ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អឺរ៉ុប

បារាំង​ផ្អាក​ដំណើរការ​ប្រតិករ​នុយក្លេអ៊ែរ ចំនួន ៣ នៅក្រោយ​គ្រោះរញ្ជួយដី

media  
តាមអាជ្ញាធរ​បារាំង រោងចក្រ​នុយក្លេអ៊ែរCruas មិនបាន​រងប៉ះពាល់​ដោយសារ​គ្រោះរញ្ជួយដី​កាលពីថ្ងៃចន្ទទី​១១​វិច្ឆិកា ២០១៩ ប៉ុន្តែ គេ​ត្រូវ​ផ្អាកបណ្តោះអាសន្ន​ប្រតិករ​៣​របស់រោងចក្រ​ដើម្បី​តាមដានពិនិត្យ​ល្អិតល្អន់ PHILIPPE DESMAZES / AFP

នៅក្រោយមានគ្រោះរញ្ជួយដី កម្រិត ៥,៤ មាត្រដ្ឋានរិចទែរ កាលពី​ថ្ងៃចន្ទ អាជ្ញាធរ​បារាំង​បាន​សម្រេច​ផ្អាកបណ្តោះអាសន្ន ប្រតិករ ចំនួន ៣ នៅ​រោងចក្រ​នុយក្លេអ៊ែរ គ្រុយអាស Cruas ក្នុង​ខេត្ត Ardèche ដែលស្ថិតនៅ ភាគខាងត្បូង​ប្រទេស​បារាំង។ គ្រោះ​រញ្ជួយដី កាលពី​ថ្ងៃ​ចន្ទ បាន​បណ្តាល​ផងដែរ​ឲ្យ​មនុស្ស​របួស ៤នាក់ ដែលនៅក្នុង​នោះ មាន​ម្នាក់​រង​របួសធ្ងន់។

 

នៅក្នុង​សន្នីសិទ​កាសែត ដែល​រៀបចំភ្លាមៗ នៅ​ក្រោយ គ្រោះរញ្ជួយដី កាលពីថ្ងៃ​ចន្ទ អាជ្ញាធរ​បារាំង ប្រចាំ​ខេត្ត​Ardèche បាន​អះអាង​ថា គ្រោះរញ្ជួយដី មិន​បាន​បង្កការខូចខាត នៅ​រោងចក្រ​នុយក្លេអ៊ែរ​Cruas នោះទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ គេ​ត្រូវ​ផ្អាក​ដំណើរការ​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ ចំនួន ៣ ជា​បណ្តោះអាសន្ន សិន ដើម្បី តាមដាន​ត្រួតពិនិត្យ ល្អិតល្អន់ ទៅតាម​ដំណើរការរក្សា​សុវត្ថិភាព និង​ការប្រុងប្រយ័ត្នខ្ពស់​របស់​ក្រុមហ៊ុន​អគ្គិសនី បារាំង EDF។

កាលពីថ្ងៃ​ចន្ទ គ្រោះរញ្ជួយ​ដី កម្រិត ៥,៤មាត្រដ្ឋាន រិចទែរ​បាន​កើតឡើង នៅភាគខាងត្បូង​ប្រទេស​បារាំង នៅចន្លោះ ចម្ងាយ ប្រមាណ ២០គីឡូម៉ែត្រ​ពី​រោងចក្រ​នុយក្លេអ៊ែរ Cruas ហើយ​និង ៣០គីឡូម៉ែត្រ​ពីរោងចក្រ​នុយក្លេអ៊ែរមួយទៀត គឺ Tricastin ដែល​ប្រមូលផ្តុំ​ទៅដោយ រោងចក្រ​នុយក្លេអ៊ែរ ហើយនិង រោងចក្រ​លាងសំអាត​បណ្តូលម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ។ ទីភ្នាក់ងារ​សុវត្ថិភាព​នុយក្លេអ៊ែរ បាន​អះអាងថា រោងចក្រនុយក្លេអ៊ែរ​ទាំងពីរខាងលើ​មិន​បាន​រងប៉ះពាល់ ដោយសារ​គ្រោះរញ្ជួយដី កាលពីថ្ងៃ​ចន្ទ ប៉ុន្តែ ទីភ្នាក់ងារ​បាន​ទាមទារ​រួចហើយ ឲ្យ​ក្រុមហ៊ុន​អគ្គិសនី​បារាំង EDF តាមដាន គន់គូរ​ពីផលប៉ះពាល់​ដោយសារ​គ្រោះរញ្ជួយដី​លើកនេះ។

នេះជាលើកទី១ នៅក្នុង​រយៈពេល ១៦ឆ្នាំ​ចុងក្រោយនេះ ដែល​ប្រទេស​បារាំង​ជួបគ្រោះរញ្ជួយដី។ ក្នុង​កម្រិត ៥,៤​មាត្រដ្ឋាន​រិចទែរ គ្រោះរញ្ជួយដី​ដែល​មានរយៈពេល តែ​៥វិនាទី បាន​រញ្ជួយ​ទៅ​ដល់​បណ្តា​ខេត្ត​ភាគខាងត្បូង​បារាំង ច្រើនទៀត ដូចជា លីយ៉ូង ក្រឺណូប្ល និង​សាំងអេទ្យែន​ជាដើម។

ថ្វីត្បិត​ថា គ្រោះរញ្ជួយដី កាលពីថ្ងៃ​ចន្ទ មាន​កម្រិតទាប ប៉ុន្តែ វា​បាន​បង្ក​ឲ្យ​មាន​អ្នករបួស៤នាក់ និង​ស្នាម​ប្រេះអគារ ខ្លះៗ នៅក្នុង​ខេត្ត Ardèche។ សម្រាប់​សកម្មជន​ទាមទារ​ឲ្យ​បារាំង ដើរចេញ ពី​នុយក្លេអ៊ែរ កម្រិត​រញ្ជួយដី កាលពីថ្ងៃ​ចន្ទ មាន​កម្រិតខ្ពស់​ជាង​ស្តង់ដារ ៥,២ ដែល​ក្រុមហ៊ុន​EDF បាន​កំណត់​ដើម្បី​អាច​សាងសង់​រោងចក្រ​អគ្គិសនី​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ។ ក្រុមប្រឆាំង​នុយក្លេអ៊ែរ​មួយក្រុមទៀត ដែល​មាន​ឈ្មោះថា Collectif antinucléair du Vaucluse បានសំដែង​ក្តីបារម្ភ ដោយសារថា ទីតាំង​រោងចក្រ​Tricastin សាងសង់ឡើង​នៅលើ​ស្នាមរញ្ជួយ​ដ៏សកម្ម។ ម្យ៉ាងទៀត ដោយសារ​ស្ថិតនៅ​ក្បែរ​ព្រែកជីក និង​លាតសន្ធឹង​លើ​ផ្ទៃដី ៦១៥​ហិចតា ​រោងចក្រ​នុយក្លេអ៊ែរ​Tricastin​គឺ​ជារោងចក្រ​នុយក្លេអ៊ែរ ដ៏គ្រោះថ្នាក់​បំផុត​នៅអឺរ៉ុប។ ក្រុម​ប្រឆាំង​នុយក្លេអ៊ែរ​បាន​ទាមទារ​ឲ្យ​គេ​បិទជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ រោងចក្រ​នុយក្លេអ៊ែរ Tricastin ប៉ុន្តែ សម្រាប់​ទីភ្នាក់ងារ​សុវត្ថិភាព​នុយក្លេអ៊ែរ រោងចក្រ​Tricastin នៅបន្ត​ដំណើរការ​ដដែល ដោយសារ​គ្មានសញ្ញា​រងប៉ះពាល់​ដោយសារ​គ្រោះរញ្ជួយ​ដី កាលពីថ្ងៃចន្ទ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ