អានតួអត្ថបទ
កិច្ចព្រមព្រៀង​ស្តីពីអាកាសធាតុ

អាមេរិក​កំពុង​គៀងគរ​ឲ្យ​ប្រទេស​ផ្សេងទៀត​ដើរចេញ​ពី​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ

បញ្ហា​អាកាសធាតុ ជា​សំណុំរឿង​ដ៏ស្មុគស្មាញ​ជាងគេ នៅក្នុង​ជំនួបកំពូល ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម ហ្សេ ២០ ដែល​បើកធ្វើ នៅថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍នេះ នៅទីក្រុង​អូសាកា​ប្រទេស​ជប៉ុន។ តាម​វិមាន​ប្រធានាធិបតី បារាំង អាមេរិក ដែល​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង អន្តរជាតិ​ស្តីពី​អាកាសធាតុ កាលពី​ឆ្នាំ ២០១៧ កំពុង​ដើរ​បញ្ចុះបញ្ចូល​ប្រទេស​ផ្សេងទៀត ឲ្យ​ដើរ​ចេញ​ពី​កិច្ចព្រមព្រៀង ដូចខ្លួនដែរ។ ការដកខ្លួន​ដែល​នឹង​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង ដែល​មាន​គោលដៅ ទប់ស្កាត់​ការឡើង​កំដៅ លើ​ផែនដី ត្រូវ​ចុះខ្សោយ ដោយសារ​ខ្វះអ្នកគាំទ្រ។ 

អ្នកការពារ​បរិស្ថាន​ពាក់មុខ​រូបលោកដូណាល់ ត្រាំ​និង​កាន់ធុង ធ្យូងថ្ម ដើម្បី​បរិហារ​ពីការបំពុលបរិស្ថាន​របស់​ប្រទេស​មហាឧស្សាហកម្ម នៅថ្ងៃ​បើកជំនួបកំពូល​ប្រទេស​មហាអំណាច​ឧស្សាហកម្ម G20នៅប្រទេស​ជប៉ុន ថ្ងៃទី ២៨​មិថុនា ២០១៩
អ្នកការពារ​បរិស្ថាន​ពាក់មុខ​រូបលោកដូណាល់ ត្រាំ​និង​កាន់ធុង ធ្យូងថ្ម ដើម្បី​បរិហារ​ពីការបំពុលបរិស្ថាន​របស់​ប្រទេស​មហាឧស្សាហកម្ម នៅថ្ងៃ​បើកជំនួបកំពូល​ប្រទេស​មហាអំណាច​ឧស្សាហកម្ម G20នៅប្រទេស​ជប៉ុន ថ្ងៃទី ២៨​មិថុនា ២០១៩ © REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

វិមាន​ប្រធានាធិបតី កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​បាន​លើកឡើងថា មាន​ប្រទេស ពី​៣ ទៅ​៤ ប្រទេស​ដែល​ចូលរួម ក្នុង​ជំនួបកំពូល​ហ្សេ ២០ នៅ​ប្រទេស​ជប៉ុន ដែល​នឹង​អាច​ចូលរួម​ក្នុង​ក្រុម​របស់​អាមេរិក ដើម្បី ឈប់​គាំទ្រ កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​អាកាសធាតុ។

នៅក្នុង​ចំណោម​ប្រទេស​ដែល​អាច​ចូលរួម​ជាមួយ អាមេរិក ដែល​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ នៅ​ឆ្នាំ ២០១៧ មានតួកគី មហាសេដ្ឋីប្រេង អារ៉ាប៊ី សាអូឌីត ហើយ​និង​ប្រេស៊ីល ជាដើម។ ប្រធានាធិបតី​ប្រេស៊ីល លោក​Jair Bolsonaro មក​ពីក្រុម​ស្តាំនិយម បាន​ជួប​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ នៅមុន​ជំនួបកំពូល​ហ្សេ ២០។

នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​Bolsonaro ផ្ទាល់​ធ្លាប់​បាន​សន្យា​​ដក​ប្រេស៊ីល​ចេញពី​កិច្ចព្រមព្រៀង ដែល​កំពុង​ធ្វើ​ឲ្យ​ប្រេស៊ីល​បាត់បង់​ប្រយោជន៍​សេដ្ឋកិច្ច។ នៅពេល​ចូលកាន់តំណែង​ជា​ប្រធានាធិបតី លោក​Bolsonaro ធ្លាប់​រង​ការរិះគន់ ពី​សហភាព​អឺរ៉ុប ដោយសារ​នយោបាយ​បើកភ្លើងខៀវ​អនុញ្ញាតិ​ឲ្យ​គេ​ចូល​ទៅធ្វើ​អាជីវកម្ម​ជីករ៉ែ នៅក្នុង​តំបន់​ព្រៃអាម៉ាហ្សូន។

សម្រាប់​វិមាន​ប្រធានាធិបតី​បារាំង វា​ជា​រឿង​ដែល​មិនអាច​ទទួល​យកបានទេ ដែល​ប្រទេស​សមាជិក​ហ្សេ ២០ ម្តងមួយៗ ដកខ្លួន លែង​គាំទ្រ កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​អាកាសធាតុ។

ក្នុង​ជំនួបកំពូល ហ្សេ ២០ ពីរលើក មុន នៅ​អាល្លឺម៉ង់ និង​ប្រេស៊ីល សហភាព​អឺរ៉ុប ជាពិសេស បារាំង បាន​ចេញមុខ​គាំទ្រ ការពារ មិន​ឲ្យ​មាន​ប្រទេស​ផ្សេងទៀត ចូលរួម​ជាមួយ​អាមេរិក ដើម្បី ដកខ្លួន ឈប់​គាំទ្រ កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ។ នៅក្នុង​ជំនួបកំពូល ហ្សេ២០ ពីរលើកមុន អាមេរិក​មាន​តែម្នាក់ឯង ដែល​ប្រឆាំង ចំណែក​១៩​ប្រទេស​ផ្សេងទៀត បន្ត​គាំទ្រ​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ។ យ៉ាងណាក៏ដោយ វិមាន​ប្រធានាធិបតី​បារាំង ខ្លាចថា ក្រុម ១៩ និង១ លែងមាន​តទៅទៀត ប៉ុន្តែ អាច​ទៅ​ជា​១៧ ទល់នឹង​៣ ឬ ក្រុម១៨ ទល់​នឹង​២ ដោយសារ​តែ​អាមេរិក​ដើរ​ដាក់​សម្ពាធ បញ្ចុះបញ្ចូល​ប្រទេស​ដទៃ ឲ្យ​ចូល​ក្នុងក្រុមខ្លួននោះ។

នៅថ្ងៃ​សុក្រ នៅក្នុង​ជំនួប​ ជាលើកទី​១​ជាមួយ​ប្រធានាធិបតី​ប្រេស៊ីល នៅ​ក្រៅ​ជំនួប​កំពូល​ហ្សេ ២០ នៅ​ប្រទេស​ជប៉ុន ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង បាន​ប្រាប់​លោក​Bolsonaro ពីសារៈសំខាន់​ដែល​ប្រេស៊ីល​បន្ត​គាំទ្រ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ស្តីពីអាកាសធាតុ។

សូមបញ្ជាក់ថា នៅមុន​ជំនួបកំពូល​ហ្សេ ២០ លោកប្រធានាធិបតី បារាំង បាន​ប្រកាស​ចាត់ទុក កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ ជា​ខ្សែបន្ទាត់ក្រហម។ លោក​បាន​ព្រមាន​រួច​ហើយ​ថា នឹង​មិន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​រួម​របស់​ជំនួបកំពូល ហ្សេ ២០ នៅ​ប្រទេស​ជប៉ុន​ទេ បើសិន សេចក្តីប្រកាស​របស់​ហ្សេ ២០​មិន​គាំទ្រ ការពារ​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ ដែល​មាន​គោលដៅ កាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជា​ដើមហេតុ​ធ្វើ​ឲ្យឡើង​កំដៅ​លើ​​ផែនដីនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ