នៅរវាងពីឆ្នាំ១៩៩៨-២០១៧ តម្លៃនៃការខូចខាតក្នុងគ្រោះមហន្តរាយបង្កឡើងដោយការប្រែប្រួលអាកាសធាតុ មានទំហំដល់ ២៩០០ពាន់លានដុល្លារ ក្នុងនោះ៧៧% ជាការហិនហោចព្រោះលក្ខខណ្ឌអាកាសធាតុអាក្រក់ជ្រុលខ្លាំង ហើយញាំញីញយដងពេក។ នេះបើតាមការតួលេខលម្អិតផ្តល់ដោយការិយាល័យទទួលបន្ទុកកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិអង្គការសហប្រជាជាតិ (UNISDR) ដែលបានប្រៀបធៀបថាកាលពីឆ្នាំ១៩៧៨-១៩៩៧ ការខាតបង់ថវិកាក្នុងគ្រោះមហន្តរាយមានត្រឹមតែ ១៣០០ពាន់លានដុល្លារ ក្នុងនោះ៦៨%ជាគ្រោះធម្មជាតិព្យុះភ្លៀង ទឹកជំនន់ និងរាំងស្ងួត។
នាយកការិយាល័យកាត់បន្ថយមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុដើរតួនាទីកាន់តែសំខាន់ឡើងៗក្នុងបង្កើនថវិកាសម្រាប់ចំណាយក្នុងគ្រោះមហន្តរាយនៅលើពិភពលោក ហើយទៅថ្ងៃអនាគតការហិនហោចថវិកាអាចកាន់តែឡើងខ្ពស់បន្ថែមទៀត។ ការឡើងកម្តៅអាកាសធាតុ នឹងធ្វើផែនដីជួបគ្រោះមហន្តរាយកាន់តែញយ និងកាន់តែធ្ងន់ធ្ងរខ្លាំង ដែលអាចបំផ្លាញមិនឱ្យមានការអភិវឌ្ឍដោយស្ថិតស្ថិរបាន។ នេះបើតាមការព្រមានរបស់នាយកUNISDRដដែល។
នៅរវាងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៧ របាយការណ៍បានរាប់ឃើញមានគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរខ្លាំងចំនួន ៧២៥៥បានកើតឡើងនៅលើផែនដីយើង ក្នុងនោះ ៩០%ជាគ្រោះបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ពោលគឺទឹកជំនន់ និងព្យុះសង្ឃរាកំណាច។
ប្រទេសដែលរងការខាតបង់ថវិកាច្រើនជាងគេគឺសហរដ្ឋអាមេរិក (៩៤៥ពាន់លានដុល្លារ) ចិន (៤៩២ពាន់លានដុល្លារ) និងជប៉ុន (៣៧៦ពាន់លានដុល្លារ)។ ចំពោះជីវិតមនុស្សវិញ ក្នុងរយៈពេលពីរទសវត្សរ៍ គ្រោះមហន្តរាយធម្មជាតិបានសម្លាប់ជីវិតមនុស្សអស់ ១,៣សែននាក់ និង៤៤០០លាននាក់ រងរបួស ឬក្លាយជារងគ្រោះ ឬត្រូវធ្វើបំលាស់ទី។ ជាងពាក់កណ្តាលស្លាប់ដោយគ្រោះរញ្ជួយដី និងរលកស៊ូណាមី ដែលមានសរុបប្រមាណជាង៥៦៣ដង ក្នុងរយៈពេលល២០ឆ្នាំចុងក្រោយនេះ៕