អានតួអត្ថបទ
អូតង់-សហរដ្ឋអាមេរិក

អូតង់ព្រម​ចូលរួម​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ​របស់​អាមេរិក នៅ​ស៊ីរី

ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៥​ឧសភា ចូលរួម​ជា​លើក​ទីមួយ ក្នុង​កិច្ចប្រជុំ​ពិសេស​ជាមួយ​មេដឹកនាំ​របស់​ប្រទេស​សមាជិក​អូតង់ នៅ​ទីក្រុង​ព្រុចស៊ែល។ ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​យោធា ដឹកនាំ​អង្គការ​អូតង់ សម្ព័ន្ធ​អាត្លង់ទិក​ខាងជើង ប្រធានាធិបតី​អាមេរិក​នឹង​ត្រូវ​ផ្តល់​កិត្តិយល​ដ៏ធំធេង ឲ្យ​កាត់ខ្សែបូរ បើក​សម្ពោធ ​អគារ​ថ្មី​របស់​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​អូតង់ នៅទីក្រុង​ព្រុចស៊ែល។

Member nations will inaugurate the new NATO headquarters during a summit in Brussels, Belgium May 25, 2017.
Member nations will inaugurate the new NATO headquarters during a summit in Brussels, Belgium May 25, 2017. ©REUTERS/Christian Hartmann
ផ្សាយពាណិជ្ជកម្ម

វត្តមាន​របស់​លោកដូណាល់ ត្រាំ នៅ​ក្នុង​កិច្ចប្រជុំ​អូតង់ ត្រូវ​បាន​គេ​ទន្ទឹង​រង់ចាំ​មកជាយូរ។ វត្តមាន​របស់​ប្រមុខដឹកនាំ​អាមេរិក នៅ​ក្នុង​កិច្ចប្រជុំ នៅថ្ងៃ​នេះ​សំខាន់ ព្រោះ​វា​ស បញ្ជាក់​ពី​ការចូលរួម និង​សាមគ្គីភាព ដោយ​គ្មាន​ងាករេ​របស់​អាមេរិក នៅក្នុង​សម្ព័ន្ធ​អាត្លង់ទិក អូតង់។

 
លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​បង្កើត​ឲ្យ​មាន​មន្ទិល​សង្ស័យ​ម្តងហើយ ក្នុង​ចំណោម​ប្រទេស​សមាជិក​អូតង់ នៅពេល​លោក​និយាយ​រិះគន់​អូតង់​ថា ជាអង្គការ​ដែល​ចាស់ គំរិល ដោយសារតែ​អង្គការ​អូតង់​ផ្តោតសំខាន់​តែ​ទៅលើ​រុស្ស៊ី ប៉ុន្តែ មិនមែន​ក្រុមភេរវនិយម។

នៅ​ថ្ងៃ​នេះ អូតង់​ចង់​បង្ហាញ ឲ្យ​លោកដូណាល់ ត្រាំ​ឃើញ​ថា អូតង់​មិនមែន​ជា​អង្គការ​ដែល​ចាស់ ហួសសម័យ​ ដូច​លោក​ត្រាំ​បាននិយាយ​នោះទេ។ លោក​ដូណាល់ ត្រាំ ត្រូវ​បានគេ​ផ្តល់​កិត្តិយស ជា​ពិសេស​ឲ្យ​កាត់​ខ្សែ​បូរ បើក​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ថ្មី​របស់​អង្គការ​អូតង់ ដែល​ទើប​តែ​បាន​បញ្ចប់​ការសាងសង់ យ៉ាងទាន់ហន់ សម្រាប់​ទទួល​លោក​ដូណាល់ ត្រាំ នៅថ្ងៃនេះ។

អូតង់​បាន​ចំណាយ​លុយ​ជាង ១ពាន់​លាន​អឺរ៉ូ សម្រាប់​សាងសង់​អគារ​ថ្មី​របស់អូតង់ ដែល​មាន​រូបរាង​ជា​ម្រាមដៃ ស៊កចូល​គ្នា តំណាង​ឲ្យ​ការសហការ សាមគ្គី​រវាង​ប្រទេស​សមាជិក​អូតង់។ តាម​គម្រោង លោកស្រី​ម៉ែរកិល នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​នឹង​ដាក់​ថ្ម​មួយដុំ​នៃ​ជញ្ជាំង​ប៊ែរឡាំង និមិត្តរូប​នៃ​សិទ្ធិសេរីភាព ចំណែក​លោកដូណាល់ ត្រាំ ​នឹង​ដាក់​ថ្មី​មួយដុំ​ដែរ នៃ​អគារ​ពាណិជ្ជកម្ម​ភ្លោះ ក្នុង​ក្រុង​ញូវយ៉ក ដែល​បាន​រងការវាយប្រហារ​ភេរវកម្ម ថ្ងៃទី ១១​កញ្ញា ២០០១ ដើម្បី​តំណាង​ឲ្យ​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម។

ការដំឡើង​ថវិកា​យោធា​របស់​ប្រទេស​សមាជិក និង​ភេរវនិយម​ជា​ប្រធានបទ​សំខាន់​នៃ​កិច្ចប្រជុំ​នៅ​ទីក្រុង​ព្រុចស៊ែល
នៅ​ថ្ងៃ​ពុធ​ម្សិលមិញ តាំង​ពី​ក្នុង​យន្តហោះ ប្រធានាធិបតី​អាមេរិក Air Force 1 រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​​រិច ធីល័រសុន​បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា ប្រធានាធិបតី​អាមេរិក មាន​សារ​សំខាន់​ពីរ​សម្រាប់​និយាយ​ទៅកាន់​មេដឹកនាំ​របស់​ប្រទេស​សមាជិក​ដទៃទៀត​របស់អូតង់។ ទីមួយ គឺ​អាមេរិក​ចង់​ឲ្យ​អូតង់​ចូលរួម ពេញទី ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម ដោយ​ចូលរួម នៅក្នុង​សម្ព័ន្ធ​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់។

ប្រធានាធិបតី​អាមេរិក​នៅតែ​ទាមទារ​ឲ្យ​ប្រទេស​សមាជិក​ដទៃ​ចាក់​លុយ​បន្ថែម ទៅក្នុង​កញ្ចប់ថវិកា​ការពារ​ជាតិ​របស់​អូតង់។ តាំង​ពី​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ បាន​ដាក់សម្ពាធ​លើ​ប្រទេស​សមាជិក​អូតង់ ក្នុង​រឿង​បន្ថែម​ថវិកា​យោធា​សម្រាប់​អូតង់ បើសិន​មិន​ចង់​ឃើញ​អាមេរិក ដកខ្លួន​ចេញ​អូតង់​ទេនោះ។ អាមេរិក​ដែល​ផ្តល់​ថវិកា​ច្រើនគេ (ប្រមាណ​៦០០​លាន​ដុល្លារ) សម្រាប់​កញ្ចប់​ថវិកា​យោធា​របស់អូតង់ បាន​ទាមទារ​ឲ្យ​ប្រទេស​សមាជិក​ដទៃទៀត ដូចជា​បារាំង និង​អាល្លឺម៉ង់​ជាដើម ឲ្យ បង់​វិភាគទាន ប្រមាណ ២ភាគរយ​នៃ​ផលិត​ផលក្នុង​ស្រុក​សរុប​របស់ជាតិ ទៅ​ក្នុង​កេស​លុយ​របស់អូតង់ ទៅតាម​ការសន្យា​របស់ខ្លួន នៅ​ឆ្នាំ ២០១៤។

តាម​លោក​រិច ធីល័រសុន លោក​ដូណាល់ ត្រាំ នឹង​មាន​ជំហរ​តឹង ដាច់ណាត់​បំផុត នៅពេលលោក​ជួប​និយាយពីរឿងនេះ​ជាមួយ មេដឹកនាំ​ប្រទេស​សមាជិក​អូតង់ នៅក្នុង​កិច្ចប្រជុំ​ថ្ងៃនេះ។

អូតង់​យល់ព្រម​ចូលរួម​ក្នុង​សម្ព័ន្ធ​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត អង្គការ​រដ្ឋអ៊ីស្លាម
នៅ​ថ្ងៃ​ពុធ គឺ​នៅ​៤​ថ្ងៃ ក្រោយភេរវកម្ម សម្លាប់​មនុស្ស​២២​នាក់ នៅទីក្រុង​Manchester រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេស​សមាជិក​ទាំង​២៨​របស់អូតង់​បាន​សម្រេច​ព្រមព្រៀង​ឲ្យ​អូតង់​ចូលរួម​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ ដែល​ដឹកនាំ​ដោយ​អាមេរិក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់។ សម្រាប់​លោក​ Jens Stoltenberg អគ្គលេខាធិការ​របស់អង្គការ​អូតង់ ការចូលរួម​របស់​អូតង់​ក្នុង​សម្ព័ន្ធអន្តរជាតិ គឺ​ជា​សារ​នយោបាយ​សំខាន់ ដែល​បញ្ជាក់​ពីការរួបរួម​គ្នា ដើម្បី​ប្រឈម​នឹង​ការគំរាមកំហែង​របស់​ក្រុមភេរវនិយម។

អាមេរិក និង​​អង់គ្លេស បាន​ទាមទារ ចង់​ឲ្យ​អូតង់ ចូលរួម​ជា​សមាជិក​ពេញមុខ នៅក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី និងអ៊ីរ៉ាក់។ ប៉ុន្តែ បារាំង​បាន​ចេញមុខ​ប្រឆាំង។

បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី បាន​ចេញមុខ ជំទាស់​នឹង​ការទាមទារ​របស់​អង់គ្លេស និង អាមេរិក ដោយសារ​តែ​បារាំង​ខ្លាចបារម្ភ​ថា អន្តរាគមន៍ លូកដៃ​របស់​អូតង់ ទៅក្នុង​ប្រតិបត្តិការ​យោធា​នៅ​ស៊ីរី និងអ៊ីរ៉ាក់ នឹង​អាច​បង្ក​ឲ្យមាន​ផលរមាស់ ចលាចល និង​អនាធិបតេយ្យ នៅ​ដើមបូព៌ា ដូចដែល​អូតង់​កំពុង​បន្សល់ទុក នៅ​ប្រទេស​លីប៊ី។ នេះ​គេ​នៅមិនទាន់​និយាយ​ពី​អាហ្វហ្កានីស្ថាន ដែល​អូតង់ ក្រោម​ការផ្តួចផ្តើម​របស់​អាមេរិក​បាន​ចូលផុង​ខ្លួន ទៅក្នុង​សង្រ្គាម​រ៉ាំរ៉ៃ គ្មាន​ច្រក​ចេញផង។

តាម អគ្គលេខាធិការ​របស់អង្គការ​អូតង់ ការចូលរួម​របស់​អូតង់​មាន​លក្ខណៈ នយោបាយ និង​ជា​និមិត្តរូប ប៉ុន្តែ វា​មិនមែន​មានន័យ​ថា អូតង់​នឹង​មិន​ចូលរួម​ប្រយុទ្ធ ដោយ​ផ្ទាល់ នៅក្នុង​សមរភូមិ នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់​នោះទេ។ តាម​ប្រភព​មន្រ្តីទូត​មួយចំនួន នៅក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត អូតង់​នឹង​ផ្តល់​តែ​ជំនួយ ផ្នែក​ពិគ្រោះ​យុទ្ធសាស្រ្ត​យោធា ដែល​អូតង់​បាន​បទពិសោធន៍​ពីការធ្វើ​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន ហើយ​និង​ផ្តល់​ព័ត៌មាន​សម្ងាត់​ទៅ​ឲ្យ​ប្រទេស​ដៃគូ តែប៉ុណ្ណោះ។ ការចូលរួម​តែប៉ុណ្ណោះ គឺ​មិនឆ្លើយតប​នឹង​ការចង់​បាន​របស់អាមេរិក និង​អង់គ្លេស ដែល​តាមពិតទៅ ចង់​ឲ្យ​អូតង់​បញ្ជូន​យន្តហោះ​Awacs​ទៅ​យក​ការណ៍​បន្ថែម​នៅ​ស៊ីរី។

សព្វថ្ងៃនេះ ទោះបី​ជា​អូតង់​មិនទាន់​ចូល​ដោយ​ផ្ទាល់​ក្នុង​ប្រតិបត្តិការ​យោធា​របស់​សម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយអាមេរិក ប៉ុន្តែ រាល់​សមាជិក​ទាំង​២៨​របស់​អូតង់ គឺ​បាន​ចូលរួម រៀងៗខ្លួន​រួចហើយ ក្នុង​ក្របខ័ណ្ឌ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត ដូចជា​បណ្តុះបណ្តាល​យោធា អ៊ីរ៉ាក់ ​ជាដើម។

អូតង់​ចង់ធ្វើ​សម្បទាន​ជាមួយ​លោកដូណាល់ ត្រាំ ដែល​នៅ​មិនទាន់​បោះត្រា ទៅលើ​មាត្រា​ទី​៥​នៃ​សន្ធិសញ្ញា​អង្គការ​អូតង់
សមាជិក​របស់អូតង់ ជាពិសេស​បារាំង​បាន​ប្តូរ ជំហរ​ ដោយ​យល់ព្រម​ឲ្យ​អូតង់​ចូលរួម​ទាំងស្រុង​ក្នុង​សម្ព័ន្ធអន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក ទៅតាម​ការចង់បាន​របស់​លោកដូណាល់ ត្រាំ ដោយសារ​តែ​អូតង់​ចង់​ធ្វើ​សម្បទាន ជាថ្នូរ​នឹង​ការបញ្ជាក់​ជំហរ​របស់​អាមេរិក នៅលើ​មាត្រាទី ៥​នៃ​សន្ធិសញ្ញា​អង្គការ​អូតង់។ មាត្រា​នេះ​និយាយ​ពី​ការជួយ​គ្នា​ទៅវិញ ទៅមក​ក្នុង​ចំណោម​ប្រទេស សមាជិក​អូតង់ នៅក្នុង​ពេល​ប្រទេស​សមាជិក​ណាមួយ រង​ការវាយប្រហារ ឬ​រំលោភ​ឈ្លានពាន ពី​ប្រទេស​ខាងក្រៅ។

លោក​ដូណាល់ ត្រាំ ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​បង្អស់​ដែល​នៅ​រារែក មិនទាន់​និយាយ​អ្វី​ពី​មាត្រាទី៥ នៃ​សន្ធិសញ្ញា​អូតង់។

អាមេរិក​ជា​ប្រទេស​តែមួយ​ដំបូងគេ ដែល​បាន​ទទួល​ផល​ចំណេញ​ពី​មាត្រា ទី ៥​នេះ នៅក្រោយ​ពេល​អាមេរិក​រងការវាយប្រហារ​ភេរវកម្ម ១១​កញ្ញា ២០០១។ ប៉ុន្តែ សព្វថ្ងៃនេះ ប្រទេស​សមាជិក​អូតង់ នៅ​​អឺរ៉ុប ដែល​កំពុង​ខ្លាច​ការឈ្លានពាន​របស់​រុស្ស៊ី នៅក្រោយ​រុស្ស៊ី កាត់យក​ទឹកដី​គ្រីមេ​របស់អ៊ុយក្រែន បារម្ភ​ខ្លាចថា អាមេរិក​របស់លោកដូណាល់ ត្រាំ នឹង​ឈរឱបដៃ មិន​ជួយ​អន្តរាគមន៍ ការពារ​ពួកគេ នៅ​ពេល​មាន​ការវាយប្រហារ ឈ្លានពាន ពី​សត្រូវ​ពី​ខាងក្រៅ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ