​ធម្មតា ? គ្មាន​នរណា​ដឹងទេ ថា​តើ​មាន​មូលហេតុ​ដែល​គីមជុងណាម ដាក់​ថ្នាំ​បន្សាប​តាម​ជាប់​នឹង​ខ្លួននោះ។ ប៉ុន្តែបើ​តាម​អ្នក​ឯកទេស​​ខាង​ផ្នែក​ថ្នាំពុល ដែល​បាន​ចូល​ធ្វើ​សក្ខីកម្ម​នៅ​ចំពោះ​តុលាការ​ក្នុង​នាម​ជា​សាក្សី បាន​ប្រកាស​ថា គីមជុងណាម មាន​ថ្នាំ​ Atropine ជាប់​នឹង​ខ្លួន ដែល​អាច​បន្សាប​សារធាតុ​គីមី​ពុល​ ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ។

នៅ​ក្នុង​ថ្ងៃ​ឃាតកម្ម ថ្ងៃ​ទី ១៣ កុម្ភៈ ២០១៧ គីម ជុងណាម មាន​ថ្នាំ​បន្សាប​ ដល់​ទៅ​១២មុខ​ នៅ​ក្នុង​កាបូប​ស្ពាយ​​របស់​ខ្លួន ហើយ​ក្នុង​នោះ​មាន​មួយដបជាថ្នាំ​​បន្យាប Atropine ដែលអាច​សង្គ្រោះ​ជីវិត​ ពី​ការ​វាយប្រហារ​​ដោយ​សារធាតុ​គីមី​ពុល VX ដែលជា​ពពួក​សារធាតុគីមី ឧស្ម័ន​សារ៉ាំង ​ពុល​ខ្លាំងបំផុត​ដល់​ស្លាប់។

តើសារធាតុ​ពុល​ VX ជា​អ្វី ?

សូម​បញ្ជាក់​ថា គីម ជុងណាម បង​ប្រុស​ម្តាយ​ទីទៃ​របស់​គីមជុងអ៊ុន ​បាន​រង​ការ​វាយប្រហារ​ធ្វើឃាត នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ ក្រុង​កូឡាឡាំពួរ។ បើ​តាម​រូបភាព​វីដេអូ​​តាមដាន​សុវត្ថិភាព​របស់​ព្រលាន គេ​ឃើញ​មាន​ស្ត្រី​ពីរ​រូប ​ដើរ​ប្រកិត​តាម​ក្រោយ​ គីមជុងណាម ហើយ​ពេល​ទៅ​ដល់​កៀក ក៏​ជះ​វត្ថុ​រាវ​ទៅ​លើ​មុខ​ ដែល​ធ្វើ​គីមជុងណាមដួល​ដេកដីភ្លាម។

ស្ត្រី​ទាំង​ពីរ​នោះ​ម្នាក់​ជា​ជនជាតិ​ឥណ្ឌូណេស៊ី និង​ម្នាក់​ទៀត​ជា​ជនជាតិ​វៀតណាម​ អាច​នឹង​ត្រូវ​ជាប់ទោស​ដល់​ប្រហារ​ជីវិត​ផង។ នៅ​ចំពោះ​មុខ​តុលាការ​​ ក៏​ដូច​ជា​ក្រោយ​ពេល​ចាប់​ខ្លួន​ភ្លាម​ ស្ត្រី​ទាំង​ពីរ​បាន​អះអាង​ថា​ខ្លួន​បរិសុទ្ធ គ្មាន​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ​ទេ ព្រោះ​ពួក​គេ​ត្រូវ​បាន​ជួល​ឱ្យ​មក​ចូល​រួម​ថត​កម្មវិធីកំសាន្ត​តាម​​ទូរទស្សន៍​ប៉ុណ្ណោះ។​ ​​

តាំង​ពី​រឿង​អាស្រូវ​ឃាតកម្ម​នេះ​បានផ្ទុះ​ឡើង​ភ្លាម កូរ៉េខាង​ត្បូង បាន​ចោទ​ប្រកាន់​កូរ៉េខាង​ជើង​ថា​ជា​អ្នក​រៀប​ចំ​ឆាក​ឈុត​ឃាតកម្ម​នេះ​លោះង​ តែ​ព្យុងយ៉ាង​បាន​បដិសេធ​រហូត។ គីម ជុងណាម ដែល​ជា​កូនប្រុស​ច្បង​របស់​​ត្រកូល​គីម កាល​នៅ​មាន​ជីវិត​ធ្លាប់​ធ្វើ​ការ​រិះគន់​ របប​កុម្មុយនិស្ត​កូរ៉េខាង​ជើង និង​រស់និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ