អានតួអត្ថបទ
កម្ពុជា-សង្គម

កម្មកររោងចក្រស្តារឡៃស៍ ត្រៀមចេញតវ៉ាទៀត បើថៅកែមិនដោះស្រាយវិវាទការងារដែលនៅសេសសល់

 កម្មកររោងចក្រកាត់ដេរស្តារឡៃស៍អឹភៃរឹលអះអាងថា ពួកគេនឹងរក្សាជំហរតវ៉ា ដរាបណាភាគីរោងចក្រចេញមកដោះស្រាយវិវាទការងារ និងយល់ព្រមដកតំណែងអ្នកគ្រប់គ្រងបច្ចុប្បន្នចេញ។ ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីថៅកែក្រុមហ៊ុនបានព្យូរ និងបញ្ឈប់ការងាររបស់កម្មករនិយោជិកជាង៣០០នាក់ និងបានបដិសេធការដកអ្នកគ្រប់គ្រងរោងចក្រតាមការទាមទាររបស់កម្មករ។ បើតាមក្រុមកម្មករ ដើម្បីបញ្ចប់វិវាទការងារនេះបានឆាប់ ល្គិកណាភាគីរោងចក្រយល់ព្រមនូវការទាមទារចំណុចខាងលើ។

កម្មកររោងចក្រកាត់ដេរស្តារឡៃស៍អឹភៃរឹលអះអាងថា ពួកគេនឹងរក្សជំហរតវ៉ា ដរាបណាភាគីរោងចក្រចេញមកដោះស្រាយវិវាទការងារ និងយល់ព្រមដកតំណែងអ្នកគ្រប់គ្រងបច្ចុប្បន្នចេញ។
កម្មកររោងចក្រកាត់ដេរស្តារឡៃស៍អឹភៃរឹលអះអាងថា ពួកគេនឹងរក្សជំហរតវ៉ា ដរាបណាភាគីរោងចក្រចេញមកដោះស្រាយវិវាទការងារ និងយល់ព្រមដកតំណែងអ្នកគ្រប់គ្រងបច្ចុប្បន្នចេញ។ © Internet
ផ្សាយពាណិជ្ជកម្ម

វិវាទការងាររបស់កម្មកររោងចក្រកាត់ដេរ ស្តារឡៃស៍អឹភែរឹល (Starlight Apparel) បានអូសបន្លាយពេលជិតមួយខែ បន្ទាប់ពីភាគីរោងចក្របានព្យូរ និងបញ្ឈប់ការងាររបស់កម្មករជាង៣០០នាក់ ដោយមិនបានទូទាត់ប្រាក់កិច្ចសន្យាការងារឱ្យបានត្រឹមត្រូវ។ អ្នកស្រី អិន គឹមលាង ជាកម្មកររោងចក្រស្តារឡៃស៍បានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិRFIថា បច្ចុប្បន្នកម្មករបានវិលចូលធ្វើការឡើងវិញ និងរង់ចាំការដំណោះស្រាយជាមួយថៅកែរោងចក្រ។

នៅទន្ទឹមនឹងការរង់ចាំដំណោះស្រាយ អ្នកស្រី គឹម លាងថា កម្មករនៅបន្តទាមទារនូវលក្ខខណ្ឌមួយចំណុចទៀតដែលនោះគឺ មិនតម្រូវឱ្យភាគីរោងចក្រ ព្យួរ​ការងារ​ស្ត្រី​មាន​ផ្ទៃពោះ និង​ថ្នាក់​ដឹកនាំ​សហជីព ហើយត្រូវដោះស្រាយការ​ទូទាត់​ប្រាក់​សំណង​ឱ្យស្របតាម​ច្បាប់​ស្ដីពី​ការងារ​ ព្រមទាំង​ស្នើ​ឱ្យ​ដក​ប្រធាន​គ្រប់គ្រង​ឈ្មោះម៉េង សុជាតិ ​និងប្រធានរដ្ឋបាលលោក ស៊ុន វាសនាចេញពីការងារ បន្ទាប់ពីអ្នកទាំងពីរបានគេងកម្លាំងពលកម្មរបស់កម្មករ និងគៀបសង្កត់សិទ្ធិកម្មករ។

បើតាមអ្នកស្រី អិន គឹមលាង ប្រសិនបើចំណុចនេះ ភាគីថៅកែមិនយល់ព្រម និងមិនបានដោះស្រាយជូនទេ នោះកម្មករទាំងអស់នឹងបន្តចេញតវ៉ា ហើយនឹងរៀបចំញត្តិដាក់ទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធបន្តទៀត

ជុំវិញរឿងនេះ​ អនុប្រធានសហជីពអំណាចយុវជនកម្ពុជា លោក រស់ សំបូរបានថ្លែងថា ស្ថានភាពវិវាទការងារត្រូវបានដោះស្រាយជាបន្តបន្ទាប់ ខណៈភាគីក្រសួងការងារបានសម្រុះសម្រួលឱ្យតំណាងសហជីព និងតំណាងរោងចក្រ ងាកមកដោះស្រាយគ្នាជាលក្ខណៈផ្ទៃក្នុងនៅចំណុចដែលមិនទាន់ឯកភាព។

ចំណុចដែលមិនទាន់ឯកភាពគ្នានោះ លោក សំបូរបញ្ជាក់ថា គឺការទាមទារឱ្យក្រុមហ៊ុនដកអ្នកគ្រប់គ្រងរោងចក្រ និងប្រធានរដ្ឋបាល ដោយភាគីរោងចក្របដិសេធមិនទទួលយក ហើយខាងក្រសួងតម្រូវឱ្យភាគីទាំងពីរយកមកចរចារបែបផ្ទៃក្នុងវិញ។

បើផ្អែកតាមលទ្ធភាពនៃកិច្ចប្រជុំជាមួយក្រសួងការងារ ភាគីនិយោជកបានយល់ព្រមមិនស្នើសុំព្យូរកិច្ចសន្យាការងារកម្មករក្នុងអំឡុងពេលធ្វើកូដកម្មនោះទេ ហើយភាគីថៅកែសន្យាផ្តល់ប្រាក់រង្វាន់ធ្វើការទៀងទាត់៧ដុល្លារសម្រាប់ខែឧសភា ចំពោះបុគ្គលិកដែលវិលចូលធ្វើការវិញកាលពីថ្ងៃទី១៩ ខែមិថុនា​។ ដោយឡែក ការវិលចូលធ្វើការវិញរបស់កម្មករ ក្រុមហ៊ុនអះអាងថា នឹងមិនមានការគុំគួន ឬរើសអើងឡើយ។

នៅចំពោះមុខការបញ្ជាក់ពីភាគីនិយោជក កម្មករព្រួយបារម្ភថា ការលើកឡើងរបស់ថៅកែបានតែមួយពេល ពីព្រោះពួកគេយល់ថា កម្មករដែលបានចេញតវ៉ាជាង៣០០០ពាន់នាក់នាពេលកន្លងមក អាចប្រឈមនឹងការព្យូរកិច្ចសន្យាការងារ។

សូមជម្រាបថា រោងចក្រស្តារឡៃស៍អឹភែរឹលមានទីតាំងស្ថិតនៅក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល និងមាន​កម្មករ​សរុប​ជាង ៤​ពាន់​នាក់ ក្នុង​នោះ​ជាង​ ៣០០០​នាក់បានវិល​ធ្វើ​ការវិញ ហើយ​ជាង ៣០០​រយនាក់​ផ្សេង​ទៀត ត្រូវ​បាន​បញ្ឈប់​ពី​ការងារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ