អានតួអត្ថបទ
ប្រជាសាស្រ្ត

អត្រាកំណើត​នៅក្នុង​ពិភពលោក​ធ្លាក់ចុះ​គួរឲ្យ​ភ្ញាក់ផ្អើល

ការបង្កកំណើត​របស់​មនុស្ស នៅក្នុង​ពិភពលោក​បាន​ធ្លាក់ចុះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល។ តាម​ការសិក្សា​របស់​វិទ្យាស្ថាន​មាត្រសាស្រ្ត​របស់​សកលវិទ្យាល័យ វ៉ាស៊ីនតោន ដែល​ចេញផ្សាយ នៅក្នុង​ព្រឹត្តិប័ត្រ​The Lancet កាលពី​ថ្ងៃ​សុក្រទី ៩​វិច្ឆិកា អត្រាកំណើត​បាន​ធ្លាក់​ថយចុះ ពាក់កណ្តាល បើគិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៥០។ ប៉ុន្តែ អ្វី​ដែល​អ្នកនិពន្ធ​កត់សំគាល់​ផងដែរ គឺនៅពេល​អត្រាកំណើត​ធ្លាក់ចុះ​ខ្លាំង​នៅ​ក្នុង​ប្រទេស​អ្នកមាន នៅ​ប្រទេស​ក្រីក្រ​ឯណោះវិញ អត្រា​កំណើត បាន​កើនឡើង​ច្រើន​ជាងមុខ។ 

មន្ទីរពេទ្យ Piyavateនៅទីក្រុង​បាងកក ដែល​ជំនាញ​ខាង​ព្យាបាល​ជំរុញ​ឲ្យមាន​ការបង្កកំណើត
មន្ទីរពេទ្យ Piyavateនៅទីក្រុង​បាងកក ដែល​ជំនាញ​ខាង​ព្យាបាល​ជំរុញ​ឲ្យមាន​ការបង្កកំណើត ©Lillian SUWANRUMPHA / AFP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ការសិក្សា​វិភាគ​ទៅលើ​ប្រជាសាស្រ្ត​ក្នុង​ពិភពលោក ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ២០១៧ អ្នកជំនាញ​ខាងផ្នែក​មាត្រសាស្រ្ត និង​សុខភាព​របស់​សកលវិទ្យាល័យ​វ៉ាស៊ីនតោន បាន​រកឃើញ​ថា ការបង្កកំណើត​របស់​ស្រ្តី​នៅក្នុង​ពិភពលោក បាន​ធ្លាក់ចុះ​ចំនួន​ពាក់​កណ្តាល ពី ៤,៧ នៅ​ឆ្នាំ ១៩៥០ មក​នៅ ២,៤​នៅ​ឆ្នាំ ២០១៧។ ការធ្លាក់ថយ​ចុះ​ខ្លាំង នៃ​អត្រា​កំណើត កើត​មាន នៅ​ក្នុង​ប្រទេស ចំនួន ៩១ ពាក់កណ្តាល​នៃ​ចំនួន​ប្រទេស​ក្នុង​ពិភពលោក ហើយ​ដែល​ភាគច្រើន ស្ថិតនៅ​ទ្វីប​អឺរ៉ុប អាមេរិក។ ជាមួយ​នឹង​ប្រទេស​នៅ​អឺរ៉ុប និង​អាមេរិក ដែល​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង អូស្ត្រាលី ហើយ​និង​កូរ៉េខាងត្បូង កំពុង​មាន​អត្រាកំណើត​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សំគាល់។

នៅពេល​ដែល​អត្រា​កំណើត​ធ្លាក់ចុះ​ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍ ប្រទេស​មាន​សេដ្ឋកិច្ច​រីកចំរើន​លូតលាស់​ខ្លាំង ដូចជា​ប្រទេស​ស្ហ៊ីប នៅ​អឺរ៉ុប ជាទី​ដែល​ស្រ្តី​ម្នាក់ មាន​កូន​តែម្នាក់នោះ ផ្ទុយទៅវិញ នៅក្នុង​បណ្តាប្រទេស​ក្រីក្រ នៅ​អាស៊ី និង​អាហ្វ្រិក ដូចជា​អាហ្វហ្កានីស្ថាន ម៉ាលី ឬ​ឆាត ស្រ្តីម្នាក់ មាន​កូន​ជា​មធ្យម ៦​នាក់។

សូមអាន៖ Unicef៖កំណើត​ទារក​ថ្មី​ជាង ៤០% នៅ​ក្នុង​ពិភពលោក​នា​ឆ្នំា ២០៥០ នឹង​ស្ថិត​ក្នុង​ទ្វីប​អាហ្រិ្វក

នៅក្នុង​ចំណោម​កត្តា​សង្គម​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​ការបង្ក​កំណើត​ មាន​ចំនួន​ខុសគ្នា​ពី រវាងប្រទេស​អ្នកមាន និង​ប្រទេស​ក្រីក្រ គេ​រកឃើញ​ ការសិក្សា​អប់រំ​ដើរតួនាទី​យ៉ាង​សំខាន់។ អាច​និយាយ​បាន​ថា ស្រ្តី​ដែល​ទទួល​បាន​ការអប់រំ​ខ្ពស់ និង​មាន​ការងារ​ធ្វើ​កាន់តែច្រើន គឺបាន​​ពន្យារ​ពេល មិនទាន់​ចង់​ពរពោះ ឬ​មិនចង់​មាន​កូនច្រើន​ជាង ពីរ​នាក់។ ក្រៅតែ​ពីការអប់រំ អត្រា​មរណភាព​កុមារ ហើយ​និង​លទ្ធភាព​ទទួល​បាន​ថ្នាំ​ពន្យារ​កំណើត ក៏​ជាកត្តា​សំខាន់​ដែរ ដែល​ធ្វើ​ឲ្យ​អត្រាកំណើត​ធ្លាក់ចុះ នៅក្នុង​ពិភពលោក។

តាម​ការវាយតម្លៃ​របស់​អ្នកសិក្សា​ស្រាវជ្រាវ​អាមេរិកាំង ការធ្លាក់ចុះ​អត្រា​កំណើត​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ នឹង​ធ្វើ​ឲ្យ​ប្រទេស​នៅ​អឺរ៉ុប និង​នៅ​ទ្វីប​អាមេរិក​ខ្វះ​កុមារ​កើត​គ្រប់គ្រាន់​ដើម្បី ធានា​លំនឹង​ប្រជាសាស្រ្ត​របស់​ខ្លួន​សព្វថ្ងៃ។ នៅ​ពេល​ដែល​មនុស្ស​មានអាយុ​កាន់តែ​វែង​ជាងមុន នោះ​នៅ​មួយ​ជំនាន់​ទៀត ចំនួន​មនុស្ស​ចាស់ ឬ​ជីដូនជីតា នឹង​មាន​ច្រើន​ជាង​ចំនួន​កុមារ​ដែល​រត់លេង​នៅ​ក្នុង​ផ្ទះ​ទៅ​ទៀត។

នៅពេល​ដែល​ជប៉ុន​កំពុង​ប្រឈម​រួចហើយ នឹង​វិបត្តិ​ខ្វះ​ប្រជាជន​ ដោយសារ​តែ​អត្រាកំណើត​ធ្លាក់ថយចុះ ប្រទេស​នៅ​អឺរ៉ុប វិញ អាច​ជៀសផុត ពី​វិបត្តិ​ប្រជាសាស្រ្ត ដោយសារ​តែ​នយោបាយ​ទទួល​ជនអន្តោប្រវេសន៍។ សម្រាប់​លោក​Christopher Muray ប្រធាន​វិទ្យាសាស្រ្តសម្រាប់​ការវាយតម្លៃ និង​មាត្រសាស្រ្ត​សុខភាព នៅ​សកលវិទ្យាល័យ​វ៉ាស៊ីនតោន ប្រឈម​ទៅ​នឹង​ការផ្លាស់ប្តូរ ដ៏​គំហុក នយោបាយ​ទទួល​ជនអនោ្តប្រវេសន៍​មិនមែន​ជា​ដំណោះស្រាយ ដែល​គេ​អនុវត្ត​សម្រាប់​គ្រប់ប្រទេស​ទេ។ រដ្ឋាភិបាល​របស់​ប្រទេស​នីមួយៗ គួរ​ធ្វើការ​ផ្លាស់ប្តូរ នយោបាយ ដើម្បី​បង្កើត​បរិយាកាស​លើកទឹកចិត្ត​ឲ្យ​មនុស្ស​ស្រី មាន​កូន​ច្រើន​ជាងមុន។

(ប្រជាជន​នៅក្នុង​ពិភពលោក បាន​កើនឡើង ពី​២,៦ពាន់​លាន​នាក់ នៅ​ឆ្នាំ ១៩៥០ មក​ដល់ជាង ៧ពាន់លាននាក់ នៅ​ឆ្នាំ ២០១៧)៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ