អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

រុស្ស៊ី​ប្រកាស​ពី​បំណង​ចង់​សាងសង់​ស្ថានីយ​អវកាស​ថ្មី​ជាមួយ​ក្រុមហ៊ុន​អាមេរិក​ណាហ្សា

នៅ​ថ្ងៃ​សៅរ៍ ទី២៨ មីនា ប្រទេស​រុស្ស៊ី​បាន​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​របស់​ខ្លួន​ចង់​សាងសង់​ស្ថានីយអវកាស​ថ្មី​ដោយ​សហការណ៍​ជាមួយ​ក្រុមហ៊ុន​អវកាស​ណាហ្សា។ បំណង​នៃ​ការ​ស្ថានីយអវកាស​ថ្មី​នោះ គឺ​ដើម្បី​យក​ទៅ​ជំនួស​ស្ថានីយអវកាស​អន្តរជាតិ ISS ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​នៅ​ឆ្នំា ២០២៤។ គួរ​រម្លឹក​ជូន​ថា ស្ថានីយអវកាស​អន្តរជាតិ ISS បាន​បញ្ជូន​ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី​តំាង​ពី​ឆ្នំា ១៩៩៨ និង​ដែល​រុស្ស៊ី និង​អាមេរិក​ជា​អ្នក​ចាយលុយ​ច្រើន​ជាង​គេ។

អវកាសយានិក​ចេញ​ពី​យានអវកាស​អន្តរជាតិ ISS
អវកាសយានិក​ចេញ​ពី​យានអវកាស​អន្តរជាតិ ISS Reprodução NASA
ផ្សាយពាណិជ្ជកម្ម

ដំណឹង​នៃ​គម្រោង​សាងសង់​ស្ថានីយអវកាស​ថ្មី​ដើម្បី​ជំនួស​ស្ថានីយអវកាស​អន្តរជាតិ ISS នៅ​ក្រោយ​ឆ្នំា ២០២៤ ត្រូវ​បាន​ប្រកាស​ដោយ​លោក​នាយក​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Igor Komarov និង​អាមេរិកំាង​លោក Charles Bolden។ យោង​តាម​លោក Komarov អនាគត​ស្ថានីយអវកាស​ថ្មី​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​អវកាស​រុស្ស៊ី Roscomos និង​ក្រុមហ៊ុន​អវកាស​អាមេរិកំាង NASA។ លោក Komarov បាន​បន្ថែម​ថា លោក និង​លោក Bolden បាន​ព្រមព្រៀង​គ្នា​ថា ក្រុមប្រទេស​ដែល​កំពុង​មាន​ភាគហ៊ុន​នៅ​ក្នុង​ស្ថានីយអវកាស​អន្តរជាតិ ISS បច្ចុប្បន្ន និង​បណ្តា​ប្រទេស​ថ្មី​ក៏​អាច​ដាក់​បេក្ខភាព​ចូលរួម​នៅ​ក្នុង​គម្រោង​សាងសង់​ស្ថានីយអវកាស​ថ្មី​នា​ពេល​ខាង​មុខ​ដែរ។

ថ្មីៗ​នេះ រុស្ស៊ី និង​ណាហ្សា​បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​ចំណាយ​ធ្វើ​អាជីវកម្ម​លើ​ស្ថានីយអវកាស​អន្តរជាតិ ISS រហូត​ដល់​ឆ្នំា ២០២៤។ តែ​លោក Komarov បាន​បញ្ជាក់​ថា ក្រុមហ៊ុន​អវកាស​រុស្ស៊ី Roscomos និង​ក្រុមហ៊ុន​អវកាស​អាមេរិកំាង NASA ក៏​មិន​បាន​ទាត់ចោល​ពី​គម្រោង​បន្ត​ជីវិត​ស្ថានីយអវកាស​អន្តរជាតិ ISS នៅ​ក្រោយ​ឆ្នំា ២០២៤ ដែរ។ គួរ​ជម្រាប​ជូន​ថា​នា​ពេល​កន្លង​មក រុស្ស៊ី​ធ្លាប់​បាន​គំរាម​ដក​ខ្លួន​ចេញ​ពី​ការ​រួម​សហការណ៍​នៅ​ក្នុង​ស្ថានីយអវកាស​អន្តរជាតិ​ចាប់​ពី​ឆ្នំា ២០២០ ដោយ​បែរ​ទៅ​សាងសង់​ស្ថានីយអវកាស​ដាច់​ដោយ​ឡែក​របស់​ខ្លួន​វិញ។ តែ​លោក Dmitri Rogozine ឧបនាយករដ្ឋមន្រ្តី​រុស្ស៊ី​ទទួល​បន្ទុក​សំណុំរឿង​អវកាស​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​មាន​ការ​ប្រយ័ត្នប្រយែង​ជាង​លោក Komarov។

លោក Rogozine បាន​អះអាង​ថា រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​នឹង​ធ្វើ​ការ​សិក្សា​លើ​លទ្ធផល​នៃ​ការ​ចរចា​រវាង​ក្រុមហ៊ុន​អវកាស​រុស្ស៊ី Roscomos និង​ក្រុមហ៊ុន​អវកាស​អាមេរិកំាង NASA ឲ្យ​ល្អិត​ជា​មុន​សិន មុន​នឹង​សម្រេចចិត្ត​នៅ​ពេល​ក្រោយ។ ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ថា បើ​គេ​ពិនិត្យ​មើល​លើ​ស្ថានការណ៍​ដែល​កំពុង​កើត​មាន​នៅ​អ៊ុយក្រែន​សព្វថ្ងៃ កិច្ចសហប្រតិបត្តិការ​រវាង​អាមេរិក និង​រុស្ស៊ី​ក្នុង​ការ​សាងសង់​ស្ថានីយអវកាស​ថ្មី​ហាក់​ដូច​ជា​ពិបាក​បន្តិច។ តែ​​គេ​ក៏​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា មាន​តែ​​ក្នុង​វិស័យ​អវកាស​មួយ​ទេ​ដែល​រុស្ស៊ី និង​អាមេរិក​​រួម​សហការណ៍​​គ្នា​បាន​ល្អ​ណាស់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ