អានតួអត្ថបទ
សមុទ្រចិនខាងត្បូង

ចិន​កំពុង​រៀប​គម្រោង​សង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នៅ​សមុទ្រ​ចិន​ខាងត្បូង

រដ្ឋាភិបាល​ចិន​កំពុងតែរៀបចំ​គម្រោងជិតរួចរាល់ហើយ ក្នុងការ​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ នៅ​ក្នុង​តំបន់​ជាប់ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​បើ​យោងតាម​ការ​ចុះផ្សាយ​របស់​កាសែតរដ្ឋ កាល​ពីថ្ងៃ​សុក្រ។ ក៏ប៉ុន្តែ ក្រសួង​ការបរទេស​ចិន​វិញ​បាន​អះអាង​ថា​ខ្លួន​មិនបាន​ដឹង​អំពី​គម្រោង​នេះទេ។

ទីប្រជុំកោះParacel និង Spratly ក្នុងសមុទ្រចិនខាងត្បូង ដែល​កំពុង​ជាប់ជម្លោះ រវាង​ចិន និងប្រទេស​ក្នុង​តំបន់​អាស៊ាន
ទីប្រជុំកោះParacel និង Spratly ក្នុងសមុទ្រចិនខាងត្បូង ដែល​កំពុង​ជាប់ជម្លោះ រវាង​ចិន និងប្រទេស​ក្នុង​តំបន់​អាស៊ាន @RFI
ផ្សាយពាណិជ្ជកម្ម

កាសែត The Global Times ដែល​ជា​កាសែត​ផ្លូវការ​​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ចុះផ្សាយ​នៅថ្ងៃ​សុក្រ​ថា រោងចក្រ​អគ្គិសនី​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ ដែល​ចិន​កំពុង​រៀបចំ​សាងសង់​នេះ គឺ​ជា​ប្រភេទ​រោងចក្រ​នុយក្លេអ៊ែរ​​បណ្តែតលើ​ទឹក ដែល​អាច​ចល័ត​​ទៅកាន់​តំបន់​ដាច់ស្រយាល ដើម្បី​ផ្តល់​ថាមពល​អគ្គិសនី ទៅ​គ្រប់ទីកន្លែង នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

ក៏ប៉ុន្តែ មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​វិញ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ខ្លួន​មិនដែល​បាន​ឮ​អំពី​គម្រោង ដូចដែល​ចុះផ្សាយក្នុង​បណ្តាញ​សារព័ត៌មាន​ខាងលើ​នេះ​ទេ។ ទោះជាយ៉ាងណា មន្រ្តី​អ្នក​នាំពាក្យ​រូបនេះ​ក៏​មិនបាន​បដិសេធ​ទាំងស្រុង​ថា​គ្មាន​គម្រោង​បែបនេះ​នោះដែរ។

តាមការពិត កាល​ពីខែមករា​កន្លងទៅ នាយក​អាជ្ញាធរ​ថាមពល​នុយក្លេអ៊ែរ​របស់​ចិន​ក៏​ធ្លាប់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ម្តង​ដែរ​ អំពី​ផែនការ​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​បណ្តែត​ទឹក គ្រាន់តែ​មិន​បាន​បញ្ជាក់​​ថា រោងចក្រ​នុយក្លេអ៊ែរ​នេះ​សាងសង់​ឡើង ដើម្បី​យក​ទៅ​ប្រើ​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

យោងតាម​កាសែត The Global Times ដែល​ដកស្រង់​សម្តី​មន្រ្តី​ជំនាញ​ខាង​​ជើងទឹក​របស់​ចិន រោងចក្រ​នុយក្លេអ៊ែរ​បណ្តែតទឹកនេះ​សាងសង់ឡើង ដើម្បី​ផ្គត់ផ្គង់​ចរន្ត​អគ្គិសនី ដល់​ហេដ្ឋា​រចនាសម្ព័ន្ធ​មួយ​ចំនួន ក្នុងនោះ រាប់ទាំង​ហ្វាចង្អុលផ្លូវ​នាវា ព្រលាន​យន្តហោះ កំពង់ផែ ក៏ដូចជា ទីតាំង​យោធា​ផ្សេងទៀត ដែល​រដ្ឋាភិបាល​ចិន​បាន​សាងសង់​ឡើង នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

គួរបញ្ជាក់ថា ការ​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​បណ្តែតទឹកនេះ​មិនមែន​ជា​រឿង​ថ្មី​នោះទេ។ កាលពី​ពេល​កន្លងទៅ សហរដ្ឋ​អាមេរិក​ក៏​ធ្លាប់​ប្រើ​រោងចក្រ​នុយក្លេអ៊ែរ​បណ្តែតទឹក​បែបនេះ ដើម្បី​ផ្តត់ផ្គង់​អគ្គិសនី​ដល់​ទីតាំង​ស៊ីវិល ឬ​យោធា​របស់ខ្លួន ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ឯ​ទីសមុទ្រ ឆ្ងាយ​ពី​ទឹកដី​របស់​អាមេរិក។

អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍ សម្រាប់​គម្រោង​របស់​ចិន គឺ​ការ​ចល័ត​រោងចក្រ​នុយក្លេអ៊ែរ​នេះ​ទៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​កំពុង​ជាប់ជម្លោះ​យ៉ាងក្តៅ​គគុក​ជាមួយ​នឹង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ